សេដ្ឋកិច្ចអឺរ៉ុបនិងអាមេរិកធ្លាក់ចុះខ្លាំង ខណៈពេលអ្នកឆ្លងកូវីដកើនឡើងជាង១៧លាននាក់
ចុះផ្សាយនៅថ្ងៃ៖
សេដ្ឋកិច្ចអឺរ៉ុប និងសហរដ្ឋអាមេរិក ធ្លាក់ចុះខ្លាំងមិនធ្លាប់មាន នាប៉ុន្មានខែចុងក្រោយនេះ គឺដោយសារតែរងផលវិបត្តិនៃមេរោគកូរ៉ូណាថ្មី។ មេរោគកូរ៉ូណាថ្មី នៅពេលនេះ បានចម្លងដល់មនុស្ស ជាង ១៧លាននាក់ ហើយសម្លាប់អាយុជីវិតមនុស្ស ជាង៦៧ ម៉ឺននាក់ នៅលើពិភពលោក។
ស្ថិតិសេដ្ឋកិច្ចពិភពលោក ហាក់ធ្វើឱ្យគេងងឹតវិលមុខឈឹង។ តំបន់ប្រាក់អឺរ៉ុប ក្នុងត្រីមាសទី២ ធ្លាក់ជាង១២ភាគរយនៃផលិតផលក្នុងស្រុកសរុប ដោយសារតែយន្តការបិទខ្ទប់ប្រទេស។ នេះបើតាមការិយាល័យស្ថិតិអឺរ៉ុប។ ផលិតផលក្នុងស្រុកសរុប ធា្លក់ចុះនៅក្នុងប្រទេសអឺរ៉ុប ជាអាទិ៍ នៅបារាំង ធ្លាក់ជិត១៤ភាគរយ ហើយអេស្ប៉ាញ ធ្លាក់ចុះ ១៨កន្លះ។ អាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចចម្បងរបស់អឺរ៉ុប ក៏ធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ជាង១០ភាគរយដែរ។
ចំណែកនៅសហរដ្ឋអាមេរិកវិញ វិធានការបិទខ្ទប់បង្ខាំងពលរដ្ឋឱ្យដេកនៅផ្ទះ បានបណ្តាលឱ្យធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ប្រមាណជិត៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា តាមចរន្តប្រចាំឆ្នាំ។ កាដាណា ត្រឹមថ្ងៃសុក្រ ក៏ទទួលស្គាល់ដែរថា កំណើនសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះ ៤,៥% នៅខែឧសភា បើធៀបនឹងខែមេសា។
វិស័យសេដ្ឋកិច្ចពិភពធ្លាក់ចុះ តែចំនួនអ្នកស្លាប់ និងអ្នកឆ្លងមេរោគកូវីដ១៩ កាន់តែកើនឡើងជាលំដាប់។ តាមរបាយការណ៍ផ្លូវការ គិតត្រឹមថ្ងៃសុក្រ ផ្សាយដោយទីភ្នាក់សារព័ត៌មានបារាំង AFP, ជំងឺកូវីដ១៩ បានសម្លាប់ផ្តាច់ជីវិតមនុស្ស យ៉ាងហោច ៦៧៣ ៩០៩ នាក់ នៅលើពិភពលោក ហើយនិងមានអ្នកឆ្លងរោគ ជាង១៧លាននាក់។
ប្រទេស ម៉ិចស៊ិក មានអ្នកស្លាប់ ជាង៤ម៉ឺន៦ពាន់នាក់ ដែលធ្វើឱ្យម៉ិចស៊ិកក្លាយប្រទេសរងគ្រោះទី៣នៅលើពិភពលោក មានអ្នកស្លាប់ច្រើនព្រោះតែកូវីដ១៩ ។ អង់គ្លេស ក៏ស្លាប់មនុស្សច្រើនជិតប្រហាក់ប្រហែលនឹងម៉ិចស៊ិកដែរ។ សហរដ្ឋអាមេរិក នៅតែរក្សាឈ្មោះជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេ ដល់ជាង ១៥២ ០៧០ នាក់ បន្ទាប់មក គឺប្រេស៊ីល ស្លាប់ជាង៩១ ២៦៣នាក់។
ដោយឡែក នៅតំបន់ប្រជុំកោះFidji និងនៅវៀតណាមក្បែរខាងកម្ពុជា មេរោគកូវីដហាក់កំពុងតែមានសន្ទុះងើបឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ