រុស្ស៊ីដាក់ពង្រាយមីស៊ីលទំនើបដែលមានល្បឿនលឿនជាងសំឡេងដល់ទៅ២៧ដង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រុស្ស៊ីបានប្រកាសឲ្យដឹង នៅថ្ងៃសុក្រថា ខ្លួនបានចាប់ផ្តើមដាក់ឲ្យដំណើរការនូវប្រភេទមីស៊ីលធុនទំនើបថ្មីរបស់ខ្លួន ដែលកន្លងមក ធ្លាប់ត្រូវបានលោកប្រធានាធិបតីពូទីនលើកឡើងថា ជាប្រភេទសព្វាវុធដ៏ទំនើបបំផុត គ្មានអ្នកណាអាចយកប្រៀបបាន ហើយគ្មានប្រទេសណាអាចមានសមត្ថភាពផលិតបាននៅឡើយ ទោះជានៅពេលបច្ចុប្បន្ន ឬក៏នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៊ី រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីបានរាយការណ៍ទៅលោកប្រធានាធិបតីពូទីនថា មីស៊ីលប្រភេទថ្មី ឈ្មោះ “អាវ៉ង់ហ្កាដ” (Avangard) ត្រូវបានកងទ័ពដាក់ពង្រាយជាផ្លូវការ ចាប់តាំងពីព្រឹកថ្ងៃសុក្រ។
សេចក្តីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់លម្អិតថា តើមីស៊ីលទាំងនេះត្រូវបានដាក់ពង្រាយនៅតាមតំបន់ណាពិតប្រាកដនោះទេ។ ក៏ប៉ុន្តែ កាលពីខែធ្នូឆ្នាំ២០១៨កន្លងទៅ កងទ័ពរុស្ស៊ីធ្លាប់បានអះអាងថា អង្គភាពដែលបំពាក់មីស៊ីលអាវ៉ង់ហ្កាដនេះមុនគេ គឺត្រូវដាក់ពង្រាយនៅក្នុងតំបន់ជួរភ្នំអួរ៉ាល់។
មន្រ្តីជាន់ខ្ពស់រុស្ស៊ីក៏បានឲ្យដឹងផងដែរថា មីស៊ីលធុន “អាវ៉ង់ហ្កាដ” នេះ ជាប្រភេទមីស៊ីលយុទ្ធសាស្ត្រ ដែលអាចហោះក្នុងល្បឿនរហូតដល់ទៅជាង ៣ម៉ឺន៣ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺ លឿនជាងសំឡេងរហូតដល់ទៅ ២៧ដង ហើយអាចផ្លាស់ប្តូររយៈកម្ពស់ និងទិសដៅ នៅក្នុងពេលកំពុងហោះហើរ។
ហេតុដូច្នេះហើយបានជាលោកប្រធានាធិបតីពូទីនធ្លាប់បានលើកឡើងថា វាជាប្រភេទមីស៊ីលដែលគ្មានអ្នកណាអាចយកប្រៀបបាន ហើយក្នុងចំណោមប្រព័ន្ធខែលការពារមីស៊ីល ដែលមាននៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ គ្មានប្រព័ន្ធខែលការពារមីស៊ីលណាមួយអាចស្ទាក់ចាប់មីស៊ីលនេះបាននោះទេ ដោយក្នុងនោះ រាប់ទាំងប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកផងដែរ។
កាលពីប៉ុន្មានថ្ងៃមុននេះ លោកពូទីនក៏បានលើកឡើងផងដែរថា នៅក្នុងវិស័យបច្ចេកវិទ្យាសព្វាវុធទំនើបៗនេះ រុស្ស៊ីលែងរត់តាមពីក្រោយប្រទេសលោកខាងលិចដូចពីមុនទៀតហើយ ផ្ទុយទៅវិញ គឺប្រទេសលោកខាងលិចទៅវិញ ដែលកំពុងរត់តាមពីក្រោយរុស្ស៊ីវិញម្តង ដែលជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ថា ក្រៅពីមីស៊ីល “អាវ៉ង់ហ្កាដ” នេះ លោកប្រធានាធិបតីពូទីនធ្លាប់បានលើកឡើងថា នៅមានប្រភេទសព្វាវុធជាច្រើនផ្សេងទៀត ដែលរុស្ស៊ីផលិតបាន ហើយគ្រោងនឹងដាក់ពង្រាយនៅក្នុងពេលឆាប់ៗខាងមុខ ហើយសុទ្ធតែជាប្រភេទសព្វាវុធដែលគ្មានអ្នកណាអាចយកប្រៀបបាន។
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា គេឃើញថា វិស័យសព្វាវុធរបស់រុស្ស៊ីក៏ជួបនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួនផងដែរ នៅក្នុងឆ្នាំ២០១៩នេះ ជាពិសេស គឺហេតុការណ៍ផ្ទុះដ៏ធ្ងន់ធ្ងរជាលក្ខណៈនុយក្លេអ៊ែរ កាលពីថ្ងៃទី៨សីហា នៅក្នុងអំឡុងពេលធ្វើការសាកល្បងអាវុធធុនថ្មី ដែលកាលណោះបានសម្លាប់មនុស្សចំនួន ៥នាក់ ព្រមទាំងបង្កឲ្យមានការលេចធ្លាយសារធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ