អានតួអត្ថបទ

លោក ត្រាំ រារែកចាត់វិធានការ​តឹង​​ខ្លាំងប្រឆាំង កូវីដ១៩ ព្រោះ​​ខ្លាច​ប៉ះពាល់សេដ្ឋកិច្ច​ធ្ងន់ធ្ងរ!​​

Donald Trump, durante una comparecencia informativa sobre el coronavirus el 21 de marzo de 2020 en la Casa Blanca, en Washington
Donald Trump, durante una comparecencia informativa sobre el coronavirus el 21 de marzo de 2020 en la Casa Blanca, en Washington AFP/Archivos
ដោយ៖ ហេង ឧត្តម
1 នាទី

នៅ​សហរដ្ឋអាមេរិក ករណី​ឆ្លង​​កូវីដ​ ១៩ មាន​ចំនួន​ជាង​៤ម៉ឺន​នាក់ ហើយ​សម្លាប់មនុស្ស ប្រមាណ​​ជិត​៥០០នាក់​។  ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាលនៃ​មេរោគកូរ៉ូណាថ្មី សេតវិមាន​អាមេរិក​ បាន​ចេញ​បញ្ជា​ឱ្យ​បិទ​កន្លែង​រកស៊ី​ពាណិជ្ជកម្មណា​ដែល«​មិន​ចាំបាច់​» ក៏ប៉ុន្តែ​ មិន​បិទ​បង្ខាំង​មនុស្ស​ទូទាំង​ប្រទេស ​ដូច​ចំណាត់​ការ​នៃ​ប្រទេសមួយ​ចំនួន​ផ្សេងទៀត​នោះទេ។ អ្នក​ជំនាញ​ខាងសុខភាព​នៅ​សហរដ្ឋអាមេរិក​ យល់ថា​វិធានការ​របស់​រដ្ឋ​នៅ​មិន​ទាន់​​គ្រប់​គ្រាន់​នៅឡើយទេ ហើយ​និង​ថា​ លោកប្រធានាធិបតី​ ​ដូណាល់ ត្រាំ ហាក់រារែក​ក្នុងការ​ចាត់វិធានការ​តឹង​រឹង​ខ្លាំងប្រឆាំងកូវីដ១៩ ព្រោះ​វា​​អាច​នាំឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ។​​​

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សារTwitter​ជាច្រើននៅ​ថ្ងៃ​ច័ន្ទ  ​ប្រធានាធិបតីអាមេរិក​ ដូណាល់​ ត្រាំ ហាក់​សម្តែង​ពីការ​ស្ទាក់ស្ទើរ​ក្នុងការ​ចាត់វិធានរឹត​បន្តឹង​ខ្លាំង​នៅក្នុងប្រទេស​ ដូចជាការ​បង្ខាំង​មនុស្ស​ឱ្យ​នៅតែ​ក្នុង​ផ្ទះ​ ដូចករណី​​ចិន អ៊ីតាលី អេស្ប៉ាញ បារាំង បានធ្វើ​រួច​មកហើយនោះ​។ តាម​ទីភ្នាក់ងារ​បារាំង​AFP ក្នុង​គំនិតរបស់​លោក ដូណាល់​ ត្រាំ ប្រសិន​បើបង្ខាំង​បិទ​ផ្លូវតឹងតែង​ពេក ច្បាស់​ជា​ប៉ះពាល់​ដល់​ដង្ហើម​សេដ្ឋកិច្ច ហើយ​អាច​នាំឱ្យ​ឈានដល់​ឱនភាព​ថវិកាជាតិ​ ទៀត​ផង។​ ចំពោះលោកប្រធានាធិបតីអាមេរិកផ្ទាល់ គឺ«ដំណោះស្រាយ វាអាក្រក់ជាងបញ្ហា»​។ លោក ត្រាំ ចង់សំដៅថា វិធានការដែលគេត្រូវចាត់ចែង​ដើម្បីដោះស្រាយបញ្ហាកូវីដ១៩នេះ វាអាច​មាន​ផលវិបាកអាក្រក់ជាងកូវីដ១៩នេះទៅទៀត​។ ទោះយ៉ាងណាក្តី លោក ត្រាំ ថា​ចាំ​ផុត​កំណត់​ពេលវេលា​១៥ថ្ងៃ ដែល​ដាក់ចេញ​រួច​មកហើយ​នោះសិន សឹម​ចាំ​គិត​ថា​ត្រូវ​ជ្រើស​ផ្លូវ​ដើរយ៉ាងណា តទៅទៀត។

ក៏ប៉ុន្តែ ចំពោះ​អភិបាល​ក្រុង​ញូវយ៉ក​វិញ លោក Bill de Blasio នៅតែ​ប្រកាន់ជំហរ​ស្នើ​ឱ្យ​មាន​វិធានការ​បិទសកម្មភាព​អាជីវកម្ម​ និង​ បង្ខាំង​មនុស្ស​នៅផ្ទះ ហើយ​ចំណាត់​ការបែបនេះ​គឺគួរតែ​ត្រូវ​អនុវត្ត​ឱ្យ​បាន​តឹង​តែង​បំផុត​ នៅក្នុងក្របខណ្ឌ​ទូទៅ​ប្រទេស​តែម្តង​ ដើម្បី​ទប់​កា​រ​ចម្លង​និងការ​រាលដាល​មេរោគ​កូរ៉ូណា​ថ្មី​។ ទន្ទឹម​​នឹងគ្នានេះ លោក​​​រំពៃគិតថា បើ​សភាព​ការ​ណ៍​មិន​អាច​ស្រោចស្រង់​បាន​ទេនោះ ក្រុង​ញូវយ៉ក អាច​នឹង​ធ្លាក់​ខ្លួន​ដូច​ប្រទេស​អ៊ីតាលី ផង​ក៏​អាច​ថា​បាន​។  ​លោកអភិបាល​ក្រុង ក៏​បាន​អំពាវវនាវ​ឱ្យផ្នែក​ឯកជន​ ជួយ​ផលិត​ម៉ាស​​និង​បរិក្ខារពេទ្យ​បន្ថែមទៀត ដើម្បី​ទប់ទល់​​ស្ថានការណ៍។​

ស្ថានការណ៍​វិបត្តិមេរោគកូរ៉ូណា​​​ថ្មី​នៅ​អាមេរិក ក៏ត្រូវ​​ប្រធាន​ផ្នែក​សុខាភិបាល​សហរដ្ឋ​អាមេរិក​ លោក Jerome Adams សម្តែង​ក្តីបារម្ភខ្លាំង និង​បាន​ដាស់តឿន​ដែរ។​ បណ្ឌិត Jerome Adams ចង់ឱ្យ​ថ្នាក់ដឹកនាំនិងពលរដ្ឋ​អាមេរិក យល់​ត្រឹម​សប្តាហ៍​នេះ ថា​សភាព​ការណ៍​ច្បាស់ជាកាន់តែ​អាក្រក់ទៅៗ ប្រសិន​បើ​មនុស្ស​នៅតែ​អាច​បន្ត​ដើរ​ និងធ្វើ​ដំណើរ​រហេត​រហូត មិន​គោរព​បម្រាប​​ទេនោះ។ ចំពោះ​ប្រធានផ្នែកសុខាភិបាលសហរដ្ឋអាមេរិក វិធានការ​សំខាន់​សម្រាប់​ទប់​កុំ​ឱ្យមេរោគកូរ៉ូណាថ្មីរីក​រាលដាល​និង​ចម្លង​កាន់តែ​ច្រើន គឺ​ត្រូវ​គោរពវិន័យ​និងវិធានការ​សុខភាព​ឱ្យ​ហ្មត់ចត់ ហើយ​សម្ងំ​ស្នាក់​នៅ​តែក្នុង​ផ្ទះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ