អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តម្រូវការខ្សាច់ កសិកម្ម និងបញ្ហាបរិស្ថានអាស៊ី

កប៉ាល់​ចិន​បូមខ្សាច់​ដើម្បី​សង់ឆ្នេរ​នៅ​ប្រទេស​ស្រីលង្កា
កប៉ាល់​ចិន​បូមខ្សាច់​ដើម្បី​សង់ឆ្នេរ​នៅ​ប្រទេស​ស្រីលង្កា ©ISHARA S. KODIKARA / AFP
ដោយ៖ ឆន ឌីណា
២១ នាទី

តម្រូវការខ្សាច់ដ៏សម្បើម សម្រាប់ការសាងសង់ បានបង្កភាពអន្តរាយដល់វិស័យកសិកម្ម និងបរិស្ថាន ជាពិសេស នៅក្នុងតំបន់អាស៊ី ក៏ប៉ុន្តែ រដ្ឋាភិបាលនៃប្រទេសអាស៊ីនីមួយៗ ហាក់ត្រូវប្រឈមយ៉ាងលំបាក ដើម្បីទប់ស្កាត់ការបូមខ្សាច់ខុសច្បាប់។

ផ្សាយពាណិជ្ជកម្ម

ដោយសារការសាងសង់ក្នុងទីក្រុង តម្រូវការខ្សាច់កើនឡើងខ្លាំង នៅតំបន់អាស៊ី។ អ្នកដែលត្រូវប្រឈមខ្លាំងមុនគេ គឺ ពលរដ្ឋដែលកំពុងរស់នៅ និងធ្វើកសិកម្មតាមបណ្តោយដងទន្លេ។ ​អ្នកបន្ទាប់ គឺ បរិស្ថាន និង​សង្គមជាតិទាំងមូល។ បញ្ហានេះកាន់តែមានសភាពធ្ងន់ធ្ងរ សម្រាប់ប្រទេសអាស៊ី ដែលមានការអនុវត្ដច្បាប់ទន់ខ្សោយ។ ផ្អែកតាមរបាយការណ៍មួយចេញផ្សាយ ដោយសារព័ត៌មានអង់គ្លេស The Economist បង្ហាញថា មិនមានពេលវេលាណាដែលអាជីវកម្មខ្សាច់មានទំហំធំធេងដូចបច្ចុប្បន្ននេះទេ ព្រោះថា តម្រូវការខ្សាច់បានកើនឡើងយ៉ាងសម្បើម។ ពិភពលោកទាំងមូល ប្រើប្រាស់ខ្សាច់ និងក្រួស ប្រមាណជិត ៥០ពាន់លានតោន ក្នុងមួយឆ្នាំៗ ពោលគឺជាទំហំស្ទើរតែទ្វេដង បើប្រៀបធៀបជាមួយនឹងមួយទសវត្សរ៍មុន។ មិនមានធនធានធម្មជាតិ ផ្សេងណាទៀតទេ ដែលត្រូវគេទាញយកមកប្រើប្រាស់ និងធ្វើអាជីវកម្ម ក្នុងទំហំបែបនេះទេ។

ជាក់ស្ដែង តម្រូវការខ្សាច់ នៅតំបន់អាស៊ី មានទំហំធំធេងណាស់ ជាពិសេស នៅតាមបណ្ដាទីក្រុងនានា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រោះថា ខ្សាច់គឺជាគ្រឿងផ្សំដ៏ចម្បងបំផុត សម្រាប់ការផលិតបេតុង ស៊ីម៉ងត៍ និងកញ្ចក់។ ប្រទេសចិន បានប្រើប្រាស់​ស៊ីម៉ងត៍ នៅចន្លោះឆ្នាំ២០១១ និង២០១៣ ក្នុងទំហំធំជាង អាមេរិកប្រើប្រាស់ នៅពេញសតវត្សរ៍ទី២០ តែម្ដង​។ ក្នុងបរិបទនេះ ការប្រើប្រាស់ស៊ីម៉ងត៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្សាច់។

ចាប់តាំងពីឆ្នាំ១៩៦០ សិង្ហបុរី ដែលជាប្រទេសនាំចូលខ្សាច់ធំជាងគេបំផុតលើពិភពលោក បានពង្រីកទឹកដីរបស់ខ្លួន ជិតមួយភាគបួន ជាពិសេសការចាក់ដីខ្សាច់លុបលើសមុទ្រ។ អង្គការសម្រាប់សហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច ឬហៅកាត់ថា OECD បានប៉ាន់ស្មានថា តម្រូវការខ្សាច់ និងក្រួស សម្រាប់ឧស្សាហកម្មសំណង់ នឹងកើនឡើងទ្វេដងក្នុងរយៈពេល ៤០ឆ្នាំខាងមុខ។ ដូច្នេះហើយ គ្មានអ្វីដែលគួរឱ្យងឿងឆ្ងល់នោះទេ នៅពេលដែលតម្លៃខ្សាច់កំពុងតែហក់ឡើងយ៉ាងខ្លាំង។ នៅវៀតណាម ក្នុងឆ្នាំ២០១៧ តម្លៃខ្សាច់បានកើនឡើងបួនដង ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ។

ជាទូទៅ មនុស្សភាគច្រើនយល់ថា ខ្សាច់មានច្រើនណាស់លើពិភពលោក និងគ្មានដែនកំណត់នោះទេ។ ក៏ប៉ុន្តែ ជាក់ស្ដែង ខ្សាច់ជាវត្ថុធាតុដើមដ៏កម្រមួយ ដែល​ការសាងសង់អគារត្រូវការវាយ៉ាងចាំបាច់ ហើយមិន​មែនគ្រប់ប្រភេទខ្សាច់ សុទ្ធតែអាចធ្វើរឿងនេះបាននោះទេ។ ឧទាហរណ៍ ជាក់ស្ដែង អេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសសម្បូរពោរពាសដោយខ្សាច់ ក៏ត្រូវនាំចូលខ្សាច់ដែរ ព្រោះវាលខ្សាច់នៅតំបន់នោះ មិនអាចប្រើការជាមួយស៊ីម៉ងត៍បានទេ។ ខ្សាច់ដែលយកចេញពីទឹក ជាវត្ថុធាតុដើមជាប់ល្អជាង។ ដូច្នេះ ការទាញយកខ្សាច់ចេញពីឆ្នេរសមុទ្រ និងទន្លេ កំពុងកើនឡើង។ ទោះជាយ៉ាងណា យោងទៅតាម កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNEP បណ្ដាប្រទេសអាស៊ី កំពុងប្រើប្រាស់ខ្សាច់​ហួសពីលទ្ធភាពដែល​ខ្សាច់អាចបង្កើតខ្លួនឯងបាន ទៅតាមដំណើរធម្មជាតិកន្លងមក។ នៅឥណ្ឌូនេស៊ី កោះតូចៗចំនួនប្រហែល២០ បានបាត់ខ្លួន តាំងពីឆ្នាំ២០០៥។ ចំណែក​ប្រទេសវៀតណាមរំពឹងថានឹងអស់ខ្សាច់នៅឆ្នាំនេះ។

តម្រូវការខ្សាច់ខ្លាំងជ្រុល ក៏ធ្វើឱ្យប៉ពាល់ដល់បរិស្ថាន និងវិស័យកសិកម្មផងដែរ។ ការយកដីខ្សាច់ចេញពីច្រាំងទន្លេ ធ្វើឱ្យប៉ះពាល់ដល់ជម្រកត្រីរស់ ចិញ្ចឹមខ្លួន និង​ពង។ របាយការណ៍ខ្លះ វាយតម្លៃថា ​កត្តានេះអាច​នឹង​រួមចំណែកដល់ការផុតពូជត្រីផ្សោត នៅទន្លេYangzi ក្នុងប្រទេសចិន។ ពាក់ព័ន្ធនឹងវិស័យបរិស្ថានវិញ នៅពេលណាដែលកម្ពស់ទឹកសមុទ្រកើនឡើង ស្របជាមួយការផ្លាស់ប្តូរអាកាសធាតុ ទឹកប្រៃកំពុងហក់ឡើងតាមដងទន្លេ នៅប្រទេសអូស្ត្រាលី កម្ពុជា ស្រីលង្កា និងវៀតណាម និងនៅក្នុងចំណោមកន្លែងផ្សេងៗទៀត ហើយ​វាកំពុង​រុញច្រាន ឱ្យ​ទិន្នផលដំណាំធ្លាក់ចុះ នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ប្រជាជនយ៉ាងច្រើន ដែលកំពុងរស់នៅតាមបណ្តោយដងទន្លេ បាន​មើលឃើញពីការរួមតូចនៃដីធ្លីមាត់ទន្លេរបស់ខ្លួន ហើយការប្រកបរបរកសិកម្មក៏ត្រូវបាត់បង់ផងដែរ។

ការទប់ស្កាត់ការធ្វើអាជីវកម្មខ្សាច់ ជារឿងលំបាក និងស្មុគស្មាញ ព្រោះថា ភាគច្រើននៃការធ្វើអាជីវកម្មខ្សាច់ គឺជាអាជីវកម្មខុសច្បាប់។ បញ្ហានេះកាន់តែមានសភាពធ្ងន់ធ្ងរ សម្រាប់ប្រទេសអាស៊ី ដែលមានការអនុវត្ដច្បាប់ទន់ខ្សោយ។ យោងតាម អង្គការគំនិតផ្តួចផ្តើមពិភពលោកប្រឆាំងឧក្រិដ្ឋកម្មឆ្លងប្រទេស បានបង្ហាញថា មានតែអាជីវកម្មខ្សាច់ប្រហែល ២ ភាគ ៥ ប៉ុណ្ណោះ ដែលបានជួញដូរដោយស្របច្បាប់។

ស្របពេលជាមួយគ្នា អ្នកវិទ្យាសាស្ត្រ ក៏កំពុងពិសោធប្រើប្រាស់ជម្រើសថ្មីជំនួសស៊ីម៉ងត៍ ឬក៏ការធ្វើយ៉ាងណាប្រើប្រាស់ខ្សាច់ឱ្យ​បានតិចជាងមុន។ ជាឧទាហរណ៍ នៅឆ្នាំ២០១៨ រដ្ឋ Maharashtra នៃប្រទេសឥណ្ឌា បានអនុម័តច្បាប់ តម្រូវឱ្យអ្នកម៉ៅការ ប្រើប្រាស់កាកសំណល់ប្លាស្ទិក ធ្វើជាវត្ថុធាតុដើមបំពេញបន្ថែម នៅពេលសាងសង់ ឬជួសជុលផ្លូវ។ សិង្ហបុរីឯណោះវិញ ក៏កំពុងបង្កើតគម្រោងដីថ្មី ដោយការបង្ហូរទឹកចេញ ជាជាងចាក់ខ្សាច់ចូលបន្ថែម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ