សហគមន៍អន្តរជាតិទាមទារឲ្យភូមាដោះលែងអ្នកសារព័ត៌មាន២នាក់របស់រ៉យទ័រ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃអង្គារមុននេះ មានការបាត់ខ្លួនរបស់អ្នកសារព័ត៌មានរ៉យទ័រចំនួនពីររូបនៅប្រទេសភូមា។ រហូតមកដល់ថ្ងៃសុក្រម្សិលមិញនេះ រដ្ឋាភិបាលរបស់ភូមា បានឲ្យដឹងថា ពួកគេទាំងពីរត្រូវបានចាប់ឃាត់ខ្លួនដោយមន្ត្រីប៉ូលីសភូមា។ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អង់គ្លេស រួមទាំងប្រទេសនិងអង្គការបរទេសមួយចំនួន ក៏បានចូលរួមក្នុងការទាមទារអោយមានការដោះលែងអ្នកទាំងពីររូបនោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកRex Tillerson បានលើកឡើងកាលពីល្ងាចថ្ងៃសុក្រថា អាមេរិកទាមទារឲ្យភូមាធ្វើការដោះលែងជាបន្ទាន់អ្នកកាសែតរ៉យទ័រទាំងពីររូបដែលត្រូវបានចាប់ខ្លួននៅភូមា ឬត្រូវផ្តល់នូវព័ត៌មានជុំវិញការបាត់ខ្លួនរបស់ពួកគេ។
គួររំលឹកថា កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះ អ្នកសារព័ត៌មានរបស់រ៉យទ័រចំនួនពីររូបបានបាត់ខ្លួននៅប្រទេសភូមា ហើយក្រោយមកក្រសួងព័ត៌មានរបស់ប្រទេសនេះបានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា ពួកគេទាំងពីរត្រូវបានចាប់ឃាត់ខ្លួនដោយប៉ូលីសភូមា ក្នុងបទចោទប្រកាន់ថា ពួកគេបានប្រមូលយកព័ត៌មានដោយខុសច្បាប់ហើយមានបំណងចែកចាយទិន្នន័យទាំងនោះជាមួយសារព័តមានបរទេស។ ក្រសួងព័ត៌មានភូមាក៏បានបញ្ចេញនូវរូបថតមួយសន្លឹករបស់ពួកគេដែលកំពុងជាប់ខ្នោះដៃផងដែរ។
គួរបញ្ជាក់ឲ្យដឹងថា អ្នកសារព័ត៌មានទាំងពីររូបនោះបានយកការណ៏ ជុំវិញសកម្មភាពយោធាភូមានៅរដ្ឋរ៉ាឃីន ដែលនាំឲ្យមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ៦០ម៉ឺននាក់ ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសចាប់តាំងពីចុងខែសីហាមក។
ចំពោះករណីចាប់ខ្លួនអ្នកការសែតរ៉យទ័រនេះ អង់គ្លេស ស៊ុយអ៊ែត រួមទាំងប្រទេសនិងអង្គការពិភពលោកមួយចំនួនដូចជា អង្គការសហប្រជាជាតិនិងសមាគមការពារអ្នកសារព័ត៌មាន បានទាមទារអោយមានការដោះលែងដោយគ្មានលក្ខខណ្ឌក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ចំណែកលោកនាយកនិងប្រធានរបស់រ៉យទ័រខ្លួនឯងផ្ទាល់ ក៏បានស្នើសុំឲ្យមានការដោះលែងភ្លាមៗនូវអ្នកការសែតរបស់ខ្លួន ហើយពួកគេបានលើកឡើងកាលពីថ្ងៃពុធមុននេះថា អង្គភាពសារព័ត៌មានពិភពលោកមានកំហឹងនិងមិនពេញចិត្តខ្លាំងចំពោះការវាយប្រហារទៅលើសិទ្ធិសេរីភាពសារព័ត៌មានបែបនេះ។
ក្រសួងព័ត៌មានរបស់ភូមាធ្លាប់បានលើកឡើងថា អ្នកទាំងពីររូបនោះអាចប្រឈមមុខនឹងការកាត់ទោសឲ្យជាប់ពន្ធធនាគាររហូតដល់ទៅ១៤ឆ្នាំ តែទោះជាយ៉ាងណាក្តី ក្រសួងនេះក៏បានឲ្យដឹងថា មកទល់ពេលបច្ចុប្បន្ននេះ ពួកគេពុំទាន់ត្រូវបានចោទប្រកាន់ជាផ្លូវការនៅឡើយទេ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ