អានតួអត្ថបទ
ប្រព័ន្ធអប់រំ-កូរ៉ូណាវីរុស-អង្គការយូណេស្កូ

Covid-19៖ យូណេស្កូ ​បារម្ភពី​ការ​ខកខាន​ការសិក្សា​​របស់​សិស្ស​​៣៦០​លាន​នាក់​

សមត្ថកិច្ចសុខាភិបាល កំពុងបាញ់ថ្នាំសម្លាប់​មេរោគ នៅវិទ្យាល័យមួយ នៅហ្វីលីពីន ថ្ងៃទី​៩ មីនា ២០២០​
សមត្ថកិច្ចសុខាភិបាល កំពុងបាញ់ថ្នាំសម្លាប់​មេរោគ នៅវិទ្យាល័យមួយ នៅហ្វីលីពីន ថ្ងៃទី​៩ មីនា ២០២០​ REUTERS - ELOISA LOPEZ
ដោយ៖ ម៉ម ពិសី
១៤ នាទី

ដោយសារតែការឆ្លងរាលដាល នូវ​មេរោគកូរូណា ប្រទេសប្រមាណ​១៥ប្រទេស​ បានចាត់វិធានការបិទសាលារៀន ទាំងស្រុង ឬមួយផ្នែក ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ដោយសារតែការបិទសាលារៀននេះ បានធ្វើឲ្យ​សិស្សយ៉ាងហោច៣៦០លាននាក់ នៅទូទាំងពិភពលោក ត្រូវខកខានការសិក្សា។ កាលពីថ្ងៃអង្គារ ទី​១០មីនា លោកស្រីអគ្គលេខាធិការអង្គការយូណេស្កូ បានលើកឡើងថា អង្គការយូណេស្កូ កំពុងរកវិធីជួយសិស្ស ដែលខកខានការសិក្សា តាមរយៈការជម្រុញឲ្យមាន កម្មវិធីសិក្សានៅផ្ទះ ដោយប្រើ​បច្ចេកវិទ្យា​អ៊ីនធ័រណិត។

ផ្សាយពាណិជ្ជកម្ម

ផលប៉ះពាល់មួយទៀតនៃការឆ្លងរាលដាល នៃមេរោគកូរ៉ូណា គឺការខកខានការសិក្សារបស់សិស្សសាលា។ មានប្រទេស១៥ដែលបានចាត់វិធានការបិទសាលារៀន​ដោយតំបន់ ឬទាំងស្រុង​។ សិស្ស​ចាប់ពីថ្នាក់​មតេយ្យ​ដល់ថា្នក់​មធ្យមសិក្សា យ៉ាងហោច​៣០៥លាននាក់ដែលត្រូវនៅផ្ទះ មិនអាចទៅរៀនបាន ដោយសារសាលាបិទ ឬដោយជាប់បំរាមគោចរ ចេញដោយ​អាជ្ញាធរ។

បន្ថែមពីនេះ នៅមានសិស្សនិស្សិត ថ្នាក់ឧត្តមសិក្សា ប្រមាណ​​៥៨​លាននាក់ ក៏ត្រូវខកខានការសិក្សាដែរ​។ នេះបើផ្អែកតាមតួលេខ ផ្តល់ជូនដោយ លោកស្រីAudrey Azoulay អគ្គលេខាធិការ អង្គការយូណេស្កូ។ លោកស្រីបន្ថែមថា ចំនួនសិស្សដែលខកខានការសិក្សានេះ អាចនឹងឡើងបន្ថែមប្រមាណ៥៤០លាននាក់ ពីលើនេះទៀត បើសិន​ជា​ប្រទេស​១៤ សម្រេចចេញវិធានការ​បិទ​សាលារៀន​ទូទាំង​ប្រទេស​តែម្តង។

នេះជាលើកទីមួយហើយ ដែលវិស័យអបរំសិក្សាធិការ ត្រូវជួបបញ្ហា ក្នុងទ្រង់ទ្រាយធំបែបនេះ។ លោកស្រី​ អគ្គលេខាធិការអង្គការយូណេស្កូ បានលើកឡើងថា អ្វីដែលជាការព្រួយបារម្ភ គឺកុមារ សិស្សសាលា ដែលមានជីវភាពក្រីក្រ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ការខកខានការសិក្សា ជាផលវិបាកមួយសម្រាប់ពួកគេ តែមិនត្រឹមតែប៉ុណ្ណោះ ពួកគេមិនមានលទ្ធភាព​ ឬមាន​សម្ភារៈ​គ្រប់គ្រាន់ ក្នុង​ការ​បន្តការសិក្សា​នៅតាម​ផ្ទះរៀងៗ​ខ្លួន។ ប្រទេស​ក្រីក្រ​ខ្លះ ក៏​ពុំមាន​វិធានការ និង​សម្ភារៈ​គ្រប់គ្រាន់ ឆ្លើយតប​ទៅនឹងបញ្ហា​នេះ​ដែរ។

លោកស្រីអគ្គលេខាធិការអង្គការយូណេស្កូ បានអំពាវនាវថា នេះជាឱកាសមួយ​ ដែលប្រទេសសមាជិកទាំងអស់ ត្រូវរួមគ្នាគិត ដើម្បីជំរុញ​កម្មវិធីសិក្សា​ពី​ចំងាយ​នៅតាម​ផ្ទះ ឲ្យឈាន​ទៅ​កម្រិត​មួយ ទូលំ​ទូលាយ​។ អនាគត​នៃវិស័យ​អប់រំ​សម័យ​ទំនើប គឺត្រូវ​ការ​ជា​ចាំបាច់ នូវ​បច្ចេកវិទ្យា​ទំនើប ដើរ​ដោយ​ប្រព័ន្ធ​អ៊ីនធ័រណិត។ អង្គការ​យូណេស្កូ មាន​គម្រោង​លើកកំពស់ ការ​ផលិត​កម្មវិធី​សិក្សា​នានា នៅលើ​​ទូរស័ព្ទ​ដៃ ​។ អង្គការ​យូណេស្កូ ក៏​ជំរុញ​ផងដែរ ឲ្យ​មាន​ការ​អនុវត្ត​ នូវ​កម្មវិធី​សិក្សា​ពីចំងាយ ដែល​សាលារៀន​ផ្សេង​ៗ បាន​រៀបចំ ឲ្យ​គ្រូ​អាច​បង្រៀន​ពីចំងាយ និង​ឲ្យ​សិស្ស​អាច​តាមដាន​ការ​បង្រៀន​ពីផ្ទះ​ខ្លួន ដោយ​ឥត​គិតថ្លៃ​ និង​ដោយ​ទូលំទូលាយ​បំផុត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ