អានតួអត្ថបទ

ILO៖ វិបត្តិ​កូវីដ១៩ អាច​ធ្វើ​ឱ្យ​បាត់បង់​ការងារ​ប្រមាណ​២៥លាន​ការងារលើពិភពលោក

អង្គការពលកម្មអន្តរជាតិ ឬ ILO
អង្គការពលកម្មអន្តរជាតិ ឬ ILO ILO
ដោយ៖ ហេង ឧត្តម
1 នាទី

​​អង្គការ​ពលកម្ម​អន្តរជាតិ ​បាន​វាយតម្លៃ​ថា វិបត្តិ​មេរោគផ្លូវ​ដង្ហើមថ្មី អាច​នឹង​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ ចំនួន ២៥លាន​ការងារ នៅទូទាំង​ពិភពលោក។ នេះបើ​តាម​របាយការណ៍​សិក្សាមួយ ចេញផ្សាយ​នៅថ្ងៃ​ពុធ ទី​១៨មីនា  ពី​ប្រទេស​ស្វីស។ ទន្ទឹម​គ្នា​នេះ អង្គការ​ពលកម្ម​អន្តរជាតិ ហៅកាត់ថា ILO ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃប្រទេស​នីមួយៗ​ គួរតែ​មាន​ចំណាត់ការ និង​រក​វិធានការយ៉ាង​យក​ចិត្តទុកដាក់​ខ្ពស់​បំផុត ដើម្បី​ស្តារ​វិស័យ​សេដ្ឋកិច្ច​និង​ទ្រទ្រង់វិស័យ​ការងារ។​ ប្រសិន​បើ​មិន​ដូច្នោះទេ ផលប៉ះពាល់ផ្នែកការងារ​ ​គឺ​អាចធ្ងន់ធ្ងរ ​ស្ទើរតែ​នឹង​ស្មើវិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ​២០០៨ដូច្នោះដែរ។​

ផ្សាយពាណិជ្ជកម្ម

ការ​បាត់​បង់​ការងារ​ធ្វើ​នេះ ព្រោះតែ​វិបត្តិ​​សេដ្ឋកិច្ច កើតចេញពី​ការ​រីករាលដាល​​នៃមេរោគ​កូរ៉ូណាថ្មី​ ហើយ​ ផ្នែក​សេវាកម្ម​និង​ផលិតកម្ម  ​រងគ្រោះដោយផ្ទាល់និង​ខ្លាំងបំផុត​​។​ ក្រុមមនុស្សដែលប្រឈមខ្លាំងជាងគេ គឺជាយុវជនដែលមានអាយុចន្លោះពី១៥ដល់២៤ឆ្នាំ ពីព្រោះថា ​ ពួក​គេភាគច្រើនធ្វើការងារ​​រយៈ​ពេល​ខ្លីៗនិង​មិនជាប់លាប់ ហើយ​ច្រើនតែ​នៅក្នុង​វិស័យ​សេវាកម្ម​។ ​ផ្នែក​សេវាកម្ម​​នេះ​ប៉ះពាល់​ខ្លាំង​ ដោយការ​បញ្ជាទិញថយចុះ​ជាលំដាប់​ ចាប់​តាំងតែពីពេល​ផ្ទុះ​មេរោគ​​កូរ៉ូណាថ្មី​មកម្ល៉េះ។​ «ប្រសិន​បើ​ការ​បញ្ជាទិញទំនិញ នៅតែ​បន្ត​ថយ​ចុះ​បន្តបន្ទាប់​ នៅប៉ុន្មាន​ខែ​ខាងមុខ​នេះទៀត យើង​ច្បាស់​ជាឈាន​ដល់​វិបត្តិ​ប៉ះពាល់​ខ្លាំង​ដល់​ឱកាសការងារ​របស់​យុវជនជាមិន​ខាន​»​។ នេះ​បើ​តាមការ​បញ្ជាក់​របស់លោក Sangheon Lee នាយក​ផ្នែក​គោល​នយោបាយ​ការងារ​របស់​អង្គការ​ ILO។  

អង្គការ​ពលកម្ម​អន្តរជាតិ ឱ្យដឹងដែរ ថាអត្រា​អត់​​ការងារ​ធ្វើ ​អាច​នឹង​កើនឡើង នៅរវាង​ឆ្នាំ​២០២០និង២០២១ ហើយ​​ក្រុមយុវវ័យជំទង់ ចន្លោះពី១៥ដល់២៤ឆ្នាំ ​អាច​ប្រឈម​ខ្លាំង​បាត់បង់​ការងារ ចំនួន​​បីដងច្រើនជាង យុវ​ជន​ដែល​មាន​វ័យ​ចាប់ពី​២៥ឆ្នាំឡើងទៅ។ មួយ​ភាគ​ប្រាំ នៃ​យុវជនវ័យក្មេង អាយុ​ចន្លោះ​ពី១៥ដល់២៤ឆ្នាំ គឺ​មិន​បាន​ទទួល​ការ​សិក្សា​រៀន​សូត្រ ហើយ​រស់​នៅ​ក្នុងភាព​គ្មាន​ការងារ​ធ្វើ ​មិន​​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ។ ​បាតុភាព​នេះ មិន​ស្រកស្រុត​នោះឡើយ ហើយ​ប៉ះពាល់​ខ្លាំង​ ភាគច្រើន​ទៅដល់​យុវនាវីវ័យ​ក្មេងទៀតផង​។​ តាម​ទិន្នន័យ​របស់អង្គការ​ដដែល យុវជន​ក្នុង​វ័យជំទង់​​នេះ មាន​ការងារធ្វើ​ចំនួន​៤២៩លាននាក់ ដែល​ក្នុង​នោះ​១៣ភាគ​រយ ឋិតក្នុង​ស្ថានភាព ក្រីក្រដុនដាប​តោកយ៉ាក រស់នៅ​និងរកកម្រៃ​បាន​ក្រោម​ ១,៩ដុល្លារក្នុង​មួយ​ថ្ងៃ ហើយ​១៧ភាគរយ​ផ្សេង​ទៀត​ រក​ប្រាក់​បាន ​ជាង​៣,២ដុល្លារ​ ក្នុង​មួយ​ថ្ងៃ។

ជាដំណោះស្រាយ​ទប់​ទល់​នឹង​វិបត្តិ​ចំពោះ​មុខ អង្គការ ILO អំពាវនាវឱ្យមានវិធានការបន្ទាន់ ខ្នាតធំ និងសមស្រប ដើម្បីជំរុញវិស័យ​សេដ្ឋកិច្ច ពិសេស​ការពារការងាររបស់​កម្មករ និងរក្សា​ប្រាក់ចំណូល ជា​ឆ្នាំងបាយ​របស់​ពួកគេ​។ វិធានការ ដែល​ ILO បង្ហើបដែរនោះ គឺ​គួរតែមាន​ចំណាត់គាំពារ​ផ្នែក​សង្គមកិច្ច  ដូចជាការឈប់សម្រាកដោយរក្សា​ប្រាក់ឈ្នួលដដែល។ ចំពោះ​វិស័យ​ឯកជន សហគ្រាសធនតូចនិងមធ្យម, អាជ្ញាធរ​ គួរ​តែ​បន្ធូរបន្ថយ​​ផ្នែក​ហិរញ្ញវត្ថុ និងយោគយល់​ថ្លៃបង់​ពន្ធ ជាដើម​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ