កូវីដ១៩ វិបត្តិសេដ្ឋកិច្ច

FMI​៖ វិបត្តិ​សេដ្ឋកិច្ច​បង្កឡើង​ដោយ​កូវីដ​១៩ ធ្ងន់​ជាង​វិបត្តិ​សេដ្ឋកិច្ច​​ឆ្នាំ១៩២៩

លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF-FMI)
លោកស្រី Kristalina Georgieva អគ្គនាយកមូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF-FMI) REUTERS - REMO CASILLI

វិបត្តិសេដ្ឋកិច្ច បង្កឡើងដោយ​មេរោគកូវីដ១៩ ដែលកំពុងតែបោកបក់មកលើពិភពលោកយើង គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុត គិតចាប់ពីវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ១៩២៩មក។ នេះគឺជាការសន្និដ្ឋាន របស់​លោកស្រីអគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF។ កំណើនសេដ្ឋកិច្ចសកលលោក​ ក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់ចុះនៅក្រោមសូន្យ។

ផ្សាយពាណិជ្ជកម្ម

លោកស្រី Kristalina Georgieva អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានធ្វើការព្យាករណ៍សេដ្ឋកិច្ចសកលលោក ដោយក្តីទុទិដ្ឋិនិយមបំផុត។​ លោកស្រីមានប្រសាសន៍ថា កាល​ពី៣​ឆ្នាំមុន យើងធ្លាប់បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងជួយលើកកំពស់ជីវភាពរបស់ប្រជាជន​នៅតាមប្រទេសប្រមាណ​១៦០។ តែពេលនេះ ក្តីសង្ឃឹមបានរលាយសូន្យ ព្រោះក្នុងឆ្នាំ​២០២០​នេះ ប្រជាជន​នៅតាម​ប្រទេស​ចំនួន​​១៧០ នឹង​ត្រូវប្រឈមនឹងការបាត់បង់ប្រាក់​ចំណូល។

វិបត្តិសេដ្ឋកិច្ច បង្កឡើងដោយមោរោគរាតត្បាលកូរ៉ូណាវីរុសថ្មី មានទំហំកាន់តែធំ ព្រោះគ្មាននរណា​ម្នាក់​អាចស្មានបានទេ ថាបញ្ហាជម្ងឺឆ្លងនេះ នឹងចប់នៅពេលណា។ សម្រាប់មូលនិធិរូបិយវត្ថុ​អន្តរជាតិ គឺបានត្រឹមសង្ឃឹមទាំងមិនច្បាស់ ថាសកម្មភាពសេដ្ឋកិច្ច អាចដំណើរការបាន​ល្អវិញពាក់កណ្តាល ចាប់ពីឆ្នាំ២០២១ ប្រសិនបើ​ការរាលដាលឆ្លងនៃមេរោគនេះ ត្រូវសាបរលាបនៅឆមាសទី២ឆ្នាំនេះ ហើយរដ្ឋាភិបាលនានា ចាប់ផ្តើមបើកប្រទេសឡើងវិញ ឲ្យមានសកម្មភាព​សេដ្ឋកិច្ច។

លោកស្រីអគ្គនាយក IMF បានបន្ថែមថា ផ្ទុយទៅវិញ ឆ្នាំ២០២១ អាចនឹងមានវិបត្តិកាន់តែធ្ងន់ ប្រសិនបើ​ការឆ្លងរាតត្បាតនៃមេរោគកូវីដ១៩ មិនចុះថមថយនៅរវាងឆមាសទី២ ឆ្នាំ២០២០ទេនោះ។ វាច្បាស់ណាស់ ដែលថាអ្នករងគ្រោះជាងគេ គឺបុគ្គលិក ពលករ កម្មករតូចតាច។ គ្រាន់តែ២សប្តាហ៍កន្លងមកនេះ នៅសហរដ្ឋ អាមេរិក មានមនុស្ស១០លាននាក់ទៅហើយ ដែលបានបាត់បង់ការងារ។ ប្រទេសដែលមានប្រាក់ចំណូលទាប នៅតាមតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង ស្ថិតនៅលើខ្សែបន្ទាត់គ្រោះថ្នាក់បំផុត។

ទោះជាវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់កំពុងរងចាំក្តី​ តែលោកស្រីអគ្គនាយកIMF បានរំលឹកថា ក្នុងពេលនេះ អ្វីដែលចាំបាច់ និងអាទិភាពបំផុត គឺសង្រ្គោះជីវិតមនុស្ស។​ គ្រប់គ្នាត្រូវតែធ្វើគ្រប់យ៉ាង ជួយប្រព័ន្ធសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩។ យកឈ្នះមេរោគនេះបានកាន់តែឆាប់ គឺយើងមានសង្ឃឹម អាចស្រោចស្រង់សេដ្ឋកិច្ចបានកាន់តែច្រើន។

លោកស្រី Kristalina Georgieva បានលើកឡើងថា មូលនិធិរូបិយវត្ថុអន្តរជាតិ មានលទ្ធភាពអាចផ្តល់កម្ចីប្រមាណ​១០០ម៉ឺនលានដុល្លារ។ ដូច្នេះមូលនិធិ សូមអំពាវនាវ ឲ្យរដ្ឋាភិបាលតាម​ប្រទេស​ទាំងអស់​ និងធនាគារកណ្តាល រៀបចំផែ​នការសង្រ្គោះសេដ្ឋកិច្ច ជួយសហគ្រាស ជួយ​​ការពារ​ការងារ ឲ្យមានប្រសិទ្ធិភាពបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI