សហភាព​អឺរ៉ុប​ស្នើឲ្យ​បញ្ចូល​ឈ្មោះ​អារ៉ាប៊ីសាអូឌីត​និង​ប៉ាណាម៉ា​ក្នុង​បញ្ជីខ្មៅ​ប្រទេស​លាងលុយ​កខ្វក់​

ច្រកចូលសំខាន់នៃទីស្នាក់ការកណ្តាលរបស់គណៈកម្មការសហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក។
ច្រកចូលសំខាន់នៃទីស្នាក់ការកណ្តាលរបស់គណៈកម្មការសហភាពអឺរ៉ុបនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក។ REUTERS/Francois Lenoir

សហភាពអឺរ៉ុប​ កាលពី​ថ្ងៃពុធ​ ម្សិលមិញ​នេះ​បានស្នើ​ដាក់បញ្ចូល​ឈ្មោះ​ប្រទេស​ចំនួន​៧ ​ដែល​ក្នុងនោះ​មានទាំង​អារ៉ាប៊ីសាអូឌីត​ និង​ប៉ាណាម៉ា​ផងដែរ​ ទៅក្នុង​បញ្ជីខ្មៅ​ប្រទេស​លាងលុយ​កង្វក់​។ ក្រោយបានដឹង​អំពី​ការស្នើនេះ​ ប្រទេសអា​រ៉ាប៊ីសាអូឌីត​ បានសម្តែង​នូវការ​សោកស្តាយជាខ្លាំង​និងថា​សហភាពអឺរ៉ុប​មិនគួរដាក់ប្រទេសខ្លួន​ ក្នុង​បញ្ជីខ្មៅនោះទេ​។

ផ្សាយពាណិជ្ជកម្ម

ចំណាត់ការ​ថ្មី​ ដែល​សហភាពអឺរ៉ុប​ ដាក់ទៅលើ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ បាន​បង្កើន​ភាពតានតឹង​មួយកម្រិតទៀត​ រវាង​បណ្តាប្រទេសអឺរ៉ុប​ និង​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាដ​ ដែល​កំពុងតែ​មាននឹងគ្នា​ស្រាប់​។ ជា​ភាពតានតឹង​ ពាក់ព័ន្ធនឹង​ឃាតកម្ម​ទៅលើ​អ្នកកាសែត​ Jamal Khashoggi ដែលបាន​កើតឡើង​កាលពីឆ្នាំ​ទៅមិញ​។

គួរជម្រាបថា​ នៅថ្ងៃពុធ​ ទី១៣ កុម្ភៈ​ សហភាពអឺរ៉ុប​ បាននិយាយថា​ប្រទេសចំនួន៧​ ក្នុងនោះ​មាន​អារ៉ាសាអូឌីត​ដែរ​ត្រូវបាន​ស្នើសុំ​ឲ្យបញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​ប្រទេស​លាងលុយកខ្វក់​ដោយសារតែ​ប្រទេសទាំងនោះ​បរាជ័យ​ក្នុងការ​ទប់ស្កាត់​ចរាចរណ៍​លុយកខ្វក់​។ ចរាចរណ៍​លុយកខ្វក់​ដែល​ជួយទ្រទ្រង់​ដល់​ដំណើរការ​ធ្វើភេវរកម្ម​ និង​បទ​ឧក្រិដ្ឋផ្សេងៗ​។

ជាមួយគ្នានេះ​ សហភាពអឺរ៉ុប​ក៏បាន​បញ្ជាក់ថា​វិធានការថ្មី​របស់​ខ្លួននេះ​ មិនមែនជា​ការដាក់​ទណ្ឌកម្មអ្វី​ទៅលើ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ពាក់ព័ន្ធនឹង​ករណី​ឃាតកម្ម​លើ​អ្នកកាសែត​ Khashoggi​ នោះទេ​។ ប៉ុន្តែ​នេះ​ជារឿង​ដែល​ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​ត្រូវ​ធ្វើ​ ដើម្បី​រឹតបណ្តឹង​ការ​ត្រួតពិនិត្យ​លើ​ចរាចារណ៍​លុយ​របស់​អ្នកប្រើប្រាស់​ និង​ស្ថាប័ននានា​នៅក្នុង​ប្រទេស​ទាំងអស់​នោះ​។

ទាក់ទងរឿងនេះដែរ​ អារ៉ាសាអូឌីត​មានសម្តែង​នូវ​អាម្មណ៍​សោកស្តាយ​ជាខ្លាំង​ និង​ហាក់មិនអស់ចិត្ត​ទាល់តែសោះ​ ចំពោះ​ការលើកឡើង​របស់​សហភាពអឺរ៉ុប​ ដែលថា​អារ៉ាប៊ីសាអ៊ូឌី​ត គួរត្រូវដាក់​ក្នុង​បញ្ជីខ្មៅ​ប្រទេស​ប្រឈមខ្លាំង​បំផុត​ ដែល​សម្បូរ​អ្នក​ទៅ​លាងលុយកខ្វក់​។

ជាក់ស្តែង​ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អារ៉ាប៊ីសាអូឌីត​ លោកម៉ូហាម៉េត អាល់ហ្សាដាន់​ បាននិយាយថា​នៅគ្រាកន្លងមក​រដ្ឋាទីបាលទីក្រុងរីយ៉ាដ​ខិតខំប្រឹងប្រែង​ខ្លាំងសម្បើមណាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការលាងលុយ​កខ្វក់​នៅក្នុង​ប្រទេស​។

លោកអាល់ហ្សាដាន់​ បន្តថា​អារ៉ាប៊ីសាអូឌីត​បានដាក់​ការរាំងខ្ទប់ចរារណ៍​លុយកខ្វក់​ ជាយុទ្ធសាស្ត្រ​ចំបង​របស់​ប្រទេស​ និង​អះអាង​ទៀតថា​រដ្ឋាទីបាល​ទីក្រុង​រីយ៉ាដ​កំពុងតែពង្រឹង​ និងបង្កើន​នូវ​ក្របខណ្ឌច្បាប់​ដើម្បី​បង្ក្រាប​ការលាង​លុយកខ្វក់​នៅក្នុង​ប្រទេស​ប្រកបដោយ​ជោគជ័យ​នៅពេលអនាគត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI