អានតួអត្ថបទ
កូវីដ១៩ សេដ្ឋកិច្ច

ក្រុមប្រទេស​G20 សម្រេច​យល់ព្រម មិន​ទារបំណុល​​ពី​ប្រទេស​ក្រីក្រ រយៈពេល​១២ខែ​

រដ្ឋមន្ត្រីហិរញ្ញវត្ថុ រួមជាមួយតំណាងធនាគារកណ្តាល នៃប្រទេសសេដ្ឋកិច្ចនាំមុខ G20 បានប្រជុំគ្នា រកដំណោះស្រាយ​ជួយប្រទេសក្រីក្រ ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ បណ្តាលមកពីមេរោគកូវីដ១៩។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ រួមជាមួយតំណាងធនាគារកណ្តាល នៃប្រទេសសេដ្ឋកិច្ចនាំមុខ G20 បានប្រជុំគ្នា រកដំណោះស្រាយ​ជួយប្រទេសក្រីក្រ ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ បណ្តាលមកពីមេរោគកូវីដ១៩។ AFP/File
ដោយ៖ ម៉ម ពិសី
1 នាទី

ក្រុមប្រទេស​សេដ្ឋកិច្ចនាំមុខ ហៅកាត់ថា G20 បានសម្រេចយល់ព្រម ព្យួរការទារបំណុលនិងយកកាប្រាក់​ ពីប្រទេសក្រីក្រទាំងអស់ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១។ នេះគឺការប្រកាសជាផ្លូវការ បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងតំណាងធនាគារកណ្តាល នៃប្រទេសសេដ្ឋកិច្ចនាំមុខ​ទាំង២០ ដែល​បានប្រជុំគ្នាពីចំងាយ កាលពីរសៀលថ្ងៃពុធ ទី១៥មេសា។

ផ្សាយពាណិជ្ជកម្ម

ក្រុមប្រទេសG20 និងដោយមានការយល់ព្រម ពីក្រុមប្រទេសសមាជិក នៃClub de Paris បានសម្រេច រៀបចំឲ្យមានវិធានការសហការទាំងអស់គ្នា ព្យួរការយកកាប្រាក់ ពីប្រទេសក្រីក្រ ដែលជាប់បំណុល។ ម្ចាស់បំណុល ដែលចូលរួមអនុវត្តការសម្រេចចិត្តនេះ គឺជាម្ចាស់បំណុលផ្លូវការ និងទ្វេរភាគី។ តែទន្ទឹមនឹងនេះ ក្រុមប្រទេសG20 បានអំពាវនាវ ឲ្យម្ចាស់បំណុលឯកជន ត្រូវចូលរួមជួយផងដែរ។

លោក Mohammed al-Jadaan រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត និងជាអ្នករៀបចំចាត់​ចែង​ការប្រជុំពីចំងាយ របស់G20 បានបញ្ជាក់ថា ដោយ​មាន​ការសហការ ជាមួយ​ធនាគារពិភព​លោក និង​មូលនិធិរូបិយវត្ថុអន្តរជាតិ ប្រទេសក្រីក្រទាំងអស់ មិនបាច់ភ័យបារម្ភ រឿងគ្មានប្រាក់សងបំណុលទៀតនោះទេ។ បំណុលនឹងការប្រាក់ នឹងត្រូវព្យួររយៈពេល​១២ខែ គិតចាប់ពីថ្ងៃសម្រេចនេះ ភ្លាមតែម្តង។

លោករដ្ឋមន្ត្រីហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត លើកឡើងថា យើងទាំងអស់គ្នា បានប្តេជ្ញាចិត្តហើយ ថាត្រូវតែប្រឹង​ឲ្យអស់ពីសមត្ថភាព ដើម្បីការពារ​អាយុជីវិត របស់មនុស្ស។ កាលៈទេសៈនេះ គឺជាស្ថានភាព​​វិបត្តិ​ដ៏ធ្ងន់ម​ិនធ្លាប់មាន ហើយដែលយើងត្រូវតែជួយទំនុកបំរុងគ្នា តាមតែអាចធ្វើទៅបាន ជួយសេដ្ឋកិច្ចសកល និងជួយទប់លំនឹងប្រព័ន្ធហិរញ្ញវត្ថុ។

លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ បានអបអរ ចំពោះការសម្រេចនេះ ថាគឺជា ទង្វើសម្តែងសាមគ្គីភាពអន្តរជាតិ​ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ លោកបន្ថែមថា ក្នុងនាមជាប្រទេសធូរធា យើងត្រូវទុកលទ្ធភាពឲ្យប្រទេសក្រីក្រ មានមធ្យោបាយហិរញ្ញវត្ថុ យកទៅប្រើការចាំបាច់បន្ទាន់ ដូចជាចំណាយ​ប្រើក្នុងវិស័យ​សុខាភិបាល ដើម្បីការពារអាយុជីវិតរបស់ប្រជាជន។

គួរកត់សំគាល់ថា មេរោគកូវីដ១៩ បានឆ្លងទៅកាន់មនុស្សប្រមាណ​ជាង២លាននាក់ហើយ នៅទូទាំងពិភពលោក។ រដ្ឋាភិបាល អាជ្ញាធរប្រទេសជាច្រើន បានចាត់វិធានការបិទខ្ទប់ការធ្វើដំណើរ និងបិទសកម្មភាពសេដ្ឋកិច្​ច ដើម្បីទប់ទល់ជាមួយការឆ្លងរាលដាលនៃមេរោគនេះ ទៅកាន់ប្រជាជន។ អ្នកជំនាញបានព្យាករថា ឆ្នាំ២០២០ នេះ ពិភពលោកនឹងជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មាន ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺប្រទេសក្រីក្រ ដែលគ្មានធនធានថវិកា​បំរុងទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ