កូវីដ១៩ ប្រេងកាត

ប្រទេសអ្នកនាំប្រេងចេញ ព្រមព្រៀងគ្នាកាត់បន្ថយការផលិត ដើម្បីទប់តម្លៃប្រេង​កុំឲ្យចុះថោក

ស្ថានីយ៍​ផលិត​ប្រេង​ឆៅ​ Nahr Bin Umar oilfield ភាគខាងជើង​តំបន់Basra ប្រទេសអ៊ីរ៉ាក់ ថ្ងៃទី​១៥ មីនា ២០២០
ស្ថានីយ៍​ផលិត​ប្រេង​ឆៅ​ Nahr Bin Umar oilfield ភាគខាងជើង​តំបន់Basra ប្រទេសអ៊ីរ៉ាក់ ថ្ងៃទី​១៥ មីនា ២០២០ REUTERS - Essam Al Sudani

វិបត្តិកូវីដ១៩ បានបណ្តាលឲ្យ​តម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោក ធ្លាក់ចុះជាខ្លាំង។ ដើម្បីទប់តម្លៃប្រេងកុំឲ្យចុះថោកពេក អង្គការក្រុមប្រទេសអ្នកនាំប្រេងចេញ ព្រមទាំងសម្ព័ន្ធមិត្ត បាន​ព្រមព្រៀងគ្នា កាលពីយប់ថ្ងៃអាទិត្យ​ទី១២មេសា ក្នុងការកាត់បន្ថយការផលិតប្រេងឆៅ ក្នុងចំនួន ៩លាន​៧សែន​ធុងបារីល ក្នុងមួយថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់​ការប្រជុំចរចាគ្នា ដោយលំបាកតាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ កាលពីយប់ថ្ងៃអាទិត្យ ទី១២មេសា ទីបំផុតទៅ ក្រុមប្រទេសអ្នកនាំប្រេងចេញ ហៅកាត់ថា OPEP រួមជាមួួយប្រទេសផលិតប្រេងផ្សេងទៀត ដែលមិនមែនជាសមាជិក បានត្រូវរូវគ្នា សុខចិត្តកាត់​បន្ថយ​ការផលិត​ប្រេងឆៅ​រៀងៗខ្លួន។ ចំនួន​សុរបនៃ​ការកាត់​បន្ថយ​គឺ ស្មើនឹង​៩លាន៧សែន​ធុងបារីល ក្នុងមួយថ្ងៃ ចាប់ពីខែ​​ឧសភា ដល់​ដាច់​ខែ​មិថុនា។

លោក Mohammed Barkindo អគ្គលេខាធិការ​នៃ​អង្គការ​ក្រុមប្រទេស​អ្នកនាំ​ប្រេងចេញ ​បាន​លើកឡើង​​ថា ការ​កាត់បន្ថយ​​ចំនួន​ផលិត​ប្រេងឆៅ​នេះ គឺជា​ទំហំមួយ​ដ៏ធំ​មិនធ្លាប់​មាន ហើយក្នុង​រយៈពេល​មួយ​យូរ​ខ្លាំងទៀត​ផង ដែល​ប្រទេស​សមាជិក រួមជា​មួយ​ប្រទេស​មិនមែន​ជា​សមាជិក ​បាន​សុខចិត្ត​ធ្វើ​ទាំង​អស់​គ្នា។

គួរបញ្ជាក់ថា កាលពី​សប្តាហ៍មុន ​ការចរចា​បាន​រាំងស្ទះ ​គ្មានការ​ព្រមព្រៀង​ជា​ឯកច្ឆ័ន្ទ ដោយសារ​​ប្រទេស​មិកស៊ិក បាន​​បដិសេធ ដោយ​អះអាងថា​ ​ទំហំ​កាត់បន្ថយ​ដែល​គេ​ដាក់​មកលើ​ខ្លួន មាន​ចំនួន​ច្រើន​ជ្រុលពេក។ ទីបំផុត​ទៅ​​ក្រុម​ប្រទេស​អ្នក​នាំប្រេង​ចេញ បាន​ពិនិត្យ​មើល​ទំហំ​កាត់បន្ថយ​ឡើងវិញ ទើប​មិកស៊ិក​សុខចិត្ត។

គួរកត់​សំគាល់ថា វិបត្តិ​បង្កឡើង​ដោយ​មេរោគកូវីដ១៩ ​បានធ្វើឲ្យ​តម្រូវការ​ប្រេងឥន្ធនៈ ធ្លាក់ចុះ​ជា​ខ្លាំង។ តម្លៃ​ប្រេងឆៅ​បានធ្លាក់​ចុះ​នៅត្រឹម​តែ​ជាង​២០ដុល្លារ​តែប៉ុណ្ណោះ ​ក្នុង​មួយ​ធុង​បារីល។ ក្រោយដំណឹង​នៃ​ការ​ព្រមព្រៀងគ្នា​ កាត់បន្ថយ​ចំនួន​​ផលិតនេះ តម្លៃ​ប្រេង​បានឡើង​បន្តិច​មកវិញ ​នៅ​ទីផ្សារ​អាស៊ី។ លោកពូទីន​ និង​លោក​ដូណាល់ ត្រាំ សុទ្ធតែ​បាន​​អបអរថា ការ​ព្រមព្រៀង​គ្នា​​ កាត់​បន្ថយការ​ផលិត​នេះ គឺជា​ការសម្រេចចិត្ត​ដ៏ល្អ ក្នុង​ការ​ទប់​ទីផ្សារប្រេង​ឲ្យមាន​ស្ថិរភាព។

តែយ៉ាងណាក៏ដោយ អ្នកវិភាគ​ទីផ្សារ​ប្រេងមួយចំនួន បានលើកឡើងថា ការកាត់បន្ថយ​ការផលិត​​ក្នុងទំហំ​ប៉ុននេះ នៅមិន​ទាន់​គ្រប់គ្រាន់​ អាចជួយ​ទីផ្សារ​ឲ្យមាន​ស្ថិរភាព​មកវិញទេ ព្រោះ​ទំហំ​ស្តុកនៃ​ប្រេងឆៅ មាន​កម្រិត​​ខ្ពស់​ខ្លាំង​ជាង​​តម្រូវការ​ជាក់ស្តែង ប្រមាណ​​ពី ​១៥ ទៅ​៣០លាន​ធុងបារីល ក្នុង​មួយថ្ងៃ​ឯ​នោះ។ បន្ថែមពីនេះទៀត អ្នកវិភាគ យល់ថា វិធានការនេះ បានមកដល់យឺតពេលបន្តិចហើយ ហើយតម្លៃប្រេងអាចនឹងបន្តធ្លាក់ ក្នុងរវាងសប្តាហ៍ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI