អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេសកំពុង​អភិវឌ្ឍ ​ប្រឈម​ហានិភ័យ​គ្មាន​លទ្ធភាព​សង​បំណុល​ អំឡុងវិបត្តិ​កូវីដ១៩

សំឡេង ០៤:០៤
ផ្ទះប្រជាជន​នៅមាត់បឹងទំពុន ទីក្រុងភ្នំពេញ។ ថ្ងៃទី​២៧ ខែឧសភា ២០១៩
ផ្ទះប្រជាជន​នៅមាត់បឹងទំពុន ទីក្រុងភ្នំពេញ។ ថ្ងៃទី​២៧ ខែឧសភា ២០១៩ Thomson Reuters Foundation/Rina

ប្រឈមមុខ​ទល់នឹង​វិបត្តិ​កូវីដ១៩ ប្រទេសភាគច្រើនលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ត្រូវប្រឈមហានិភ័យ គ្មានលទ្ធភាពសងបំណុលសាធារណៈរបស់ខ្លួន។ តើប្រទេសណាខ្លះអាច ត្រូវបានលើក​ជាឧទាហរណ៍? តើកម្រិតបំណុលសកលបច្ចុប្បន្នមានទំហំធំប៉ុនណា? ហើយ ថាតើ​ស្ថាប័នអន្តរជាតិធំៗអាចធ្វើអ្វីបានខ្លះ ដើម្បី​ជួយ​ប្រទេស​ទាំងនោះ?

ផ្សាយពាណិជ្ជកម្ម

ពិភពលោកបច្ចុប្បន្ន កំពុងប្រឈមជាមួយ ហានិភ័យគ្មានលទ្ធភាពសងបំណុលសាធារណៈរបស់ខ្លួន នៅពេល​ដែលរដ្ឋាភិបាល​នៃបណ្ដាប្រទេសកំពុងអភិវឌ្ឍ ចាំបាច់ត្រូវការចំណាយថវិកាយ៉ាងច្រើន ដើម្បីរក្សាសុខភាពរបស់ប្រជាជនខ្លួន ប្រឈមមុខទល់នឹងវិបត្តិកូវីដ​១៩ (Covid-19)។

ប្រសិនបើគ្មានលក្ខខណ្ឌនៃការចរចាពន្យារពេលសងបំណុលណាមួយកើតឡើង វិបត្តិកូវីដ១៩​ នឹងអាចរុញច្រានឱ្យមាន ហានិភ័យគ្មានលទ្ធភាពសងបំណុលសាធារណៈ រហូតដល់អាចគ្រប់គ្រងលែងបាន ជាពិសេស​ សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីក​ចម្រើន​។ បើសិនជារឿងនេះអាចកើតឡើងមែននោះ កិច្ចខិតខំប្រឹងប្រែងរបស់សាកលលោក ក្នុងការដោះស្រាយវិបត្តិ​សុខភាពសកល អាចទទួលបរាជ័យ ខណៈការធ្លាក់ចុះសេដ្ឋកិច្ចបច្ចុប្បន្ន អាចនឹងរុញច្រាន​​ឱ្យមានវិបត្តិយូរអង្វែង។

តើប្រទេសណាខ្លះអាចលើកជាឧទាហរណ៍?

ទាំងប្រទេសជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ សុទ្ធតែត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលគ្មាននរណាអាចរំពឹងទុកនេះ ដោយសារ​សកម្មភាពអាជីវកម្មបានបិតទ្វារ ហើយបុគ្គលិកការងារបានបាត់បង់ចំណូលរបស់ខ្លួន។ ក៏ប៉ុន្តែ វិបត្តិកូវីដ១៩​ ទំនងបង្កើតបញ្ហាធ្ងន់ធ្ងរ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ជាឧទាហរណ៍ ករណីប្រទេស អាហ្សង់ទីន ឥណ្ឌា ឬម៉ិកស៊ិក ជាដើម។ អាហ្សង់ទីន កំពុងដើរទៅរកផ្លូវនៃការគ្មានលទ្ធភាពសងបំណុលសាធារណៈរបស់ខ្លួនជាលើកទី៩។ សម្រាប់ករណី ឥណ្ឌា និងម៉ិកស៊ិក ការខាតបង់សេដ្ឋកិច្ច ដែលបណ្ដាលមកពីវិធានការ​ឃាំងប្រជាជន មានទំហំធំជាងបណ្ដាប្រទេសជឿនលឿន ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។

បញ្ហាចម្បងផ្សេងទៀត ក៏កើតមានឡើងផងដែរ ក្នុងប្រទេសទាំងនោះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលងាយរងគ្រោះ ព្រោះដោយសារ​កង្វះខាតសាច់ប្រាក់បម្រុង។ សហគ្រាសធុនតូច និងមធ្យម រួមចំណែកយ៉ាងចម្បងក្នុងសេដ្ឋកិច្ចជាតិ។ ដោយសារប្រទេសទាំងនេះ មានប្រព័ន្ធសុខាភិបាលទន់ខ្សោយ តម្រូវការកញ្ចប់ថវិកា ដើម្បីជួយគាំពារអាជីវកម្ម និងបុគ្គលិកការងារ ក៏មានទំហំធំផងដែរ។ អ្នកជំនាញខ្លះ ប៉ាន់ស្មានថាទំហំទឹកប្រាក់អាចឈានដល់ចំនួន ១០ភាគរយ នៃចំណូលជាតិសរុប។

វិបត្តិកូវីដ១៩ និងតួលេខបំណុល

គួររំលឹកផងដែរថា ពិភពលោកបច្ចុប្បន្ន កំពុងជាប់ផុងជាមួយនឹងបំណុលសាធារណៈសកល ក្នុងកម្រិតមួយធ្ងន់ធ្ងរ ធៀបពីមុនវិបត្តិហិរញ្ញវត្ថុសកល កាលពី១០ឆ្នាំមុន ក៏ប៉ុន្តែ ជម្ងឺរាតត្បាត កូវីដ១៩ បានបន្ថែមបន្ទុកវិបត្តិឱ្យកាន់តែលំបាក។ បំណុលសាធារណៈសកល បានកើនរហូតដល់ ៣២២ភាគរយ នៅត្រីមាសទី៣ នៅឆ្នាំ២០១៩ ធៀបនឹងផលិតផលក្នុងស្រុកសរុប ពោលគឺកើនលើស ១២ដង ធៀបនឹងឆ្នាំ២០០៩ ឬគិតជាទំហំទឹកប្រាក់ ប្រមាណ ២៥៣ ទ្រីលានដុល្លារអាមេរិក។ សម្រាប់ប្រជាជនទាំង ៧,៧ពាន់លាននាក់ នៅទូទាំងពិភពលោក ជាមធ្យមមនុស្សម្នាក់មានបំណុលប្រមាណ៣២៥០០ដុល្លារអាមេរិក។ តួលេខនេះនឹងបន្តកើនឡើងជារឿយៗ។ មូលហេតុចម្បងក៏ព្រោះដោយសារ ការកើនឡើងនៃចំណាយសាធារណៈរបស់រដ្ឋាភិបាល និងការអូសបន្លាយអត្រាការប្រាក់ទាប ដែលលើកទឹកចិត្តឱ្យរដ្ឋាភិបាលភាគច្រើន លើពិភពលោក បង្កើនទំហំកម្ចីរបស់ខ្លួន លើទីផ្សារហិរញ្ញវត្ថុ។

មេរោគកូវីដ១៩​ ដែលកំពុងតែរាតត្បាតប្រទេសទូទាំងពិភពលោក បានបង្កជាភាពរាំងស្ទះផងដែរ ដល់ការសងបំណុល និងលទ្ធភាពជំរុញកំណើនបំណុលបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។ អំឡុងពេលនេះ ធនធានទាំងអស់ ដែលរដ្ឋនីមួយៗមាន នឹងត្រូវប្រើប្រាស់ដើម្បីប្រឆាំងនឹងកូវីដ១៩ និងដើម្បីជួយជ្រោមជ្រែងដល់សកម្មភាពសេដ្ឋកិច្ច។

តើ​ស្ថាប័នអន្តរជាតិអាចធ្វើអ្វីបានខ្លះ?

ដើម្បីចៀសវាងលទ្ធផលមហន្តរាយ ពិភពលោកត្រូវធ្វើសកម្មភាពរួមគ្នាជាបន្ទាន់។ មូលនិធិរូបិយវត្ថុអន្តរជាតិ (FMI) ប៉ាន់ប្រមាណថា ប្រទេសកំពុងអភិវឌ្ឍត្រូវការកញ្ចប់ថវិកាចំនួនយ៉ាងហោចណាស់ ២,៥ ទ្រីលានដុល្លារអាមេរិក ប៉ុន្តែ តួលេខនេះហាក់នៅមានទំហំតូចនៅឡើយ ធៀបនឹងបញ្ហាប្រឈមជាក់ស្ដែង។ ក្នុងពេលជាមួយគ្នា ធនធានថវិកាដែលអាចផ្ដល់កម្ចីបាន របស់ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិបច្ចុប្បន្ន ក៏នៅមានកម្រិតផងដែរ។ លើសពីនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ អាចទំនងធ្វើសកម្មភាពផ្សេងៗ ដើម្បីបញ្ចប់ហានិភ័យគ្មានលទ្ធភាពសងបំណុលរបស់រដ្ឋាភិបាលសមាជិក ដោយការសម្របសម្រួលពន្យារពេលសងបំណុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ