អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក​ពូទីន​​អស់ជំនឿ​​​ថា​ ​លោកត្រាំ​​អាច​ជួយ​ស្តារ​​ទំនាក់ទំនង​​អាមេរិក​​ជាមួយ​​រុស្ស៊ី​​តទៅទៀត​​

ប្រធានាធិបតី​រុស្ស៊ី ពូទីន និង​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ជជែកគ្នា​នៅក្រុង​ហាំបួ កាលពី​​ថ្ងៃ៧កក្កដា។​
ប្រធានាធិបតី​រុស្ស៊ី ពូទីន និង​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ជជែកគ្នា​នៅក្រុង​ហាំបួ កាលពី​​ថ្ងៃ៧កក្កដា។​ REUTERS/Carlos Barria
ដោយ៖ ព្រំ សឿន សូលីណា

ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ដុនដាប ​មិនធ្លាប់មាន​ គិតតាំង​ពី​ពេលចប់​សង្គ្រាមត្រជាក់​មក។ កាន់តែ​ដុនដាប គឺ​ចាប់ពី​សប្តាហ៍​កន្លងមក ​ដោយសារ​តែ​សភា​អាមេរិកអនុម័ត​​បន្ថែម​​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ ធ្វើអោយ​រុស្ស៊ី​ពិបាក​ទ្រាំ ក៏ចាត់​វិធានការ កាត់បន្ថយ​​​បុគ្គលិក​និង​មន្ត្រី​នៅ​ស្ថានទូត​មេរិកប្រចាំ​នៅ​រុស្ស៊ី​ ​​៧៥៥នាក់ សងសឹក​ទៅ​អាមេរិក​វិញ។ ​លោកពូទីន​ប្រហែល​ជា​អស់ជំនឿហើយ​​ថា លោក​ដូណាល់ ត្រាំ ដែល​មាន​ទំនោរ​រក​រុស្ស៊ី​ អាច​ស្តារ​ទំនាក់ទំនង​អាមេរិ​កជាមួយ​រុស្ស៊ី​បានវិញ។

ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​រុស្ស៊ី​ធ្លាក់ដុនដាប មិនធ្លាប់​មាន តាំងពី​សប្តាហ៍មុន​មក ​ក្រោយ​រុស្ស៊ី​ប្រកាសកាត់បន្ថយ​វត្តមាន​ការទូតសហរដ្ឋអាមេរិក​ក្នុង​ទឹកដី​រុស្ស៊ី។ ​ជា​​វិធានការ​ដែលឆ្លើយតប​នឹង​ការ​ដែល​សភា​អាមេរិក​ដែល​បានបោះឆ្នោត​​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ អ្នកនយោបាយ​អាមេរិក​ខឹង​សម្បារបន្ថែម​​ទណ្ឌកម្មលើ​​​រុស្ស៊ី​ ចុងក្រោយ​​នេះ ​​ដោយសារ​សង្ស័យ​ថា រុស្ស៊ី​បានលូកដៃ​ចូលក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦។ សមាជិក​សភា​អាមេរិក​ថែមទាំង​ត្រៀមយន្តការ​មិនអោយ​លោក​ដូណាល់ ត្រាំ អាច​ផ្អាក​ទណ្ឌកម្មដែល​អាមេរិក​ដាក់​​លើ​រុស្ស៊ី​កន្លងមក​ទៀតផង។ ​

យោងលើ​ចំណុចនេះ គេឃើញថា លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​មហាអំណាច​ក៏មែនពិត តែ​លោក​ក៏​មិនអាច​ធ្វើអ្វីបានស្រេច​​ចិត្តដែរ​ ព្រោះ​សមាជិក​សភាអាមេរិក​ទំនង​មិនអាច​អោយ​លោកធ្វើអ្វីដែល​ជា​ប្រយោជន៍​ដល់​រុស្ស៊ី​ទេ។ សូម្បី​តែ​ក្នុងជួរបក្ស​សាធារណរដ្ឋ​របស់​លោក ក៏​មាន​អ្នកមិនពេញចិត្ត​នឹង​លោក​ដែរ។ ​​លោក​​ដូណាល់ ត្រាំ មានទំនោរ​ទៅរក​រុស្ស៊ី តាំងតែ​ពី​មុនលោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតីអាមេរិក​​ម្ល៉េះ។ ក្នុងពេល​លោក​នៅជា​បេក្ខជន​ប្រធានាធិបតី បក្ស​សាធារណរដ្ឋ លោកត្រាំ ធ្លាប់​ធ្វើអោយ​រុស្ស៊ីត្រេកអរ​ក្នុងចិត្ត​ព្រោះ​លោក​បាន​លើកឡើង​ពី​បំណងចង់​​ស្តារទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី ដែល​ជា​អតីត​សត្រូវ​ក្នុង​សង្គ្រាម​ត្រជាក់​ជាមួយគ្នា ដែល​តានតឹងនឹងគ្នា​ក្នុង​អាណត្តិ​លោក​អូបាម៉ា។​​​ លោកត្រាំ​ចង់​​ស្តារ​អោយ​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំង២​បានប្រសើរ​​ឡើងវិញ។ ​​ប៉ុន្តែ ​រុស្ស៊ី​ត្រូវបាន​បក្ស​ប្រជាធិបតេយ្យ​​​​សង្ស័យតាំងពី​ដំបូងទី​ថា បាន​​អុកឡុក​​ប្រព័ន្ធបោះឆ្នោត​អាមេរិក​ លូកដៃ​ចូលក្នុង​ការ​បោះឆ្នោតអាមេរិក ឆ្នាំ២០១៦ ដើម្បី​ជួយអោយ​លោក​ត្រាំ​បានជាប់ឆ្នោត។ ប្រាកដហើយ​ដែលរុស្ស៊ី​បដិសេធ​ដាច់អហង្កា​រាល់ការចោទប្រកាន់​ទាំងនេះ។ ​

ក្រោយ​លោក​ដូណាល់ ត្រាំ​ ជាប់ឆ្នោត​មក មានផ្ទុះរឿង​អាស្រូវ​ជាច្រើនដែលធ្វើអោយ​គេ​សង្ស័យ​ថា ​លោក និង​ក្រុមការងារ​លោក ​​អាច​ជាប់ពាក់ព័ន្ធ​នឹង​រុស្ស៊ី។ បែបយ៉ាង​​ កូនប្រុសច្បង​របស់​លោក​ដូណាល់ ត្រាំ បានទទួលស្គាល់​ថា បាន​ជួប​​​ស្ត្រី​​មេធាវី​រុស្ស៊ី​​ម្នាក់​ ដើម្បី​ទទួលបានព័ត៌មាន​ពី​បេក្ខនារី​ប្រធានាធិបតី​ ហ៊ីលឡារី​ គ្លីនតុន ក្នុងអំឡុង​ពេល​ឃោសនា​បោះឆ្នោត​អាមេរិក។ ខណៈ​រឿងរុស្ស៊ី​ជារឿងក្តៅគគុក ខែឧសភា លោក​ដូណាល់ ត្រាំ បែរជា​បាន​ដកតំណែង​​នាយក​អេហ្វ ប៊ី អាយ​ គឺ​លោក​​ចេម ខមី ដែល​ទទួល​បន្ទុក​ស៊ើប​អង្កេត​រឿងរុស្ស៊ី​លូកដៃ​ក្នុង​ការបោះឆ្នោត​អាមេរិក​នេះ​ទៅវិញ។ នៅមាន​រឿងអាស្រូវ​ច្រើនទៀត ធ្វើអោយ​គេ​កាន់តែ​សង្ស័យថា​ លោកត្រាំ​អាច​ជាប់ពាក់ព័ន្ធ​នឹងរុស្ស៊ី។ រឿងអាស្រូវ​​របស់​លោកត្រាំ ​ធ្វើអោយ​បក្ស​សាធារណរដ្ឋ​កាន់អំណាច​ កាន់តែ​បាក់មុខ។ ​

បក្ស​សាធារណរដ្ឋ​មិនអាច​អោយ​លោកត្រាំបន្ត​និយាយ​រឺធ្វើអ្វីស្រេចចិត្តទៀតទេ។ ពេលនេះ ​​លោកដូណាល់ ត្រាំ ដែល​មានទំនោរ​ទៅរក​រុស្ស៊ី ទោះ​មាន​សិទ្ធិ​ជា​ប្រធានាធិបតី​ មានសិទ្ធិ​វេតូ​យ៉ាងណា ក៏​ពិបាក​កាច់​​ចង្កូត​អោយ​អាមេរិក​​ដើរតាម​រុស្ស៊ីដែរ នេះគឺដោយសារ​តែ​រឿង​អាមេរិ​កសង្ស័យថា ក្រុមការងារ​​លោកត្រាំ​អាច​ជាប់ពាក់ព័ន្ធ​រុស្ស៊ី សង្ស័យថា​ រុស្ស៊ី​លូកដៃ​ចូល​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ហ្នឹងហើយ។ ​

ទោះយ៉ាងនេះ​ក្តី គេឃើញថា លោកត្រាំ នៅតែ​បន្តចេញមុខការពារ​លោកពូទីនដដែល។ លោក​ធ្លាប់​លើកឡើង​ថា លោកពូទីន​បាន​បដិសេធ​ផ្ទាល់មាត់​ជាមួយ​លោក​ថា​ រុស្ស៊ី​មិនបាន​លូកដៃ​ចូលការ​បោះឆ្នោត​អាមេរិ​កទេ។ ដោយសារ​កាន់តែ​សង្ស័យ​នឹង​​រឿងនេះ ​ទើបទាំង​សភា​ជាន់ទាប ទាំង​ព្រឹទ្ធសភា​អាមេរិក បាននាំគ្នា​បោះឆ្នោតអនុម័ត​គម្រោង​ច្បាប់​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ក្រុងម៉ូស្គូ ដោយ​សម្លេង​លើសលុប។ សម្លេងលើសលុប ​​គឺ​​ដើម្បីអោយ​គម្រោង​ច្បាប់នេះ​អាច​ប្រើការ​បាន ទោះមាន​ការជំទាស់​ពីប្រធានាធិបតីក៏ដោយ។

ប្រហែល​ឃើញថា លោកដូណាល់ ត្រាំ មិនអាច​ធ្វើអ្វីបានធំដុំ ទើប​ប្រធានាធិបតី​រុស្ស៊ី ពូទីន ត្រូវ​សម្រេចកាត់ចិត្ត​កាត់ថ្លើម​ លែង​ផ្តល់​ក្តី​​សង្ឃឹម​​លើ​លោកដូណាល់ ត្រាំ​ ក្នុង​ការ​​​ស្តារទំនាក់ទំនង​រុស្ស៊ី​​និងអាមេរិកតទៅទៀត។​ លោកពូទីន បាន​​ចេញ​មុខ​ប្រកាស​ទណ្ឌកម្ម​រុស្ស៊ី តបទៅ​ទណ្ឌកម្ម​សភា​អាមេរិក​វិញ។ រុស្ស៊ី​ប្រកាស​ទាមទារ​អោយ​បុគ្គលិក​និង​មន្ត្រី​នៅ​ស្ថានទូត​អាមេរិ​កប្រចាំ​ក្រុង​ម៉ូស្គូ ៧៥៥នាក់ អោយ​ពួកគេ​ចាកចេញ​ពីទឹកដី​រុស្ស៊ី​អោយអស់​ ​នៅ​ថ្ងៃ​១កញ្ញា​ខាងមុខ។ មន្ត្រី​បម្រើការ​នៅ​ស្ថានទូត​អាមេរិក​​​​​នៅ​ក្រុងម៉ូស្គូ និង​ថយនៅ​ចំនួន​៤៥៥នាក់ ស្មើនឹង​ចំនួន​មន្ត្រីនៅស្ថានទូត​រុស្ស៊ី នៅ​អាមេរិក​ដែរ។ ​រុស្ស៊ី​ដកហូត​ការប្រើប្រាស់​អគារ​ និង​ឃ្លាំង​ទំនិញ​ផ្សេងៗ​ មិនអោយ​​​​ទូត​អាមេរិក​ប្រើប្រាស់​​​តទៅទៀត។ ​ហេតុអ្វី​រុស្ស៊ី​ទើប​មាន​​ទណ្ឌកម្ម​​​ឆ្លើយតប​អាមេរិក​វិញ​ពេលនេះ ? លោក​ពូទីន​​លើកឡើងថា គឺព្រោះតែ​​អាមេរិក​មិន​បានធ្វើអ្វី​ទាល់តែ​សោះ​ដើម្បី​បញ្ឈប់​​ទំនាក់ទំនងដែលដុនដាប​​​ជាមួយ​រុស្ស៊ី។ រដ្ឋាភិបាល​រុស្ស៊ី​លើកឡើង​ថា​​ ​​​មានតែ​រុស្ស៊ី​ទេដែល​តែង​គិតគូរ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ