អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រដ្ឋញូយ៉ក គឺ​ជា​សមរភូមិ​ប្រយុទ្ធ​របស់​បេក្ខជន​ប្រធានាធិបតី​​ប្រចាំ​គណបក្ស

លោក Donald Trump និង​លោក Hillary Clinton.
លោក Donald Trump និង​លោក Hillary Clinton. PHOTO DESK / AFP
ដោយ៖ បូលីន ដាវីដ

បច្ចុប្បន្ន​នេះ​ បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណក្ស​សាធារណរដ្ឋ​កំពុង​ដឹកនាំ​យុទ្ធនាការ​យ៉ាង​សកម្ម​នៅ​រដ្ឋ​ញូយ៉ក។​ ការ​បោះឆ្នោត​នៅ​រដ្ឋ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ មេសា​ខាង​មុខ​នេះ​។​ ជា​ធម្មតា​ កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នៅ​ទឹកដី​នេះ​ គឺ​ធ្វើ​ឡើង​ក្រោយ​គេ​បង្អស់​ ដើម្បី​ទុក​ពេល​អោយ​សាធារណជន​ចង់​តាមដាន​បន្ត​ ​និង​កាន់​តែ​ជក់​ចិត្ត​ថែម​ទៀត។​ហើយ​ វា​ក៏​ជា​ការ​បោះឆ្នោត​ដ៏​ធំជាង​គេ​បង្អស់​ ដោយសារ​តែ​នៅ​ទីក្រុង​ញូយ៉ក​ក៏​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ទឹកដី​នៃ​រដ្ឋ​មាន​ឈ្មោះ​ដូច​គ្នា​នេះ​ផង​ដែរ។​ បេក្ខជន​៣នាក់​កំពុង​ដឹកនាំ​យុទ្ធនាការ​យ៉ាងលេច​ធ្លោ​នៅ​ក្នុង​រដ្ឋ​នេះ ​ព្រោះ​ពួក​គេ​ស្គាល់​រដ្ឋ​នេះ​ច្បាស់​ដូច​បាត​ដៃ។

ផ្សាយពាណិជ្ជកម្ម

ទោះបី​ជា​សល់​ជាង​មួយ​សប្តាហ៍​ទៀត​ទើប​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​ញូយ៉ក​ ​ប៉ុន្តែ​បណ្តា​បេក្ខជន​នៅ​តាម​គណបក្ស​នីមួយៗ​បាន​ដឹកនាំ​យុទ្ធនាការ​ឃោសនា​ ចាប់​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​មក​ម្ល៉េះ។​ ព្រម​ពេល​ជាមួយ​គ្នា​នេះ សង្គ្រាម​ពាក្យ​សម្តី​រវាង​បេក្ខជន​ក៏​កំពុង​ឆ្លើយ​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។​ បន្ទាប់​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ ញូយ៉ក​ គឺ​ជា​រដ្ឋ​សំខាន់​មួយ​សំរាប់​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ផ្លូវ​ការ​តំណាង​បក្ស។ ​ចំនុច​សំខាន់​ គឺ​ចំនួន​ប្រតិភូ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ប្រចាំ​រដ្ឋ​នេះ​ ដែល​បេក្ខជន​ម្នាក់ៗ​ត្រូវ​ដណ្តើម​យក​ឲ្យ​បាន។ សំរាប់​គណបក្ស​ប្រជាធិបតេយ្យ​ ចំនួន​ប្រតិភូ​ គឺ​ចំនួន ២១៩ នាក់​ ហើយ​​គណបក្ស​សាធារណរដ្ឋ​ គឺ​មាន​ចំនួន ៩៥ នាក់​។

អ្វី​ដែល​សំខាន់​សំរាប់​ទឹកដី​ញ៉ូវ​យក​ គឺ​មាន​បេក្ខជន​បី​រូប​ដែល​ធ្លាប់​រស់​នៅ​ និង​ស្គាល់​ទីក្រុង​ញូយ៉ក​ច្បាស់​ដូច​ថ្ងៃ​តែ​ម្តង។ គណបក្ស​ប្រជាធិបតេយ្យ​ គឺ​លោកស្រី​ Hillary Clinton​។ លោកស្រី​ធ្លាប់​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ញូយ៉ក​នេះ​ស្រាប់​តែ​ម្តង​ ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ២០០៩​។ ហើយ​លោកស្រី​ក៏​មាន​គេហដ្ឋាន​មួយ​កន្លែង​នៅ​ខាង​ជើង​ទីក្រុង​ញូយ៉ក​ផងដែរ​។​ កាល​ពី​សប្តាហ៍​មុន​ អតីត​ស្រ្តី​ទីមួយ​អាមេរិក​រូប​នេះ​បាន​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​រោង​ល្ខោន​ Appolo នៅ​ក្នុង​សង្កាត់​ Harlem។

ក្រុម​ការងារ​ដឹកនាំ​យុទ្ធនាការ​បោះឆ្នោត​របស់​លោកស្រី​បាន​ជ្រើស​រើស​ទីកន្លែង​នេះ​ ​ព្រោះ​វា​ជា​ និមិត្ត​រូប​ដ៏​ជ្រាល​ជ្រៅ​មួយ។​ តាមពិត​ទៅ​ រោង​ល្ខោន​ Appolo គឺ ជា​ទីតាំង​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់​មួយ​នៃ​ការ​រីក​លូតលាស់​តន្ត្រី​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។ ​មូល​ហេតុ​ដែល​លោកស្រី​ Hillary Clinton​ ជ្រើស​រើស​សង្កាត់​ Harlem​ នេះ​ធ្វើ​ជា​ទីតាំង​យុទ្ធសាស្រ្ត​ ព្រោះ​លោកស្រី​ចង់​ទាក់​ទាញ​សំលេង​​សហគមន៍​ជាតិ​សាសន៍​ចម្រុះ​នានា​​ ជាពិសេស​ គឺ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​តែ​ម្តង។ នៅ​ក្នុង​សាល​ពោរពេញ​ដោយ​អ្នក​គាំទ្រ​គ្រប់វ័យ​ លោកស្រី​ Hillary Clinton​ បាន​រំលឹក​ពី​អតីតកាល​របស់​លោកស្រី​ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ញូយ៉ក។

លោកស្រី​ក៏​មិន​ភ្លេច​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋ​មួយ​នេះ​ ដែល​បាន​ផ្តល់​ឱកាស​ជូន​លោកស្រី​ក្នុង​ជីវិត​ជា​អ្នក​នយោបាយ។ ​លើស​ពីនេះ​ លោកស្រី​ក៏​បាន​ឆ្លៀត​បរិហារ​គូ​ប្រជែង​ គឺ​លោក​ Bernie Sanders ថា​ជា​អ្នក​សន្យា​ខ្យល់​ ព្រោះ​គំនិត​របស់​លោក​ Sanders ​មិន​អាច​សម្រេច​ទៅ​ជា​លទ្ធផល​ជាក់​ស្តែង​បាន​ឡើយ។​ ព្រម​ជាមួយ​គ្នា​នេះ​ផងដែរ​ លោក​ស្រី​បាន​ចោទ​លោក​ Donald Trump ថា​ជា​អ្នក​បំបែក​បំបាក់​ប្រទេស បំបែក​បំបាក់​ពលរដ្ឋ​អាមេរិក។ ចំណែក​បេក្ខជន​ប្រជាធិបតេយ្យ​ គឺ​លោក Bernie Sanders ​បេក្ខជន​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​សង្កាត់​ Bronx ​ ដែល​ជា​សង្កាត់​ក្រីក្រ​មួយ​នៅ​ទីក្រុង​ញូយ៉ក។

នៅ​ទីនោះ​ ​លោក​បាន​ជួប​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​ចំនួន​ ១៥ ០០០ នាក់។ ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​គាំទ្រ​ ក្រុម​យុវជន​បានស្រែក​​ច្រៀង​ឈ្មោះ​លោក​ Sanders​ ដើម្បី​ស្វាគមន៍។ ​គេ​ឃើញ​ក្រុម​អ្នក​គាំទ្រ​មក​ពី​សហគមន៍​ចម្រុះ​ជាតិ​សាសន៍​ គឺមាន​ទាំង​ពួក​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ ពួក​អ្នក​និយាយ​ភាសា​អេស្ប៉ាញ​ និង​ពួក​ស្បែក​ស។ មុន​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Vermont ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ​លោក​ Bernie Sanders ​មាន​កំណើត​នៅ​សង្កាត់​ Brooklyn ក្រុង​ញូវយ៉ក​។ មាន​ប្រភព​ចេញ​មក​ពី​គ្រួសារ​ក្រីក្រ​មួយ​ លោក​មាន​ឳពុក​ជា​ជន​អន្តោប្រវេសន៍​ជនជាតិ​ប៉ូឡូញ​ដើម​កំណើត​ជ្វីស។ លោក​ Bernie Sanders បានរស់​នៅ​ និង​ ធំដឹង​ក្តី​ក្នុង​កូន​ផ្ទះ​ល្វែង​ដ៏​សាមញ្ញ​មួយ ដែល​មាន​បី​បន្ទប់។

នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ អ្នក​នយោបាយ​​អាយុ​ ៧៤ ឆ្នាំ​រូប​នេះ​បាន​រំលឹក​ពី​ភាព​ក្រកី​នៅ​ក្នុង​សង្កាត់​កុមារ​ភាព​របស់​គាត់។​ លោក​បាន​ប្រកាស​រក្សា​ជំហរ​ដដែល​ ក្នុង​នាម​ជា​បេក្ខជន​ត្រៀម​ធ្វើ​បដិវត្តន៍​សង្គម ​ដើម្បី​យុត្តិធម៌​សង្គម​ និង​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​អាមេរិក។ លោក​បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ថា​ ប្រសិន​លោក​ឈ្នះ​រដ្ឋ​ញូយ៉ក​ លោក​នឹង​បោះ​ជំហាន​ទៅ​មុខ​រហូត​ដល់​សេតវិមាន​តែ​ម្តង។ ងាក​មក​មើល​បេក្ខជន​ ខាង​គណបក្ស​សាធារណរដ្ឋ​វិញ​ម្តង។​ មហា​សេដ្ឋី​អចលនទ្រព្យ​ Donald Trump​ មាន​កំណើត​នៅ​សង្កាត់​ Queens ក្រុង​ញូយ៉ក។

លោក​​ Trump​ រក​ស៊ី​មាន​បាន​ និង​ជា​ម្ចាស់​អាគារ​ជា​ច្រើន​កន្លែង​​នៅ​សង្កាត់​ Manhattan។​ កាល​ពី​ចុង​សប្តាហ៍​នេះ​ លោក​បាន​ទៅ​បូជនីយ​ដ្ឋាន​គោរព​វិញ្ញាណក្ខន្ធ​សាកសព​ជន​រង​គ្រោះព្រឹត្តិការណ៍​ភេរវកម្ម​ថ្ងៃ​ទី ១១ កញ្ញា។ លោក​ Trump ក៏​បាន​បរិច្ចាក​ថវិកា​ចំនួន​ ១ សែន​ដុល្លារ​ដល់​សារមន្ទីរ​នេះ​ផងដែរ។ បេក្ខជន​ដ៏​ចម្រូង​ចម្រាស់​រូប​នេះ​បាន​ពន្យល់​ថា​ ការ​បរិច្ចាក​នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ «ពាក្យ​ពេចន៍​ប្រមាថ​មើល​ងាយ​ចំពោះ​តម្លៃ​ក្រុង​ញូយ៉ក និង​អ្នក​រស់នៅ​ទីក្រុង​នេះ» របស់​គូប្រជែង​ គឺលោក​ Ted Cruz។ សូម​រំលឹក​ថា​ ក្នុង​កំឡុង​កិច្ច​ពិភាក្សា​បេក្ខជន​កាលពី​ខែ​មីនា​កន្លង​ទៅ​នេះ​ លោក​ Ted Cruz​ ធ្លាប់​បាន​រិះគន់​តម្លៃ​សីលធម៌​ក្រុង​ញូយ៉ក​ថា​មិន​បាន​គោរព​ទៅ​តាម​គោលការណ៍​គ្រឹស្តសាសនា។

បេក្ខជន​មហា​អភិរក្ស​និយម​រូប​នេះ​ក៏​បាន​រិះគន់​គូបដិបក្ខ​ គឺ​លោក​ Donald Trump​ ថា​ជា​ជន​ឆ្វេង​និយម​ និង​កំណែ​ទម្រង់​និយម​ ដែល​មិន​តំណាង​ឲ្យ​តំលៃ​អភិរក្ស​និយម​របស់​គណបក្ស​សាធារណរដ្ឋ​ឡើយ។ បើ​យោង​តាម​ការ​ស្ទង់​មតិ​របស់​ក្រុមហ៊ុន​ Quinnipiac លោកស្រី​ Hillary Clinton​ ទំនង​អាច​ទទួល​សំលេង​គាំទ្រ​ ៥៤% ខណៈ​ពេល​ដែល​លោក​ Bernie ​Sanders ទំនង​អាច​ទទួល​បាន​តែ​ ៤២%​ ប៉ុណ្ណោះ។ ខាង​បេក្ខជន​សាធារណរដ្ឋវិញ​​ លោក​ Donald Trump​ ទំនង​អាច​ទទួល​បាន​សំលេង ​គាំទ្រ​ ៥៦%​ ដឹក​មុខ​គូ​ប្រជែង​គឺ​ លោក​​ Ted Cruz ដែល​អាច​ទទួល​បាន​ ២០%​ និង​លោក​ John Kasich​ ដែល​អាច​ទទួល​បាន​ ១៩%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ