Facebook-សារព័ត៌មាន

Facebook​ សន្យា​ចំណាយ​​ប្រាក់​​១ពាន់​​លាន​​ដុល្លារ សម្រាប់​​ជួយ​​​បណ្តាញ​​សារ​ព័ត៌មាន​

កាសែតអូស្ត្រាលីចុះផ្សាយ​ ចំអកឲ្យFacebook បន្ទាប់​ពី​បណ្តាញ​សង្គមនេះ បានបិទខ្ទប់តំណភ្ជាប់អត្ថបទព័ត៌មាន ដើម្បី​ប្រឆាំង​នឹងច្បាប់ ដែលតំរូវ​​ឲ្យ​ Facebook បង់ប្រាក់កំរៃដល់​បណ្តាញ​សារព័ត៌មាន។ ស៊ីដនី ថ្ងៃទី ១៩ កុម្ភៈ ២០២១
កាសែតអូស្ត្រាលីចុះផ្សាយ​ ចំអកឲ្យFacebook បន្ទាប់​ពី​បណ្តាញ​សង្គមនេះ បានបិទខ្ទប់តំណភ្ជាប់អត្ថបទព័ត៌មាន ដើម្បី​ប្រឆាំង​នឹងច្បាប់ ដែលតំរូវ​​ឲ្យ​ Facebook បង់ប្រាក់កំរៃដល់​បណ្តាញ​សារព័ត៌មាន។ ស៊ីដនី ថ្ងៃទី ១៩ កុម្ភៈ ២០២១ AP - Rick Rycroft

ក្រុមហ៊ុនFacebook បានប្រកាសថា ខ្លួននឹងចំណាយ​ប្រាក់ ចំនួន១ពាន់លានដុល្លារ​ ក្នុងរវាង៣ឆ្នាំខាងមុខ ដើម្បីជួយ​បណ្តាញ​ព័ត៌មានផ្លូវការ​នានា។ ការសន្យា​នេះ គឺបានធ្វើឡើង បន្ទាប់ពី​ហ្វេសប៊ុក ត្រូវបានគេរិះគន់ជាខ្លាំង ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្រោយ​ពេល​ដែល​ក្រុមហ៊ុន​បណ្តាញ​សង្គមដ៏ធំមួយ​នេះ បាន​សម្រេចបិទ​តំណភ្ជាប់ នៃបណ្តាញសារ​ព័ត៌មាន នៅអូស្ត្រាលី ដើម្បីជា​ការ​ប្រឆាំងទៅនឹង​គំរោងច្បាប់អូស្ត្រាលីមួយ ដែលតម្រូវ​ឲ្យ​ហ្វេសប៊ុក ត្រូវបង់ប្រាក់ឲ្យ​បណ្តាញ​សារ​ព័ត៌មាន​។

ផ្សាយពាណិជ្ជកម្ម

លោក Nick Clegg អ្នកទទួលបន្ទុកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនFacebook បានចេញលិខិតប្រកាសមួយ​ថា ក្នុងរវាង​៣ឆ្នាំទៅមុខ ក្រុមហ៊ុនFacebook និង​ចំណាយប្រាក់ ចំនួន​១ពាន់លាន​ដុល្លារ ទៅក្នុង​ខ្លឹមសារ​នៃ​ព័ត៌មាន​​នានា ដែល​ត្រូវអ្នកប្រើប្រាស់​ ចែករំលែក ឬលោតចេញនៅលើFacebook។ តំណាងFacebookរូបនេះ បានអះអាងថា កន្លង​មក Facebook បានចំណាយ​ប្រាក់ចំនួន​៦០០លានដុល្លាររួចទៅហើយ។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះFacebook បានរងនូវការរិះគន់ជាខ្លាំង បន្ទាប់ពីខ្លួន បាន​សម្រេច​បិទខ្ទប់ មិន​ឲ្យ​តំណភ្ជាប់នៃអត្ថបទសារព័ត៌មាននៅអូស្ត្រាលី អាច​លោតចេញបាន នៅលើFacebook។ Facebookបានធ្វើដូច្នេះ គឺដើម្បីជាការតវ៉ា ចំពោះគំរោងច្បាប់ ដែលសភាអូស្ត្រាលីកំពុងអនុម័ត ហើយ​ដែលច្បាប់នេះ មានខ្លឹមសារតម្រូវឲ្យ​ ក្រុមហ៊ុនបណ្តាញសង្គម​នៅលើអ៊ីនធ័រនិតទាំងអស់​ ត្រូវបង់ប្រាក់ឲ្យ​សមរម្យទៅឲ្យ​ បណ្តាញសារព័ត៌មាន។ ទីបំផុតច្បាប់នេះត្រូវបានសភាអូស្ត្រាលី អនុម័តនៅថ្ងៃព្រហស្បតិ៍ទី២៥កុម្ភៈនេះ ដោយ​សមាជិកសភាអូស្ត្រាលី មានបំណងការពារ​វិស័យ​សារព័ត៌មាន និង​អ្នកកាសែតដែលមានវិជ្ជាជីវៈ ឲ្យ​អាចមានប្រាក់ចំណូល និងធ្វើការដើម្បី​ផលប្រយោជន៍រួម របស់ប្រជាជនទាំងមូល។

នៅក្រោយ​ការអនុម័តច្បាប់នេះ ក្រុមហ៊ុន Facebook បានបន្ទន់ឥរិយាបថ និងបានចុះកិច្ចព្រមព្រៀងមួយ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ដោយ​សន្យា​ផ្តល់ប្រាក់កម្រៃ ទៅឲ្យ​បណ្តាញ​សារព័ត៌មានអូស្ត្រាលី។ ក្រុមហ៊ុន Facebook ក៏​បាន​ទទួលស្គាល់កំហុស និងសោកស្តាយ​ចំពោះ​ការធ្វើជ្រុលហួស ដោយ​ការ​បិទខ្ទប់​តំណផ្ជាប់បណ្តាញ​ព័ត៌មាននៅអូស្ត្រាលី ប៉ុន្មានថ្ងៃមុននេះ។ តែទន្ទឹមនឹងនេះ លោក Nick Clegg បានឆ្លៀត រិះគន់ផងដែរ ទៅលើក្រុមហ៊ុនធំៗ ​ដែលជាម្ចាស់បណ្តាញ​សារព័ត៌មាន ដូចជាក្រុមហ៊ុន News Corp. របស់លោក Rupert Murdoch ថាជាអ្នក​​ជំរុញ​ ឲ្យ​អូស្ត្រាលីធ្វើច្បាប់ ដើម្បីជំរិតទារប្រាក់ពីFacebook។

គួរកត់សំគាល់ថា ប្រមាណ​ជាង​១០ឆ្នាំមកនេះ ជាមួយ​នឹង​ការរីកចម្រើននៃ​បណ្តាញ​អ៊ីនធ័រនិត និងបណ្តាញសង្គម គឺវាបានធ្វើ​ឲ្យ​បណ្តាញ​សារព័ត៌មានសាមញ្ញ​ បាត់បង់ប្រាក់ចំណូលជាខ្លាំង។ បណ្តាញសង្គមបានចែកចាយ​អត្ថបទសារព័ត៌មាន ព្រមទាំងបាន​​ស្រូបយកប្រាក់ចំណូល ពីការផ្សាយ​ពាណិជ្ជកម្ម។ រដ្ឋាភិបាលប្រទេសជាច្រើន កំពុងពិចារណា ដើម្បី​ចាប់បង្ខំ ឲ្យ​ក្រុមហ៊ុនបណ្តាញសង្គម ត្រូវបង់ប្រាក់កំរៃដល់បណ្តាញសារព័ត៌មាន។ ក្រុមហ៊ុន Google បានចំណាយប្រាក់ ប្រមាណ​១ពាន់លានដុល្លារដែរ ដើម្បី​បង់កម្រៃ ទៅឲ្យ​បណ្តាញសារព័ត៌មាននានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI