ប៊ែលហ្ស៊ិក

រដ្ឋាភិបាល​ថ្មី​ប៊ែលហ្ស៊ិក​ស្បថ​ចូល​កាន់​តំណែង​ ក្រោម​ពាក្យ​រិះគន់

សមាសភាព​រដ្ឋាភិបាល​ថ្មី​របស់​ប៊ែលហ្ស៊ិក​ ដែលលោក​​Charles Michel នៅឈរ​កណ្តាល​ជា​នាយក​រដ្ឋមន្ត្រី
សមាសភាព​រដ្ឋាភិបាល​ថ្មី​របស់​ប៊ែលហ្ស៊ិក​ ដែលលោក​​Charles Michel នៅឈរ​កណ្តាល​ជា​នាយក​រដ្ឋមន្ត្រី REUTERS/Francois Lenoir

ជាង​៤ខែ​បន្ទាប់​ពី​មាន​ការ​ចរចារ​គ្នា រវាង​គណៈបក្ស​សំខាន់ៗ​នៅ​ប្រទេស​ប៊ែលហ្ស៊ិក ទី​បំផុត សមាសភាព​រដ្ឋាភិបាល​ថ្មីមួយ​ បាន​ស្បថ​ចូល​កាន់​តំណែង នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១១ តុលា។ រដ្ឋាភិបាល​ប៊ែលហ្ស៊ិក​ថ្មី​នេះ មាន​លោក Charles Michel ជា​នាយក​រដ្ឋមន្រី្ត​ មកពី​គណៈបក្ស​និយម​ភាសា​បារាំង។ ទោះ​ជា​យ៉ាងណា មាន​មតិ​រិះគន់​ជាច្រើន​ថា រដ្ឋាភិបាល​នេះ គ្រាន់តែ​ជា​អាយ៉ង​របស់​ពួក​គណៈបក្ស​ និយម​ភាសា​ហូឡង់​តែ​ប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ប៊ែលហ្ស៊ិក​ចែក​ជា​ពីរ​តំបន់​ធំៗ​ ដាច់ពីគ្នា។ តំបន់​ភាគ​ខាង​ជើង គឺ​ជា​តំបន់​ដែល​នៅ​ជាប់​ប្រទេស​ហូឡង់ ហើយ​ប្រជាជន​នៅ​តំបន់​នោះ និយាយ​ភាសា​ហូឡង់ និង​មាន​ទំនៀម​ទំលាប់​ រស់នៅ​ដូច​ជនជាតិ​ហូឡង់។ ចំណែក​នៅ​ភាគ​ខាងត្បូង​វិញ ជា​តំបន់​ដែល​នៅ​ជាប់​ប្រទេស​បារាំង ដែល​មាន​ប្រជាជន​ភាគ​ច្រើន និយាយ​ភាសា​បារាំង។ កន្លង​មក ការ​ប្រទាញ​ប្រទង់​គ្នា​ កាន់កាប់​អំណាច​កណ្តាល​របស់​រដ្ឋ​ រវាង​តំបន់​ទាំងពីរ​ តែងតែ​ជា​បញ្ហា​ចោទ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ប៊ែលហ្ស៊ិក។

 
ខុស​គ្នា​ពី​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​មុន ដែល​បាន​ចំណាយ​ពេល​ចរចារ​គ្នា​ អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ អាណត្តិ​នេះ រដ្ឋា​ភិបាល​ថ្មី​ប៊ែលហ្ស៊ិក បាន​ប្រសូត្រ​រូបរាង្គ​ឡើង មិន​ដល់​ពេល​៥ខែ​ផង។ ក្នុង​សមាសភាព​រដ្ឋាភិបាល​ថ្មី​នេះ គឺ​មាន​លោក Charles Michel ជា​នាយក​រដ្ឋមន្រ្តី។ លោក Charles Michel ទើប​តែ​មាន​វ័យ​៣៨ឆ្នាំ​ប៉ុណ្ណោះ បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ប៊ែលហ្ស៊ីក​ វ័យក្មេង​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត។ គាត់​ជា​សមាជិក​មក​ពី​គណៈបក្ស ចលនា​កំណែរ​ទំរង់ Mouvement réformateur MR ដែល​ជា​គណៈបក្ស​មាន​និន្នាការ​ស្តាំ​និយម​ មកពី​តំបន់​និយាយ​ភាសា​បារាំង។

នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ មាន​គណៈបក្ស​បួន​ចូលរួម ហើយ​គណៈបក្ស​និមួយ បាន​ទទួល​កៅអី​ឧបនាយក​រដ្ឋមន្ត្រី​ម្នាក់មួយ។ មាន​ពាក្យ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ថា រដ្ឋាភិបាល​ថ្មី​នេះ​ មាន​ភាពលម្អៀង ព្រោះ​ថា​ក្នុង​ចំណោម​គណៈបក្ស​ទាំង​បួន​ក្នុង​រដ្ឋាភិបាល មាន​គណៈបក្ស​តែ​មួយ​គត់​ដែល​មក​ពី​តំបន់​និយាយ​ភាសា​បារាំង គឺ​គណៈបក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ​ឯង ​ឯ​គណៈបក្ស​ទាំង​បី​ទៀត សុទ្ធសឹង​តែ​មក​ពី​តំបន់​និយាយ​ភាសា​ហូឡង់។

មួយ​វិញ​ទៀត ក្រសួង​សំខាន់ៗ​ទាំងអស់ ដែល​ជា​ប្រភព​ចំណូល​រដ្ឋ និង​ដែល​មាន​កញ្ចប់​ថវិកា​ធំៗ ដូចជា​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​មហាផ្ទៃ ក្រសួង​ការពារ​ជាតិ ក្រសួង​អន្តោប្រវេសន៍ ជាដើម ត្រូវ​ធ្លាក់​ទៅក្នុង​ដៃ​របស់​គណៈបក្ស​មក​ពី​តំបន់​និយាយ​ភាសា​ហូឡង់​ទាំងបី។ ផ្ទុយ​ទៅ​វិញ ក្រសួង​មួយ​ចំនួន​ ដែល​ត្រូវការ​ ការ​ធ្វើ​កំណែរ​ទំរង់​យ៉ាង​ស្មុកស្មាញ ដូច​ជា​ក្រសួង​សាធារណៈការ​ដឹក​ជញ្ជូន និង​ក្រសួង​ថាមពល​ជាដើម ត្រូវ​តំរូវ​ឲ្យ​គណៈបក្ស​និយម​ភាសា​បារាំង​ជា​អ្នក​ធ្វើការ។

ទាំងនេះ​ហើយ​ដែល​ជា​មូលហេតុ​ នាំ​ឲ្យ​មាន​ពាក្យ​រិះគន់ ព្រោះ​ថា លុយ​គឺ​ខាង​ពួក​និយាយ​ភាសា​ហូឡង់​ជាអ្នក​កាន់ ឯ​ការងារ​លំបាកៗ​ គឺ​ពួក​និយាយ​ភាសា​បារំាង​ជាអ្នក​ធ្វើ។ សរុប​ទៅ តើ​រដ្ឋាភិបាល​ថ្មី​នេះ ធ្វើការ​ដើម្បី​ផល​ប្រយោជន៍​រួម​របស់​ប៊ែលហ្ស៊ិក​ទាំង​មូល រឺ​ក៏​សំរាប់​តែ​តំបន់​និយាយ​ភាសា​ហូឡង់?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI