អានតួអត្ថបទ
កសិកម្ម-អាកាសធាតុ

មូលនិធិអន្តរជាតិ​ដើម្បី​ការអភិវឌ្ឍន៍​កសិកម្ម អំពាវនាវ​ប្រមូល​ប្រាក់​ជួយ​កសិករ​ក្រីក្រ

កសិករបោកស្រូវ នៅ​ប្រទេស​​នីហ្សេរីយ៉ា។ ថ្ងៃទី​៣ ធ្នូ ២០១៩​
កសិករបោកស្រូវ នៅ​ប្រទេស​​នីហ្សេរីយ៉ា។ ថ្ងៃទី​៣ ធ្នូ ២០១៩​ REUTERS/Afolabi Sotunde
ដោយ៖ ម៉ម ពិសី
១៣ នាទី

មូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍន៍កសិកម្ម ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិ បានប្រកាសអំពាវនាវ​ ស្វែងរក​​ថវិកា ចំនួន​១៧០០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងរបស់ខ្លួន ក្នុងការ​​​​ជួយដល់​កសិករ នៅតាមប្រទេសក្រីក្រ ដែលរងផលប៉ះពាល់ខ្លាំង ដោយសារតែការប្រែប្រួលអាកាសធាតុ។ ប្រធានមូលនិធិនេះ បានលើកឡើងថា ថវិកាចំណាយបានកើនឡើងដល់៥០% ក៏ដោយសារតែតម្រូវការចាំបាច់បន្ទាន់ ក្នុងការជួយកសិករក្រីក្រ មានកាន់តែច្រើន​។

ផ្សាយពាណិជ្ជកម្ម

សម្រាប់គម្រោងឆ្នាំ២០២២-២០២៤ មូលនិធិ​អន្តរជាតិដើម្បីការអភិវឌ្ឍន៍កសិកម្ម (FIDA) ត្រូវការប្រាក់ចំនួន ១៧០០លានដុល្លារសហរដ្ឋអាមេរិក។ មូលនិធិនេះ បានអំពាវនាវសុំឲ្យប្រទេសសមាជិកទាំង​១៧៧ប្រទេស ចូលរួមជួយឲ្យអស់ពីសមត្ថភាព ព្រោះថាតម្រូវ​ការ​ជួយ​កសិករ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែការប្រែប្រួលអាកាសធាតុ មានកាន់តែច្រើន និងកាន់តែបន្ទាន់ជាទីបំផុត។

លោក Gilbert Houngbo អគ្គនាយកមូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍន៍កសិកម្ម បានថ្លែងប្រាប់ថា ចំណាត់ការដែលត្រូវ​ធ្វើ គឺត្រូវតែឲ្យវាសក្តិសមទៅនឹង​ស្ថានការណ៍ជាក់ស្តែង។ លោកពន្យល់ថា ៨០%នៃប្រជាជនក្រីក្រលើលោកយើង គឺសុទ្ធសឹងតែជាប្រជាកសិករ តំបន់ស្រែចំការ។ ផ្ទុយទៅវិញ គឺពួកគេនេះហើយ ដែលជាអ្នកផលិត​នូវកសិផល ដែល​ជា​ប្រភពនៃថាមពលកាឡូរី ដល់ទៅ៥០% របស់មនុស្សទាំងអស់លើកពិភពលោក​។ ដូច្នេះ កម្មវត្ថុនៃគម្រោងការងារ គឺត្រូវធ្វើយ៉ាងណា យិតយោងជីវភាពរបស់ប្រជាកសិករ​ ជាពិសេសនៅតាម​ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។

លោកអគ្គនាយក បានពន្យល់បន្ថែមថា កសិករក្រីក្រ គឺជាអ្នករងគ្រោះខ្លាំងជាងគេ ដោយការ​ប្រែប្រួលអាកាសធាតុ។ ភាពរាំងស្ងួត ទឹកជំនន់ ដីខ្សោះជីរជាតិ និងគ្រោះធម្មជាតិផ្សេងៗ បានបំផ្លាញផលដំណាំ ដែលជាប្រភពចំណូលរបស់ពួកគេ។ ជួយជីវភាពកសិករ ក៏ជួយមួយផ្នែក ក្នុងការទប់ពួកគេ កុំឲ្យធ្វើ​ចំណាក​ស្រុក ភៀសខ្លួនផ្សងព្រេង ទៅកាន់ប្រទេសផ្សេងដែរ។

គោលបំណងរបស់មូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍន៍កសិកម្ម គឺពីនេះដល់ឆ្នាំ២០៣០ ត្រូវជួយ​បន្ថែមប្រាក់ចំណូល​ចំនួន​យ៉ាងហោច​២០% ឲ្យ​ដល់​កសិករក្រីក្រ ប្រមាណ​២៥០លាននាក់។ ការស្វះស្វែងជួយដល់គម្រោងថ្មីៗ ក្នុងការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធស្តុកទុកទិន្នផល ឬកែច្នៃទិន្នផលកសិកម្ម ក៏ជាការចាំបាច់ដែរ ព្រោះជាក់ស្តែងបច្ចុប្បន្ននៅទ្វីបអាហ្រិ្វក ទិន្នផលកសិកម្មប្រមាណ​៤០% ត្រូវខូចខាត ឬប្រើការមិនកើត ដោយសារ​តែ​ខ្វះការកែច្នៃ​ និងប្រព័ន្ធស្តុកទុក។

គួរកត់សំគាល់ថា ប្រមាណ​៥ឆ្នាំចុងក្រោយនេះ គ្រោះទុរភិក្ខ ខ្វះស្បៀងអាហារ បានកើតមានកាន់តែខ្លាំង និងច្រើនកន្លែងនៅតាមប្រទេសក្រីក្រ។ ធនាគាពិភពលោក​ បានសន្និដ្ឋានថា បម្រែបម្រួលអាកាសធាតុ ដែលលឿនរហ័សធ្ងន់ឡើងៗ ​ប្រមាណ៥ឆ្នាំមកនេះ បាន​រុញមនុស្ស​១០០លាននាក់បន្ថែមទៀត ឲ្យ​ធ្លាក់ខ្លួនក្នុងជីវភាពក្រីក្រ ហើយដែលពាក់កណ្តាល គឺដោយសារផលប៉ះពាល់ លើវិស័យកសិកម្មនេះតែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ