អានតួអត្ថបទ
G20 វិបត្តិ​សេដ្ឋកិច្ច កូវីដ១៩

ប្រជុំG20​បន្ទាន់ ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា​ជួយ​ពិភពលោក ដែល​រងគ្រោះ​ខ្លាំង​ដោយ​កូវីដ១៩

សំណេរលើជញ្ជាំង "No one can save us now" ឃុំ Tenby ប្រទេសអង់គ្លេស ថ្ងៃទី​២៦ មីនា ២០២០
សំណេរលើជញ្ជាំង "No one can save us now" ឃុំ Tenby ប្រទេសអង់គ្លេស ថ្ងៃទី​២៦ មីនា ២០២០ REUTERS - REBECCA NADEN
ដោយ៖ ម៉ម ពិសី
1 នាទី

មេរោគកូវីដ១៩ កំពុងតែគំរាមសេដ្ឋកិច្ចពិភពលោកយើងទាំងមូល ឲ្យធ្លាក់ស្រុតក្នុងវិបត្តិធ្ងន់ធ្ងរ មិនធ្លាប់មាន។ ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាព អាចនឹងជួបហានិភ័យខ្ពស់បំផុត។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ត្រូវ​បើកសម័យប្រជុំពីចំងាយ ក្រោមការ​ដឹកនាំរបស់​ព្រះចៅសាល់ម៉ាន់ របស់អារ៉ាប៊ីសាអូឌីត ដើម្បីស្វែងរកដំណោះស្រាយរួម ជួយដល់សេដ្ឋកិច្ចពិភពលោក។ តើមេដឹកនាំពិភពលោកទាំងអស់ អាចនឹងមានដំណោះស្រាយរួមគ្នា ជួយសេដ្ឋកិច្ច និងជួយប្រទេសក្រីក្រដែរ ឲ្យងើបផុតពីវិបត្តិដែលបង្កឡើងដោយមេរោគកូវីដ១៩ នេះដែរឬទេ?

ផ្សាយពាណិជ្ជកម្ម

ព្រះចៅសាល់ម៉ាន់ នៃអារ៉ាប៊ីសាអូឌីត នឹងដឹកនាំការប្រជុំពិសេសមួយ តាមរយៈ Visioconférence ជាមួយមេដឹក នៃប្រទេសសមជិកG20 ក្នុងកាលៈទេសៈដ៏កម្រមិនធ្លាប់មាន ដែល​ពិភពលោក​យើងទាំងមូល ត្រូវ​ស្ថិត​ក្នុង​ការភ័យខ្លាច ដោយសារតែមេរោគកូរ៉ូណា កូវីដ១៩។ តំណាងអង្គការសហប្រជាជាតិ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​ធនាគារ​ពិភពលោក ក៏មាន​វត្តមាន​ក្នុងកិច្ច​ប្រជុំ​ពិសេសនេះដែរ។

គួរកត់សំគាល់ថា អ្នកជំនាញសេដ្ឋកិច្ចទាំងអស់ បាន​ទាយទុកថា មេរោគកូរ៉ូណា កូវីដ១៩នេះ នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ ក្នុងឆ្នាំ២០២០នេះ។ វិស័យទេសចរណ៍ វិស័យចរាចរណ៍ដឹកជញ្ជូនផ្លូវអាកាស សង្វាក់ផលិតកម្ម​ទំនិញ ការនាំចេញនាំចូល កំពុងស្ថិតក្នុងការរាំងស្ទះ។ មិនត្រឹមប៉ុណ្ណេះ រដ្ឋត្រូវបញ្ចេញ​ប្រាក់ ឬត្រូវខ្ចីប្រាក់ ដើម្បីចំណាយ លើការខាតបង់នានា និងជួយជីវភាពរបស់ប្រជាជន។ វិបត្តិដ៏ធំមួយទៀតនោះ គឺវិស័យសុខាភិបាល ដែលរដ្ឋត្រូវតែបង្កើនការយកចិត្តទុកដាក់។

យោងតាមប្រភពពីរដ្ឋាភិបាល​បារាំង ការប្រជុំពិសេសG20 នាពេលនេះ លោកម៉ាក្រុង និងលោកស៊ី ជីនពីង មានគំនិតដូចគ្នា គឺចង់លើកយកបញ្ហាសុខភាពមកនិយាយ។ មេដឹកនាំទាំង២ ចង់ឲ្យក្រុមប្រទេសG20 ពិចារណា ដាក់ចេញនូវវិធានការសហការទាំងអស់គ្នា ក្នុងវិស័យសុខាភិបាល និងធ្វើយ៉ាងណា ផ្ញើសារ​សំខាន់​ឲ្យទីផ្សារ​​ហិរញ្ញវត្ថុមានលំនឹង។

យ៉ាងណាក៏ដោយ អគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើងថា ខុសពីប្រទេសអ្នកមានដូចជាប្រទេសអឺរ៉ុប ឬសហរដ្ឋអាមេរិក ដែលមានគម្រោងបញ្ចេញកញ្ចប់ថវិការាប់​ម៉ឺនលាន​ដុល្លារ ប្រទេសក្រីក្រមួយចំនួនធំ គ្មានលទ្ធភាពទប់ទល់ជាមួយវិបតិ្តសេដ្ឋកិច្ចទេ ហើយជាងនេះទៀត ​គឺគ្មានលទ្ធភាពក្នុងការអភិវឌ្ឍន៍​វិស័យសុខាភិបាលឡើយ។ លោកអគ្គនាយកអង្គការ​សុខភាព​ពិភពលោក ចង់ឃើញប្រទេសសេដ្ឋកិច្ច​នាំមុខG20 រួមគ្នាជួយដល់ប្រទេសក្រីក្រ ដែលជា​អ្នក​រងគ្រោះខ្លាំង​ ដោយសារ​មេរោគ​កូវីដ​​១៩​នេះ​។

ដោយឡែក លោក Ian Bremmer ប្រធានស្ថាបនិកនៃក្រុមប្រទេសEurasie បានលើកឡើងថា កិច្ចប្រជុំ​G20 មិនដែលបានសម្រេចដាក់ចុះវិធានការធំៗជួយគ្នាទេ​ តាំងតែពីឆ្នាំ២០០៨មក។ មេដឹកនាំមួយ​ចំនួន យករឿងនយោបាយមកលាយឡំពេក ធ្វើឲ្យមិនមានគោលជំហររួមគ្នា ដើម្បីដោះស្រាយ​បញ្ហាប្រឈម​ជាក់ស្តែង របស់ពិភពលោក។

យ៉ាងណាមិញ កាលពីថ្ងៃពុធកន្លងទៅ នៅក្នុងកិច្ចជាមួយក្រុមប្រទេស G7 លោកMike Pompeo ប្រមុខការទូតអាមេរិកបាន​ លើកឡើងថា ចូរប្រយ័ត្នជាមួយគណបក្សកុម្មុយនីស្តចិន ព្រោះចិនអាចបង្កគ្រោះថ្នាក់ដល់ពិភពលោក ជាក់ស្តែងដូចឃើញស្រាប់ ជាមួយមេរោគកូវីដ១៩នេះ។

លោក Markus Engels អ្នកវិភាគនៅ Global Solutions Initiative យល់ថាកាលៈទេសៈដ៏បន្ទាន់​ពេល​នេះ មេដឹកនាំធំៗ គួរទុករឿងនយោបាយចោលមួយអន្លើ ហើយងាកមកសាមគ្គីជួយគ្នា រកដំណោះស្រាយ ចាត់វិធានការរួម​ដើម្បីជួយសេដ្ឋកិច្ចទាំងអស់គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ