អានតួអត្ថបទ

UNCHR ព្រួយ​បារម្ភ​​ពី​វិធានការ​ទប់​ស្កាត់​កូវីដ​១៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ខ្លាំងដល់​សិទ្ធិមនុស្ស​

នាយិកាឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស អ្នកស្រី Michelle Bachelet  ព្រមានខ្លាំងៗថា «រដ្ឋាភិបាលទាំងឡាយ មិនត្រូវប្រើអំណាច ដែលបានមកពីច្បាប់អាសន្នជាតិ សម្រាប់ជាអាវុធ បង្ខំក្រុមប្រឆាំងឱ្យបិទមាត់, សម្រាប់ត្រួតត្រាប្រជាជន ឬដើម្បីរក្សាអំណាចរបស់ខ្លួននោះឡើយ។»
នាយិកាឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស អ្នកស្រី Michelle Bachelet ព្រមានខ្លាំងៗថា «រដ្ឋាភិបាលទាំងឡាយ មិនត្រូវប្រើអំណាច ដែលបានមកពីច្បាប់អាសន្នជាតិ សម្រាប់ជាអាវុធ បង្ខំក្រុមប្រឆាំងឱ្យបិទមាត់, សម្រាប់ត្រួតត្រាប្រជាជន ឬដើម្បីរក្សាអំណាចរបស់ខ្លួននោះឡើយ។» AFP/Archivos
ដោយ៖ ហេង ឧត្តម
១៦ នាទី

ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធមនុស្ស នៃ​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ក្តីព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​វិធានការផ្លូវ​ច្បាប់​ ដែល​ប្រទេស​នីមួយ​ៗ បាន​យក​ប្រើ​ជា​មូលដ្ឋាន​ ​និង​ដែល​ទើប​បាន​អនុម័ត​ថ្មីៗនេះ ដើម្បី​ទប់​ទល់​នឹង​​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។ ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធមនុស្ស បាន​ថ្លែង​ពីក្រុង​ហ្សឺណែវ ថ្ងៃ​ចន្ទ ទី​២៧មេសា​ ថា​វិធានការមួយចំនួន​ ហាក់​ធ្ងន់ធ្ងរ​ខ្លាំងជ្រុល​ ហើយ​ពេលខ្លះ បា​នត្រូវ​ប្រើ​ជាឈ្នាន់​ ដើម្បីឆ្លៀត​ឱកាស​ពង្រឹង​អំណាច​។ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​វិធានការ​និងច្បាប់នៃប្រទេសខ្លះ ដែលយក​អនុវត្ត​ដោយ​​អះអាង​ថា​មាន​គោល​ដៅទប់ទល់នឹង​អាសន្នកូវីដ​១៩​នេះ​ គឺ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធមនុស្ស កត់​សម្គាល់ថា មាន​បទល្មើស​មួយ​ចំនួន​ កំណត់ចែក​​មិនបាន​​ច្បាស់​លាស់នោះទេ ហើយ​ពេល​ខ្លះ ក៏​ដាក់​ទោស​ទណ្ឌកម្ម​​ធ្ងន់​ធ្ងរ​ជ្រុល​ខ្លាំង​ពេក។ ​គេ​បារម្ភទៀត​ថា ទោសទណ្ឌ​ទាំងនោះ ប្រើ​សំដៅលើ​ផ្លូវ​ម្យ៉ាង​ទៀត គឺ​ដើម្បី​បិទ​​ខ្ទប់មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ហើយ​សង្កត់សង្កិន​អ្នក​រិះគន់និងក្រុម​អ្នក​ជំទាស់​។ នាយិកា​​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធមនុស្ស អ្នក​ស្រី Michelle Bachelet  ​ព្រមាន​ខ្លាំងៗ​​ថា «បណ្តារដ្ឋាភិបាល​ទាំងឡាយ មិន​ត្រូវ​ប្រើ​អំណាច​​ ដែល​បាន​មក​ពី​ច្បាប់​អាសន្នជាតិ​ នៅពេលនេះ សម្រាប់​ជា​អាវុធ ​បង្ខំ​ក្រុម​​ប្រឆាំង​ឱ្យ​បិទមាត់, សម្រាប់​ត្រួត​ត្រាប្រជាជន ឬ​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​នោះឡើយ។​»

បើតាម​អ្នក​ស្រី Michelle Bachelet ដើម្បី​បង្ខំ​ឱ្យ​ប្រជាជន​​គោរព​បម្រាម​ឱ្យ​សម្ងំ​នៅក្នុង​ផ្ទះ និង​បម្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ គឺ​អាជ្ញាធរ​សន្តិសុខ និង ប៉ូលិស​​នៃ​ប្រទេស​ខ្លះ បាន​ប្រើ​កម្លាំង​ហិង្សា យ៉ាង​ចាស់​ដៃ​ ពេល​ខ្លះ​​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ ទៀត​ផង។ នេះបើតាម​​ព័ត៌មាន​ជាច្រើន ដែល​អង្គការសហប្រជាជាតិខាង​សិទ្ធមនុស្ស​ បាន​ទទួល​។​ មាន​ប្រទេស​ខ្លះ បាន​ចាប់​ខ្លួន​មនុស្ស​ដែល​នៅ​តែ​ដើរ​ហើរ​ ល្មើស​បម្រាម​ យក​ទៅ​ដាក់ឃុំឃាំង​​។ ទោសនេះ​ធ្ងន់ពេក​ ដោយ​ពេល​ខ្លះ អ្នក​ធ្វើ​ដំណើរ​​ផ្លាស់ទីនោះ គឺដើម្បី​ទៅរក​ស៊ី ឬរកអាហារ​ចិញ្ចឹម​ជីវិតគ្រួសារ​​តែប៉ុណ្ណោះ​។ នេះ​តាម​អ្នក​ស្រី Michelle Bachelet និងដែល​បញ្ជាក់ទៀត​ថា រឿងនេះ​​មិន​អាច​ទទួល​យក​បានទេ, ការធ្វើ​បែបនេះ​​អត់​ប្រយោជន៍ និងគ្រោះថ្នាក់​ណាស់ ព្រោះអ្នក​ជាប់​ឃុំមួយ​ចំនួន​ ក៏ត្រូវ​គេប្រើ​ហិង្សា​ពី​លើ​ថែមទៀត។ អ្នក​ស្រី​​ស្នើថា​«ត្រូវ​តែ​ដោះលែង​ពួក​គេ​ជា​បន្ទាន់»​។​

ទន្ទឹម​នឹងគ្នា​នេះ អ្នក​ស្រី​ក៏​ពន្យល់​ហេតុ​ផល​ដែរ ថា​ដើម្បីដោះស្រាយ​បញ្ហាវិបត្តិ​កូវីដ​១៩ ដែល​កំពុង​​ប្រឈម​ខ្លាំង​នៅ​មុខ  ជាការ​ពិត​ ប្រទេស​​នីមួយៗ ត្រូវការ​ចាំបាច់​អំណាចជា​​បន្ថែមទៀត។ ក៏ប៉ុន្តែ បើ​តាម​អ្នកស្រី Michelle Bachelet, ​ ប្រសិន​បើ​នីតីរដ្ឋ​ មិន​ត្រូវ​បាន​គោរពទេ ​នោះស្ថានភាព​វិបត្តិ​សុខភាព​នៅពេលនេះ អាច​​នឹង​កាន់តែ​វិវឌ្ឍ​ទៅជាការ​រំលោភព​បំពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ មួយ​ជាន់​ទៀត​ ហើយ​មិន​តែប៉ុណ្ណោះ វា​នឹង​បង្ក​ផលវិបាក​ច្រើន​និង​អូសបន្លាយ​ពេល​យូរ​​ជាង​ជំងឺ​រាតត្បាត​នេះ​ទៀត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ