លោកហ្កាយដូ​ ព្យាយាម​បញ្ចុះបញ្ចូល​រុស្ស៊ី​និងចិន​ឲ្យឈប់គាំទ្រ​លោកម៉ាឌូរ៉ូ​

ប្រធានសភា និងជាអ្នកប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោករ្ហ័ន ហ្កាយដូ។
ប្រធានសភា និងជាអ្នកប្រកាសខ្លួនឯងថាជាប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោករ្ហ័ន ហ្កាយដូ។ REUTERS/Carlos Garcia Rawlins

ប្រធានសភា ដែលប្រកាសខ្លួនឯង​ថាជា​ប្រធានាធិបតីស្តីទី​ របស់ប្រទេស​វ៉េណេស៊ុយអេឡា​ លោក​ហ័ន ហ្កាយដូ​ បាននិយាយប្រាប់​ទីភ្នាក់ងារព័ត៌មាន​ Reuters ថា​ លោកបានព្យាយាម​បញ្ចុះបញ្ចូល​ ប្រទេសមហាអំណាច​ចិន​ និងរុស្ស៊ី ឲ្យឈប់​បន្តគាំទ្រ​លោកម៉ាឌូរ៉​ទៀត។ លោកហ្កាយដូ​ បន្តថា​ ចិន និងរុស្ស៊ី​ ជា​ម្ចាស់បំណុលបរទេស​ដ៏ធំបំផុត​ របស់​ប្រទេសវ៉េណេស៊ុយអេឡា​ និង​អាចមានការព្រួយបារម្ភខ្លាំង​ អំពី​លទ្ធភាព​បង់ប្រាក់​របស់​ប្រទេសវ៉េណេស៊ុយអេឡា​ ក្នុងពេល​ផ្លាស់ប្តូរតំណែង​ប្រធានាធិបតីថ្មី​។

ផ្សាយពាណិជ្ជកម្ម

នៅពេលថ្មីៗកន្លងទៅនេះ​ មេដឹកនាំបក្សប្រឆាំង​វ៉េណេស៊ុយអេឡា​ ដែលកំពុង​កើនប្រជាប្រិញភាព​គឺ​លោកហ្កាយដូ​ បានប្រាប់ទៅកាន់​ប្រទេសចិន​ និង​ប្រទេសរស្ស៊ី​ ថាកុំឲ្យបារម្ភឲ្យសោះ​ ចំពោះ​បំណុល​ដែលវ៉េណេស៊ុយអេឡា​ជំពាក់ប្រទេសទាំងពីរ​ នៅពេល​មានការដោះដូរ​តំណែងប្រធានាធិបតីកើតឡើង​។

ការថ្លែង​របស់​លោកហ្កាយដូបែបនេះ​ ត្រូវគេជឿថា​ដើម្បី​បញ្ចុះបញ្ចូល​ ចិន​និង​រុស្ស៊ីឲ្យឈប់គាំទ្រ​លោកម៉ាឌូរ៉ូ​ និងបែរមកគាំទ្ររូបលោកវិញ​។ លោកហ្កាយដូ​ បានបញ្ជាក់ផងដែរថា​ នៅពេល​ដែលក្រុមអ្នកប្រឆាំង​អាចឡើងកាន់តំណែង​ គ្រប់គ្រងប្រទេស​ នោះ​វ៉េណេស៊ុយអេឡា​ នឹងសងការប្រាក់​-សងបំណុល ​ដល់ចិន​ និងរុស្ស៊ី​មិនឲ្យទាស់ចិត្ត​ឡើយ​។

សូមជម្រាបជូនថា​ ស្ថានការណ៍​នយោបាយ​នៅក្នុងប្រទេស វ៉េណេស៊ុយអេឡា​ នៅតែ​ស្ថិតក្នុងសភាពវឹកវរ​រហូតមកដល់ពេលនេះ​។ មួយវិញទៀត​ សហគមន៍អន្តរជាតិ​នៅតែ​បន្តពុះចែកគ្នាជាពីរ​។ ជាពីរ​ដែលមានម្ខាង​គឺ អាមេរិក​និងក្រុមប្រទេសលោកខាលិច​ ដែលមានចំនួន​កាន់តែច្រើន​គាំទ្រ​ប្រធានសភា​ និងមេបក្សប្រឆាំង​លោកហ្កាយដូ​។ នៅម្ខាងទៀត​មានមហាអំណាចចិន​ និងរុស្ស៊ី​ ដែលនៅ​ប្រកាសគាំទ្រ​ប្រធានាធិបតីលោក ម៉ាឌូរ៉ូ​ មិនងាករេ។

ហេតុដូចនេះហើយ​ ដើម្បីអាចបង្ខំឱ្យ​លោកម៉ាឌូរ៉ូ​ លាលែងពីចេញពី​តំណែង​បាន​ក្នុងពេលឆាប់ៗនេះ​ទើប​មេដឹកនាំគណបក្សប្រឆាំង​ខិតខំខ្នះខ្នែង​បញ្ចុះបញ្ចូល​ ភាគីចិន​ និង​រុស្ស៊ី​ ដែលជាខ្នងបង្អែក​ដ៏សំខាន់​របស់លោកម៉ាឌូរ៉ូ​ ឲ្យមកគាំទ្រ​ក្រុមរបស់ខ្លួនវិញ​ ដើម្បី​បង្ខំឲ្យលោកម៉ាឌូរ៉ូ​ ទ័លច្រក​ និងដាច់ចិត្ត​លាលែងចេញពី​តំណែងប្រធានាធិបតី​។

គួរជម្រាបជូនថា​ នៅពេលត្រូវចោទសួរ​ អំពីគោលជំហរ​របស់ចិន ទៅលើលោកហ្កាយដូ អ្នកនាំពាក្យ​របស់ក្រសួងការបរទេសចិន​បាននិយាយថា​ រដ្ឋាភិបាលទីក្រុងប៉េកាំង​ នៅតែរក្សាទំនាក់ទំនងល្អ​ និងជិតស្និទ្ធ​ជាមួយគ្រប់ភាគី​ទាំងអស់​នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា​។ លោកបានបន្ថែមថា​ ប្រទេសចិនជឿជាក់ថា​ ទោះបីជា​មានរឿងអ្វី​កើតឡើងក៏ដោយ​ ក៏​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសចិន​ និងវ៉េណេស៊ុយអេឡា​មិនផ្លាស់ប្តូរឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI