អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩ គឺជាវិបត្តិដ៏ធ្ងន់​បំផុត ដែល​ពិភពលោក​មិនធ្លាប់​បានជួប ក្រោយ​សង្រ្គាម​លោក​លើក​ទី២

សំឡេង ០៥:៣៥
ស្ត្រីម្នាក់ពាក់ម៉ាសការពារ ដើរក្បែរជញ្ជាំង​ដែល​មានរូបគំនូរ​ សត្វដាយណូស័រ ហារមាត់បញ្ចេញ​មេរោគកូវីដ១៩។ ក្រុងឌេប៉ុក ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៣០ មិនា ២០២០
ស្ត្រីម្នាក់ពាក់ម៉ាសការពារ ដើរក្បែរជញ្ជាំង​ដែល​មានរូបគំនូរ​ សត្វដាយណូស័រ ហារមាត់បញ្ចេញ​មេរោគកូវីដ១៩។ ក្រុងឌេប៉ុក ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី៣០ មិនា ២០២០ REUTERS - ANTARA FOTO
ដោយ៖ ម៉ម ពិសី
២៧ នាទី

ការឆ្លងរាលដាលកូវីដ១៩ កំពុងតែធ្វើឲ្យពិភពលោកទាំងមូល ស្ថិតនៅក្នុងការភ័យខ្លាចជាខ្លាំង។ គ្រប់គ្នាបានព្យាករទុកថា ពិភពលោកយើង នឹងជួបវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ ចំនួនអ្នកស្លាប់ នឹងអ្នកឆ្លងកូវីដ១៩ បានបន្តកើនឡើងឥតឈប់ ទាំងនៅតាមបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក។ ការភ័យខ្លាច ពីការស្លាប់បាត់បង់ជីវិតមនុស្សក្នុងចំនួនច្រើន បូកបន្ថែមជាមួយនឹងការភ័យបារម្ភ ពី ​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់​ ដែលពិភពលោកយើងនឹងជួបប្រទះចាប់ពីពេលនេះទៅ។

ផ្សាយពាណិជ្ជកម្ម

មេរោគកូវីដ១៩ ជា​វិបត្តិដ៏ធ្ងន់របស់មនុស្សជាតិ

ធនាគារពិភពលោក បានព្យាករទុកហើយ ថាសេដ្ឋកិច្ចចិននៅឆ្នាំ២០២០នេះ អាច​នឹងមាន​កំណើនលើសពីសូន្យតែបន្តិចប៉ុណ្ណោះ។ មហាអំណាចសេដ្ឋកិច្ច មានចិន អឺរ៉ុប និងអាមេរិក សុទ្ធសឹងតែជាអ្នករងគ្រោះខ្លាំងដោយ មេរោគកូវីដ១៩នេះ។ នៅអាមេរិក មនុស្ស​ជាច្រើនលាននាក់ បានបាត់បង់ការងាររួចទៅហើយ ប្រមាណ​១សប្តាហ៍​​ចុងក្រោយនេះ។

យ៉ាងណាមិញ លោក អង់តូនីញ៉ូ ហ្គូតទែស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើង​ថា​៖​ « ចាប់តាំងពីចប់សង្គ្រាម​លោកលើកទី​២មក ពិភពលោកយើង មិនដែលបានជួបវិបត្តិធំ ធ្ងន់ធ្ងរ ដូចវិបត្តិដែលបង្កឡើងដោយមេរោគកូវីដ១៩នេះទេ »។ លោកពន្យល់ថា វិបត្តិកូវីដ១៩នេះ ធ្ងន់ខ្លាំង គឺដោយសារ វាមានកត្តារួមផ្សំ២បញ្ចូលគ្នា គឺកត្តាសុខភាព​ អាយុជីវិតរបស់មនុស្ស បូកថែមជាមួយ​ផលប៉ះពាល់ ដ៏ធំមហិមា ទៅលើសេដ្ឋកិច្ច នៅតាមបណ្តាប្រទេសទាំងអស់ គ្មាននរណាអាចរួចខ្លួន​បានទេ។​ វិបត្តិដ៏ធំនេះ វានឹងរុញបន្ថែមឲ្យមានកាន់តែច្រើន​ នូវជម្លោះក្នុងសង្គម ជម្លោះអន្តរជាតិ សង្រ្គាមហិង្សាកាប់សម្លាប់គ្នា។

លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យប្រទេសទាំងអស់ជាពិសេសប្រទេស​មហាអំណាច រួមសហការគ្នា ជួយគ្នាទៅវិញទៅមក បោះបង់ចោលមហិច្ឆិតាភូមិសាស្ត្រនយោបាយ​ ហើយងាក​មក​រួមគ្នា​ជួយ​សង្រ្គោះមនុស្សជាតិ ទាំងអស់គ្នា។

អង្គការសហប្រជាជាតិបង្កើត មូលនិធីពិសេស​ ជួយប្រទេសក្រីក្រ

ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសមហាអំណាច បានសន្យាបញ្ចេញទឹកប្រាក់ ជាច្រើនម៉ឺនលានដុល្លារ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់គេរៀងៗខ្លួន។ ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 ក៏បានសន្យារួមគ្នា ដាក់ប្រាក់ប្រមាណ​៥០០ម៉ឺនលានដុល្លារ ដើម្បីជួយសេដ្ឋកិច្ចរបស់គេដែរ។

ក៏​ប៉ុន្តែ​លោក អគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា ការសហការគ្នារវាងប្រទេស​ដែលមានសេដ្ឋកិច្ចធំៗ ជួយសេដ្ឋកិច្ចគេរៀងៗខ្លួននេះ គឺមិនគ្រប់គ្រាន់ទេ។ គេត្រូវការជាចាំាបាច់នូវវិធានការសកល ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល នៃមេរោគកូវីដ១៩ ហើយបន្ទាប់មកទៀត ត្រូវជួយផ្នែកសេដ្ឋកិច្ច និង​ជីវភាព​របស់ប្រជាជន ព្រោះវិបត្តិសេដ្ឋកិច្ច​លើកនេះធ្ងន់ខ្លាំងណាស់។

អ្វីដែលគេព្រួយបារម្ភបំផុត គឺប្រទេសក្រីក្រ ប្រទេសដែលមានប្រាក់ចំណូលតិច។ មាន​ប្រជាជន​ប្រមាណជាង៦ពាន់លាននាក់ ដែលជាអ្នករកប្រាក់ចំណូលប្រចាំថ្ងៃ បានពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សេដ្ឋកិច្ចសកលលោកមានវិបត្តិ រោងចក្រលែងដំណើរការ បាត់បង់ការងារ អ្នកលក់ដូរតូចតាច ដែលរកចំណូលបានមួយថ្ងៃគ្រាន់ហូបមួយថ្ងៃ គឺពួកគេទាំងអស់នេះហើយ ដែល​ជាអ្នករងគ្រោះខ្លាំងបំផុត។

កាលពីថ្ងៃអង្គារទី៣១មីនា អង្គការសហប្រជាជាតិ បានប្រកាសពីការ បង្កើត​មូលនិធិ​ពិសេសមួយ ដែលមានកម្មវត្ថុជួយប្រទេសក្រីក្រ។ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា បន្ថែមពីលើជំនួយហិរញ្ញវត្ថុ ដែលប្រទេសអ្នកមានជួួយប្រទេសក្រីក្រ គឺគេត្រូវរិះរកវិធានការហិរញ្ញវត្ថុថ្មីៗ​ ផ្សេងទៀត ដើម្បីជួយឲ្យប្រទេសក្រីក្រ អាចទប់ទល់ឈ្នះជាមួយនឹងវិបត្តិដ៏ធំនេះ។ អង្គការសហប្រជាជាតិ បានអំពាវនាវសុំឲ្យ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងក្រុមប្រទេស​សេដ្ឋកិច្ច​នាំមុខG20 ត្រូវរួមសហការគ្នាជួយប្រទេសក្រីក្រផង។

វិធានការហិរញ្ញវត្ថុជួត និងលប់បំណុល ពីប្រទេសក្រីក្រ

ឆ្លងកាត់ការប្រជុំបន្ទាន់ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសG20 ​កាលពីថ្ងៃអង្គារ គេ​បានសម្រេច ថានឹងដាក់ចុះនូវ​យន្តការ​ហិរញ្ញវត្ថុ​មួយចំនួន ជួយដល់ប្រទេស ដែលមានសេដ្ឋកិច្ច​ទន់ជ្រាយ ងាយរងគ្រោះ។ វិធានការជួយនេះ គឺទាក់ទិនទៅនឹង ការផ្តល់កម្ចី និងការលើកលែងការប្រាក់ ឬអាចលប់បំណុលខ្លះ ដែល​មានស្រាប់ជាដើម។ តែក្នុងទំហំប៉ុន្មាន គឺមិនទាន់ដឹងទេ។

ដោយឡែក លោក Richard Kozul-Wright មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកពាណិជ្ជកម្មនិងការអភិវឌ្ឍន៍​ បានលើកឡើងថា បើប្រទេសG20 ចង់ជួយប្រទេសក្រីក្រពិតប្រាកដ ដូចអ្វីដែលខ្លួនប្តេជ្ញាមែន​នោះ គឺត្រូវតែចេញវិធានការឲ្យជាក់ស្តែង ឆ្លើយតបទៅនឹងទំហំនៃតម្រូវការ។

យោងតាមរបាយការណ៍សិក្សា របស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅ គឺគេត្រូវការប្រាក់ប្រមាណ១៥០ម៉ឺនលានដុល្លារដើម្បីជួយសេដ្ឋកិច្ចប្រទេសក្រីក្រ បូកបន្ថែមនឹងការលុបបំណុល ក្នុងទំហំប្រមាណ១០០ម៉ឺនលានដុល្លារ ក្នុងឆ្នាំ២០២០នេះ។ ពុំនោះទេ ប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសមានចំណូលទាបនិងមធ្យម ពិតជាមិនអាចដោះស្រាយបញ្ហាជម្ងឺឆ្លង និងបញ្ហាសេដ្ឋកិច្ច​បានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ