អតីត​ប្រធាន​ក្រុម​ឃោសនា​បោះឆ្នោត​របស់​លោកត្រាំ​ត្រូវកាត់ទោស​ដាក់​ពន្ធនាគារ​ ៤៧ខែ​

លោក Paul Manafort អតីតប្រធានក្រុមឃោសនាបោះឆ្នោត ឲ្យលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ពេលនៅក្នុងសវនាការនាថ្ងៃទី ៧ មីនា ឆ្នាំ២០១៩។
លោក Paul Manafort អតីតប្រធានក្រុមឃោសនាបោះឆ្នោត ឲ្យលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ពេលនៅក្នុងសវនាការនាថ្ងៃទី ៧ មីនា ឆ្នាំ២០១៩។ REUTERS/Bill Hennessy

នៅថ្ងៃព្រហស្បតិ៍​ ម្សិលមិញនេះ​ លោក Paul Manafort​ អតីត​ប្រធានក្រុម​ឃោសនា​បោះឆ្នោត​ ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​ជិត ៤ ឆ្នាំ ​ពាក់ព័ន្ធនឹង​ករណី​គេចពន្ធ​ និង​កេងបន្លំ​លុយ​ធនាគារ។ ក្រៅពីនេះ​ លោក Manafort​ ក៏ត្រូវ​ប្រឈមនឹង​ការកាត់ទោស​ពី​តុលាការ​អាមេរិក​ លើ​ករណី​ផ្សេងទៀត​ផងដែរ​។

ផ្សាយពាណិជ្ជកម្ម

ការកាត់ទោស លោក Manafort ដែលធ្លាប់ជាមនុស្សស្និទ្ធម្នាក់របស់លោកដូណាល់ ត្រាំ គឺជាការរឿងក្តីដ៏ធំមួយ ដែលកើតចេញអំពីការស៊ើបអង្កេតរបស់លោក Mueller ជារដ្ឋអាជ្ញាពិសេស ដែលធ្វើការតាមដានពាក់ព័ន្ធនឹងការជ្រៀតជ្រែក របស់ប្រទេសរុស្ស៊ី ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាឆ្នាំ ២០១៦។

លោក Manafort ត្រូវបានតុលាការអាមេរិក ទម្លាក់បទចោទប្រកាន់ចំនួន ៥ កាលពីខែសីហា ឆ្នាំ ២០១៨។ បទចោទទាំងនោះ ទាក់ទងទៅនឹង ករណីដាក់ឯកសារបញ្ជាក់ពន្ធលើប្រាក់ចំណូលមិនត្រឹមត្រូវ ការកេងបន្លំ​លុយ​ធនាគារ និងការខកខានមិនបានរាយការណ៍ពីគណនីធនាគារនៅបរទេស។

រដ្ឋអាជ្ញាអាមេរិកបានចោទប្រកាន់ លោក Manafort ថាបានប្រើប្រាស់គណនីធនាគារនៅក្រៅប្រទេសមួយចំនួន ដើម្បីលាក់លៀមពី ទឹកប្រាក់ ចំនួនប្រមាណជា ៥៥ លានដុល្លារ ដែលលោករកបាន ពីការងារជាអ្នកផ្តល់ប្រឹក្សា ទៅឲ្យអ្នកនយោបាយអ៊ុយក្រែន។ ទាក់ទងរឿងនេះដែរ បើតាមចៅក្រម តុលាការបានបញ្ជាឲ្យលោក Manafort បង់ប្រាក់សំណងចំនួនរាប់លានដុល្លារ និងពិន័យជាប្រាក់ចំនួន ៥ ម៉ឺនដុល្លារ។

ស្ថិតក្នុងវ័យ ៦៩ ឆ្នាំ និងអង្គុយលើរទេះរុញ ពេលចូលសវនាការ ដោយសារតែរងគ្រោះពីជម្ងឺលើសឈាម លោក Manafort នឹងត្រូវប្រឈមនឹងការកាត់ទោសមួយទៀត នៅសប្តាហ៍ក្រោយ ក្នុងទីក្រុងវ៉ាស៊ីនតោន។ មួយវិញទៀត បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP លោក Manafort អាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារយ៉ាងតិចចំនួន ១០ ឆ្នាំចំពោះសវនាការខាងលើនេះ ការណ៍ដែលលោកធ្លាប់ធ្វើការចំនួន ១០ ឆ្នាំឲ្យរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន និងមិនមានជាប់ពាក់ព័ន្ធអ្វី ទៅនឹងសំណុំរឿងដែលរុស្ស៊ីលូកដៃក្នុងការបោះឆ្នោតនៅអាមេរិកឡើយ។

គួររំឭកជូនថា លោក Paul Manafort គឺជាអតីតសហការីដ៏ជំនិតម្នាក់ ក្នុងចំណោមអតីតសហការី និងមនុស្សជំនិតរបស់លោកត្រាំផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ដោយលោក Mueller។ លោក Mueller គឺជារដ្ឋអាជ្ញាពិសេសអាមេរិក ដែលទទួលបន្ទុកផ្នែកស៊ើបអង្កេត ពាក់ព័ន្ធទៅនឹងការចូលជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI