អានតួអត្ថបទ
កូវីដ១៩ ប្រេងកាត

ក្រុម​ប្រទេស​ផលិត​ប្រេងខិតទៅរកការ​ព្រមព្រៀងគ្នា កាត់​បន្ថយ​ការផលិត​​ដើម្បី​ទប់​តម្លៃ​កុំ​ឲ្យ​ធ្លាក់​​ខ្លាំង

ស្ថានីយបូមប្រេងឆៅក្នុងសមុទ្រមួយកន្លែង របស់​ប្រទេសអង់ហ្គោឡា។ ថ្ងៃទី ៨ វិច្ឆិកា​២០១៨
ស្ថានីយបូមប្រេងឆៅក្នុងសមុទ្រមួយកន្លែង របស់​ប្រទេសអង់ហ្គោឡា។ ថ្ងៃទី ៨ វិច្ឆិកា​២០១៨ © REUTERS - Stephen Eisenhammer
ដោយ៖ ម៉ម ពិសី
1 នាទី

ដោយសារតែមេរោគកូវីដ១៩ សកម្មភាពសេដ្ឋកិច្ច សង្វាក់ផលិតកម្មត្រូវរាំងស្ទះ ការធ្វើដំណើរចរាចរណ៍ ត្រូវកាត់បន្ថយសឹងតែទាំងស្រុង ដែលប្រការទាំងនេះ បានធ្វើឲ្យតម្រូវការប្រេងឥន្ធនៈ ធ្លាក់ចុះយ៉ាងខ្លាំង នៅទូទាំងពិភពលោក។  តម្លៃប្រេងឆៅ បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន ដោយ​មួយធុងបារីសនៅសល់​ត្រឹមតែ២១ដុល្លារប៉ុណ្ណោះ។ ក្រុមប្រទេសផលិតប្រេង បានជួបប្រជុំគ្នា តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បី​ស្រុះស្រួលគ្នា ធ្វើការកាត់បន្ថយការផលិត ក្នុងកម្ម​វត្ថុកុំឲ្យស្តុកឡើងចាល់ខ្លាំង និងទប់កុំឲ្យតម្លៃប្រេងកាន់តែធ្លាក់ជាងនេះ។​​

ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់ការប្រជុំពីចម្ងាយ អស់រយៈពេល​១១ម៉ោង អង្គការក្រុមប្រទេសនាំប្រេងចេញ រួមជាមួយនឹងសម្ព័ន្ធមិត្ត ដែលមិនមែនជាសមាជិក (OPEP+) បានចេញលិខិតប្រកាសព័ត៌មាន អះអាងថា ពួក​គេកំពុងតែខិតមកដល់ការនិយាយត្រូវគ្នា ឈានទៅ​កាត់​បន្ថយការផលិតប្រេង ឲ្យបាន​១០លានធុងបារីល​ក្នុងមួយថ្ងៃ នៅ​ក្នុងខែឧសភា និងមិថុនា។

លើក​លែងតែប្រទេសមិកស៊ិកមួយប៉ុណ្ណោះ ដែលមិនទាន់ផ្តល់ការយល់ព្រម។ តែយ៉ាងណា អង្គការប្រទេសនាំប្រេងចេញ មានគម្រោងបញ្ចុះបញ្ចូលឲ្យប្រទេសផលិតប្រេងទាំងអស់ ចូលរួមកាត់បន្ថយ ព្រោះពុំនោះទេ វិធានការនេះនឹងមិនអាចឆ្លើយតប ទៅនឹងទំហំនៃវិបត្តិបច្ចុប្បន្ននេះទេ។

បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារ Bloomberg បានឲ្យដឹងថា ក្នុងចំណោម​១០លានធុងបារីល ដែលគេនឹង​កាត់បន្ថយក្នុងមួយថ្ងៃ គឺរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ដែលជាអ្នកទទួលកាត់បន្ថយច្រើនជាងគេ។ ចំណែកប្រទេសផ្សេងៗទៀត ចូលរួមកាត់បន្ថយ ឲ្យសមាមាត្រទៅនឹងសមត្ថភាពផលិតរបស់ខ្លួន។ ក៏ប៉ុន្តែ ប្រទេសមិកស៊ិក យល់ថាទំហំនៃការកាត់បន្ថយការផលិត ដែលគេបានសំណូមពរមកខ្លួន គឺវាធ្ងន់ខ្លាំងពេក។

គួរកត់សម្គាល់ថា តម្លៃប្រេងឆៅដែលមានតម្លៃខ្ទង់៦០ដុល្លារក្នុងមួយធុងបារីល កាលពីប៉ុន្មានខែមុន បានធ្លាក់មកនៅត្រឹមតែ២១ដុល្លារតែប៉ុណ្ណោះ។ វិបត្តិមេរោគឆ្លងរាលដាល កូវីដ១៩ បានធ្វើឲ្យសង្វាក់ផលិតកម្មរោងចក្រ សហគ្រាស ហាងទំនិញបិទទ្វារ មនុស្សម្នាលែងធ្វើដំណើរ ដែលប្រការនេះ បានធ្វើឲ្យតម្រូវការប្រេងឥន្ធនៈធ្លាក់ចុះយ៉ាងគំហុក។ រុស្ស៊ី និងសហរដ្ឋអាេមរិក ដែលមិនមែនជាសមាជិក ក្នុងអង្គការប្រទេសនាំប្រេងចេញ ក៏បានចូលរួម​សន្យាកាត់បន្ថយដែរ ដើម្បីសម្តែងការសាមគ្គី និង​ការពារតម្លៃប្រេងនៅលើទីផ្សារ។ រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានងាកមកចរចាគិតប្រយោជន៍រួម បំភ្លេចចោល​ការប្រទូស្តរាយគ្នា កាលពីប៉ុន្មានសប្តាហ៍មុន។

ដោយឡែក យោងតាមការវិភាគរបស់ Rystad Energy ការកាត់បន្ថយការផលិតប្រេង ចំនួនសរុប​១០លានធុងបារីលក្នុងមួយថ្ងៃ នៅខែឧសភា និងមិថុនា អាចជួយទប់កុំឲ្យស្តុកប្រេង ឡើងចាល់ដល់កម្រិតអតិបរមា ហើយនឹងអាចជួយ​ទប់ កុំឲ្យតម្លៃប្រេងកាន់តែ​ធ្លាក់ថោកហៅមិនឮជាង​នេះ។ ក៏ប៉ុន្តែ​ វិធានការនេះ មិនទាន់គ្រប់គ្រាន់ ក្នុងការទាញទីផ្សារប្រេង ឲ្យមានលំនឹងនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ