ពាណិជ្ជកម្ម-កូវីដ១៩

WTO​៖ ការ​ដោះដូរ​ពាណិជ្ជកម្ម​សកល​នឹងអាច​ធ្លាក់​ចុះ​ជាង​ ៣០ % ដោយសារ​វិបត្តិ​កូវីដ​១៩

លោក Roberto Azevedo ប្រធានអង្គការពាណិជ្ជកម្មពិភពលោក ។
លោក Roberto Azevedo ប្រធានអង្គការពាណិជ្ជកម្មពិភពលោក ។ AFP - FABRICE COFFRINI

អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ (WTO) នៅ​ថ្ងៃពុធ​ ទី​៨ មេសា​ បាន​ព្យាករ​ថា​ កំណើន​ពាណិជ្ជកម្ម​ពិភព​លោក​ នឹង​អាច​ធ្លាក់ចុះ​ដល់​ចំនួន​មួយ​ភាគ​បី​ ឬក៏​ស្មើនឹង​ជាង​ ៣០%​ នៅ​ឆ្នាំ​ ២០២០​ ដោយសារ​តែ​ជំងឺ​រាត​ត្បាត​សកល​-កូវីដ​១៩​។ ទន្ទឹមគ្នា​នេះ​ អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក៏បាន​ព្រមាន​ដែរ​ថា​ ការ​ធ្លាក់​ចុះ​ទាប​ដែល​មិន​អាច​ជៀសផុត​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ នឹង​ជះ​ផល​វិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​មនុស្ស​លោក​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​បាន​លើក​ឡើងថា​ ការ​ដោះដូរ​ពាណិជ្ជកម្ម​នឹងអាច​ធ្លាក់ចុះ​ចន្លោះ​ពី​ ១៣%​ ទៅ​ ៣២%​ នៅក្នុង​ឆ្នាំ​ ២០២០​នេះ​ ដោយសារ​ជំងឺ​ឆ្លង​កូវីដ១៩​ វាយសង្គ្រប់​ខ្លាំង​ពេក​ទៅលើ​សកម្មភាព​សេដ្ឋកិច្ច​ ហើយនិង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​នៅ​ទូទាំង​សកល​លោក​។

ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ លោក​ Roberto Azevedo បាន​ព្រមាន​ថា​ ការ​ធ្លាក់​ចុះ​នេះ​អាចជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុតមួយ​សម្រាប់​ពិភពលោក​ទាំងមូល​។

តាម​ពិត​ទៅ​ ការ​ដោះដូរ​ពាណិជ្ជកម្ម​ ទទួលរ​ងគ្រោះ​លែង​អាច​ដើរទៅ​មុខ​បាន​ល្អ​ តាំងតែ​ពី​មុន​មាន​ការ​ផ្ទុះឡើង​នៃ​មេរោគ​កូរ៉ូណា​ថ្មី​ទៅទៀត​។ ក៏ប៉ុន្តែ​ សង្វាក់​ពាណិជ្ជកម្ម​សកល​ បាន​ធ្លាក់​ទាប​ខ្លាំង​គួរឲ្យ​បារម្ភ​ បន្ទាប់ពី​សន្ទុះ​នៃ​ការ​វាយលុក​របស់​កូវី១៩​ ទៅ​លើ​ប្រទេស​ជាច្រើន​ កាន់​តែ​មាន​សភាព​ខ្លាំងក្លា​ទៅៗ​។

នៅក្នុង​ការ​ព្យាករ​ប្រចាំ​ឆ្នាំ​មួយ​ សមាជិក​របស់អង្គការ​ពាណិជ្ជកម្ម​ពិភព​លោកដែល​មាន​ ១៦៤​ ប្រទេស​ បាន​គូស​បង្ហាញថា​ ដំណើរការ​ពាណិជ្ជកម្ម​បាន​ថយចុះ​រួចទៅហើយ​នៅ​ឆ្នាំ​ ២០១៩​ មុន​ពេល​ការលេច​ចេញ​វីរុស​កូវី១៩​ ទៅទៀត​។

ដោយឡែក​ សភាព​ការណ៍​កាន់តែ​ធ្លាក់​ចូល​ក្នុង​គ្រោះថ្នាក់​ធំ​ បន្ទាប់ពី​កូវីដ១៩​ ចម្លង​ទៅដល់​មនុស្ស​ជាង​ ១លាន​ ៤សែន​ នៅជុំវិញ​ពិភពលោក​ និង​បាន​សម្លាប់​មនុស្ស​ជាង​ ៨​ ម៉ឺន​នាក់។ ប្រទេស​ជាងពាក់​កណ្តាល​នៃ​ភពផែនដី​ ​អនុវត្ត​នូវ​វិធានការ​រឹតត្បិត​ដូចជា​បិទខ្ទប់​ទីក្រុង​ ឬក៏​ប្រទេស និង​បង្ខាំងឲ្យ​ប្រជាជន​នៅតែ​ក្នុង​ផ្ទះ​ ហើយ​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ​ក៏ត្រូវ​ឈរ​ទ្រឹង​នៅ​មួយ​កន្លែងដែរ​។

អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ បាន​និយាយ​ថា​ វិបត្ដិ​កូវីដ​១៩​ ធ្វើឲ្យ​គេ​នឹក​ដល់​ វិបត្ដិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៨​។ ក៏ប៉ុន្តែ​ ដោយសារ​តែ​ទំហំនៃ​ផល​ប៉ះពាល់​ បង្កឡើង​ដោយ​កូវីដ​១៩​ លើ​សេដ្ឋកិច្ច​ពិភព​លោក​ ចេះតែ​រីក​ធំទៅៗ​ គេ​គិត​ថា​ស្ថានការណ៍​ អាចនឹង​អាក្រក់​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពីឆ្នាំ​ ២០០៨​​។

រហូតមក​ទល់នឹង​ពេលនេះ​ គេ​នៅ​មិនទាន់​ដឹងច្បាស់​នៅឡើយនោះទេ​តើថា​អ្វីៗ​ នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​នៅពេល​ណា​នោះ​។ ដោយឡែក​ មាន​សេណារីយ៉ូ​ពីរ​អាច​នឹង​កើត​ឡើង​ ដែល​ទី១​នោះគឺ​ គេ​អាច​គ្រប់គ្រង​វិបត្តិ​កូវីដ​បាន​នៅ​ពាក់កណ្តាល​ឆ្នាំ ​២០២០​ ហើយ​ការ​ដោះដូរ​ពាណិជ្ជកម្ម​សកល​នឹង​ចាប់​ស្ទុះងើប​ក្បាល​ឡើងវិញ​។ ​សេណារីយ៉ូ​ទី២ គឺ​វិបត្តិ​កូវីដ១៩​ នៅ​បន្ត​វាយប្រហារ​ពិភពលោក​ ហើយការ​ដោះដូរ​ពាណិជ្ជកម្ម​នៅតែបន្ត​ដាំ​ក្បាលចុះ​។

បើតាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ទោះស្ថិត​នៅ​ក្រោម​សេណារីយ៉ូ​ណា​មួយ​ក៏ដោយ​ ការ​ដោះដូរ​មុខ​ទំនិញ​ក្នុង​លោក​ នឹង​ធ្លាក់​ចុះ​ចំនួន​ពីរ​ខ្ទង់​ក្នុង​ឆ្នាំ​២០២០ ហើយ​ទ្វីប​អាមេរិក​ខាងជើង​ និង​អាស៊ី​នឹង​រង​ការ​វាយប្រហារ​ខ្លាំង​ជាងគេ​បំផុត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI