អានតួអត្ថបទ
G20 វិបត្តិសេដ្ឋកិច្ច កូវីដ១៩

G20​ សន្យា​ដាក់ប្រាក់​រួមគ្នា​៥០០ម៉ឺន​លាន​ដុល្លារ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច ដែល​ទ្រុឌទ្រោម​ដោយ​​កូវីដ១៩

ព្រះចៅសាល់ម៉ាន់ ថ្លែងសន្ទរកថាបើកកិច្ច​ប្រជុំG20 តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍
ព្រះចៅសាល់ម៉ាន់ ថ្លែងសន្ទរកថាបើកកិច្ច​ប្រជុំG20 តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ VIA REUTERS - SAUDI ROYAL COURT
ដោយ៖ ម៉ម ពិសី
1 នាទី

មេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG20​ បានជួបប្រជុំគ្នាពីចំងាយ កាលពី​ថ្ងៃព្រសហ្បតិ៍ទី​២៦មីនា​ ដើម្បី​ស្វែងរក​ដំណោះស្រាយរួម​ ក្នុង​ខណៈដែលពិភពលោក កំពុងប្រឈម​នឹងវិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ ​បង្កឡើង​ ដោយ​​ជំងឺ​រាតត្បាត​កូវីដ១៩។ ក្រោយ​ការប្រជុំ ក្រុមប្រទេស G20​  បាន​​ប្តេជ្ញារួមគ្នា ​ថានឹង​ចាត់វិធានការ​​ដែល​​គិតជា​ទឹកប្រាក់​​សរុប ប្រមាណ​​៥០០ម៉ឺន​លានដុល្លារ ដើម្បី​ទ្រទ្រង់​​សេដ្ឋកិច្ច ជួយ​សហគ្រាស ដោះស្រាយ​ការ​ខាតបង់​នានា ព្រមទាំង​ជម្រុញ​កំណើន​ពាណិជញជ្ជកម្ម​ឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

កូរ៉ូណាវីរុស កូវីដ១៩ ហាក់បានអូសទាញ​មេដឹកនាំក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG20​ ឲ្យរួមកម្លាំងគ្នា។ ឆ្លងកាត់ការប្រជុំតាមរយៈVisioconférence រយៈពេល​ប្រមាណ​៩០នាទី មេដឹកនាំទាំងអស់ បានសម្រេចរួមសាមគ្គីគ្នា ធានាឲ្យបាននូវ​តម្លាភាព ព្រមទាំងសហប្រតិបត្តិការ ជាមួយនឹង​ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីធ្វើយ៉ាងណា ស្តាទំនុកចិត្តនិងលំនឹងទីផ្សារហិរញ្ញវត្ថុឡើងវិញ ព្រមទាំងទាញកំណើនសេដ្ឋកិច្ចឲ្យកើនឡើង។

ដើម្បីសម្រេចកម្មវត្ថុនេះ ប្រទេស G20​  បានសន្យា​ចាក់បញ្ចូលសាច់ប្រាក់ចំនួន​សុរប​៥០០ម៉ឺនលានដុល្លារ ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច តាមរយៈគោលនយោបាយពន្ធដាដោយចំពោះ វិធានការសេដ្ឋកិច្ច និងផែនការដោះស្រាយវិបត្តិសង្គម ជីវភាពប្រជាជន​ ដែលរងផលប៉ះពាល់ខ្លាំង ដោយសារតែមេរោគកូវីដ១៩។ ក្រុមប្រទេស G20​ ក៏បានអំពាវនាវផងដែរ ឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ​ ជួយ​ប្រទេសក្រីក្រ តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី យកទៅ​អភិវឌ្ឍន៍វិស័យសុខាភិបាល សេដ្ឋកិច្ច និងសង្គមកិច្ច។

យោងតាមប្រភពពីរដ្ឋាភិបាលចិន ចិនតែម្នាក់ឯង សន្យាចំណាយប្រាក់ចំនួន​៣៤៤ពាន់លានដុល្លារ ដែលភាគច្រើនគឺជាវិធានការ​ពន្ធដា។ ក្នុងពេលប្រជុំ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអំពាវនាវឲ្យប្រទេសទាំងអស់គ្នា ត្រូវពិចារណាទម្លាក់តម្លៃពន្ធឲ្យនៅទាបបំផុត ដើម្បីផ្តល់សន្ទុះដល់ការនាំចេញ និងចរាចរណ៍ទំនិញ។

អ្នកជំនាញសេដ្ឋកិច្ចបានព្យាករណ៍ទុកថា ឆ្នាំ២០២០ សេដ្ឋកិច្ចពិភពលោក នឹងមានការចុះទ្រុឌទ្រោមខ្លាំងណាស។ មិនត្រឹមតែមានលំនឹងសេដ្ឋកិច្ចទន់ខ្សោយ ប្រទេសក្រីក្រជាច្រើនពុំមានលទ្ធភាព ដើម្បីរៀបចំហេដ្ឋារចនាសម្ពន័្ធសុខាភិបាល ដើម្បីប្រឈមនឹងជម្ងឺឆ្លងរាតត្បាតបានទេ។ គឺប្រទេសក្រីក្រ ដែលជាអ្នកជួបការលំបាកច្រើនជំពូកព្រមៗគ្នា ដោយសារតែមេរោគកូវីដ១៩ និងវិបត្តិ​សេដ្ឋកិច្ច​សកល។

មុនបើកសម័យ​ប្រជុំ លោកអគ្គនាយកអង្គការសុខភាពពិភពលោក បាន​រន្ធាន់ឲ្យប្រទេសអ្នកមាន​ទាំង២០ រកវិធីជួយដល់ប្រទេសក្រីក្រ ដែលពុំមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរឹងមាំ។ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានរំលឹកឲ្យ​ក្រុមប្រទេស​G20​ ត្រូវព្យួរការយកការប្រាក់ ពីកម្ចីដែលខ្លួនបានផ្តល់ទៅឲ្យ​ប្រទេសក្រីក្រ។ ក៏ប៉ុន្តែកិច្ចប្រជុំក្រុមប្រទេស G20​ ហាក់មិនបានសម្រេចអ្វីឲ្យ​ជាក់លាក់ ជួយដល់ប្រទេសក្រីក្រទេ ក្រៅតែពី​ចំណាយប្រាក់ទ្រទ្រង់សេដ្ឋកិច្ចរបស់គេរៀងៗខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ