អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គារវកិច្ច​របស់​​ឥណ្ឌា​ទទួល​ប្រធានាធិបតី​ចិន​​បង្កប់​ដោយ​ផលប្រយោជន៍ និង​យុទ្ធសាស្រ្ត

សំឡេង ០៧:០៨
ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ទទួល​គារវកិច្ច​ដោយ​លោក​ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅថ្ងៃទី ១៧​កញ្ញា នៅក្នុង​អំឡុង​ទស្សនកិច្ច​ជាលើកទីមួយ​របស់លោក​ទៅ​ឥណ្ឌា
ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ទទួល​គារវកិច្ច​ដោយ​លោក​ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅថ្ងៃទី ១៧​កញ្ញា នៅក្នុង​អំឡុង​ទស្សនកិច្ច​ជាលើកទីមួយ​របស់លោក​ទៅ​ឥណ្ឌា ©REUTERS/Amit Dave
ដោយ៖ ឈាង បុប្ផា
៣៩ នាទី

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ធ្វើ​ដំណើរ​ទៅដល់ប្រទេស​ឥណ្ឌា នៅថ្ងៃ​ពុធទី ១៧ កញ្ញា និង​ត្រូវ​បាន​ទទួល​គារវកិច្ច​យ៉ាង​អធិកអធម​ពី​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា រ៉េនដ្រា ម៉ូឌី។ ទស្សនកិច្ច​របស់​ប្រមុខដឹកនាំ​ចិន នៅ​ឥណ្ឌា​នឹង​ផ្តោត​សំខាន់​ទៅលើការជំរុញ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​អាស៊ី​ទាំងពីរ។ លោក​ប្រធានាធិបតី​ចិន គ្រោង​នឹង​ពិភាក្សា​ផងដែរ​ពី​បញ្ហា​ព្រំដែន​គោក ដែល​ចិន និង​ឥណ្ឌា​កំពុងបន្ត​ឈ្លោះ​ដណ្តើម​គ្នាគ្រប់គ្រង។​ នៅក្នុង​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​នៅ​ឥណ្ឌា លោក​ស៊ី ជីនពីងត្រូវ​ជួប​ជា​ផ្លូវការ​លោក​នាយករដ្ឋមន្រ្តី និង​ប្រធានាធិបតី​​ឥណ្ឌា នៅថ្ងៃ​ព្រហស្បតិ៍​ស្អែក។ ​ភាគី​ទាំងពីរ​នឹង​ចុះ​កិច្ច​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ការវិនិយោគ​ទៅលើ​​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យថាមពលឥណ្ឌា។​ 

ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ នៅ​ឥណ្ឌា ធ្វើ​ក្នុង​អំឡុង​ពេល​ដែល​ទាហាន​របស់​ប្រទេស​ទាំងពីរ​កំពុង​ឈ្លោះ​ទាស់ទែង​គ្នា​នៅតាម​ព្រំដែន។ នៅ​មួយថ្ងៃ មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ ស៊ី ជីនពីង​នៅ​ឥណ្ឌា នៅថ្ងៃ​ពុធ ឥណ្ឌា​បាន​ប្រកាស ការពារ​ព្រំដែន​ប្រវែង​៣៥០០​គីឡូម៉ែត្រ​ដែល​ឥណ្ឌា​មាន​ជាប់​ជាមួយ​ចិន។ យោងតាមការចុះផ្សាយ​របស់​កាសែត​Hindustan Times របស់​ឥណ្ឌា កាលពី​សប្តាហ៍មុន កងទ័ព​ចិន ជាង​២០០​នាក់​បាន​ចូល​ទៅក្នុង​ទឹកដី ​ជិត​តំបន់​ហិមាល័យ៉ាដែល​ឥណ្ឌា​ចាត់ទុក​ជាទឹកដី​របស់ខ្លួន។ តាមកាសែត ទាហាន​ចិន​ទាំងនោះ បាន​នាំ​យក​សម្ភារៈ​ចូលទៅសាងសង់​ផ្លូវ​នៅក្នុង​ទឹកដីឥណ្ឌា។

 
ព្រឹត្តិការណ៍​លើកនេះ​បាន​ឆ្លុះបញ្ចាំង​ពី​វិបត្តិ​ជម្លោះ​ព្រំដែន​ដែល​ឥណ្ឌា និង​ចិន​នៅ​តែ​មិន​ទាន់​ដោះស្រាយ​ចេញរួច។ ក្រៅតែ​ពី​បញ្ហា​ព្រំដែន ចិន និង​ឥណ្ឌា ដែល​ជា​មហាអំណាច​អាស៊ី​ពីរ​ កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​ ផងដែរ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​អំណាច​យោធា នៅក្នុង​តំបន់ប៉ុន្តែ ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ទៅ​ឥណ្ឌា បាន​បង្ហាញថា ចិន និង​ឥណ្ឌា មិន​មែន​ដាក់​ខ្លួន​ជា​សត្រូវ​នឹង​គ្នា​នោះទេ ប៉ុន្តែ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ល្អ​នឹង​គ្នា​។ ភាគី​ចិន​ផ្ទាល់​ធ្លាប់​វាយតម្លៃថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ថ្មី រ៉េនដ្រា​ ម៉ូឌី នឹង​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន ឥណ្ឌា​ល្អប្រសើរ​លើសមុន។

នៅប្រទេស​ឥណ្ឌា ប្រមុខដឹកនាំ​ចិន​ ដែល​អមដំណើរ​ដោយមន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ចិន និង​​ប្រធាន​ក្រុមហ៊ុន​ចិន​ធំៗ គ្រោង​នឹង​ប្រកាស​ការវិនិយោគ​ទឹកប្រាក់១០០​ពាន់​លាន​ដុល្លារ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​វិស័យ​ថាមពលឥណ្ឌា។ នៅឥណ្ឌា ចិន​ចង់ប្រើលុយ​ដើម្បី​អូសទាញ​ឥណ្ឌា ឲ្យ​ចេញ​ពី​ឥទ្ធិពល​របស់​ជប៉ុន។ គួររំលឹកថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា រ៉េនដ្រា ម៉ូឌី នៅ​ទីក្រុង​តូក្យូ ជប៉ុន​​បាន​​សន្យា​វិនិយោគ​ទឹកប្រាក់ ជាង​៣៥​ពាន់​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​រទេះភ្លើង​ឲ្យ​ឥណ្ឌា។

ក្រៅតែ​ពីទឹកប្រាក់​វិនិយោគ​សន្ធឹកសន្ធាប់ ចិន​បាន​សន្យាផងដែរ នឹង​កែតម្រូវ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​រហូត​មក​ដល់​ពេល​បាន​​ទោរ​ធ្ងន់​ទៅខាង​ចិន (ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើនឡើង​ដល់​៤០ពាន់​លាន​ដុល្លារ ក្នុង​ពេល​ដែល​ឱនភាព​នេះ​មាន​ចំនួន​តែ​ជាង​១​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០០១)

ជំនួយ​វិនិយោគ​ដើម្បី​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​របស់​ឥណ្ឌា គឺជារឿង​ចាំបាច់​ដែល​ឥណ្ឌា​ត្រូវការ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឥណ្ឌា ដែល​លោក​រ៉េនដ្រា ម៉ូឌីធ្លាប់​​បាន​សន្យា​ទៅប្រជាជនឥណ្ឌា នៅមុន​ពេល​លោក​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្រ្តី។

មុន​ទៅ​ឥណ្ឌា ប្រធានាធិបតី​ចិន​ទើប​បុកគ្រឹះ​ឥទ្ធិពល​របស់ខ្លួន នៅស្រីលង្កា​​ដែល​ជាដែន​ឥទ្ធិពល​របស់​ឥណ្ឌា
ឥណ្ឌា​​មិន​សប្បាយ​ចិត្ត​ ដែល​ចិន​បាន​លូកដៃ ចូល​ទៅបង្កើន​វត្តមាន​នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​ដែល​ជា​ដែន​ឥទ្ធិពល​របស់​ឥណ្ឌា។ កាលពី​ថ្ងៃអង្គារ គឺ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​​ឥណ្ឌា លោក​ប្រធានាធិបតី ចិន​ ស៊ី ជីនពីង​បាន​សម្ពោធ​ការដ្ឋាន​សាងសង់​កំពង់​ផែ​មួយ​ទៀតដែល​ជា​ជំនួយទឹកប្រាក់​​របស់​ចិន នៅក្នុង​ប្រទេស​ស្រីលង្កា។ នេះ​ជាលើកទីពីរ ដែល​ចិន​ផ្តល់​លុយ​ជាង មួយ​ពាន់​លាន​ដុល្លារ ដើម្បី​បោះទីតាំង​ខ្លួន​នៅលើ​កំពង់ផែ​​ស្រីលង្កា ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មានពី​ទឹកដី​ឥណ្ឌា។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ផ្ទាល់​​ធ្លាប់​ប្រកាស​ថា នៅក្នុង​អាណត្តិ​ដឹកនាំ​របស់ខ្លួន លោក​នឹង​ជួយ​ជំរុញឲ្យ​​ឥណ្ឌា រួចផុត​ពី​ការគំរាមកំហែង​របស់​ចិន ដែល​តែងតែ​បង្កើន​អំណាច​យោធា​មិន​ឈប់ឈរ នៅក្នុង​តំបន់។ ប៉ុន្តែ ដើម្បី​ជួយ​ឲ្យ​ឥណ្ឌារួច​ផុត​ពីការ​គំរាមកំហែង​របស់ចិន ឥណ្ឌា​ត្រូវ​តែ​ខ្លាំង ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​ការទូត។ មេដឹកនាំ​ឥណ្ឌា​រូបនេះ ដែល​កោតសរសើរ​ខ្លាំង​ប្រព័ន្ធ​ដឹកនាំ​សេដ្ឋកិច្ច​របស់​ប្រទេសចិន មាន​បំណង​​ចង់យក​គំរូ​តាមសេដ្ឋកិច្ច​​ចិន ដោយ​ចង់​​ប្រែក្លាយ​រដ្ឋ​ គូចារ៉ា​របស់លោក​ ឲ្យ​ក្លាយ​ជាទីក្រុង​​សេដ្ឋកិច្ច​រីកលូតលាស់​ដូច​ខេត្ត​ក្វាងទុង​របស់​​ចិន។ ​ប្រាកដណាស់ ថា ចិន​ជា​គូប្រជែង​ដែល​គ្រោះថ្នាក់​​សម្រាប់​ឥណ្ឌា ប៉ុន្តែ លោក​រ៉េនដ្រា ម៉ូឌី មិន​ចង់​យក​ចិន​មកធ្វើ​ជា​សត្រូវទេ។ ចិន​ដែល​ពេលនេះ​សំបូរលុយ​បរទេស និង​ចង់​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​នៅ បរទេស ត្រូវ​ឥណ្ឌា​ចាត់ទុក​ជា​ដៃគូ​ខានមិន​បាន សម្រាប់​​អភិវឌ្ឍ​សេដ្ឋកិច្ចឥណ្ឌា។  

ឥណ្ឌា​កំពុងធ្វើ​តាម​ចិនដែល​តែងតែ​ចែចង់​ប្រទេស​ដែល​សត្រូវ​របស់​ឥណ្ឌា
ឥណ្ឌា នៅក្រោមជំនាន់​គ្រប់គ្រង​របស់​លោក​រ៉េនដ្រា ម៉ូឌី គឺ​ខុស​ពី​ឥណ្ឌា​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី​ឥណ្ឌាមុនៗ។ លោក​ម៉ូឌីត្រូវ​បាន​គេ​មើលឃើញថា ជា​នាយករដ្ឋមន្រ្តី​ជាតិ​និយម ប៉ុន្តែ ​មាន​ទស្សនវិស័យ​ទូលំទូលាយ​ទៅលើ​វិស័យ​សេដ្ឋកិច្ច​ឥណ្ឌា។ លោក​រ៉េនដ្រា ម៉ូឌីបាន​ជំរុញ​ខ្លាំង​នយោបាយ​ការបរទេស ដោយ​លោក​បាន​ត្រលប់​ទៅ​ចាប់ដៃ រាប់រក​មិន​ថា ជាមួយ​មិត្តអាមេរិក ជប៉ុន ​ឬ គូប្រកួត​ប្រជែងដូចជា​ចិន ឬក៏​សត្រូវ ដូចជា​ប៉ាគីស្ថាន។

គ្រាន់​តែ​បាន​ជាប់​ជា​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ លោក​រ៉េនដ្រា ម៉ូឌី ធ្វើ​ដំណើរ​ទៅប្រទេស​ប៉ាគីស្ថាន​ ដែល​ជា​សត្រូវ​ជិតខាងរបស់ខ្លួន។ លោក​ម៉ូឌីទំនងចង់​ទប់​ទល់​កុំ​ឲ្យ​ចិនមាន​ឥទ្ធិពល​ខ្លាំង​នៅ​ប៉ាគីស្ថាន ​ដែល​​ធ្វើ​ឲ្យ​ចិននឹង​អាច​មាន​ប្រៀប​ច្រើន ទៅលើ​ឥណ្ឌា នៅក្នុង​ការចរចា​រវាង​ប្រទេស​ទាំងពីរ។ ជាមួយ​គ្នានេះ ឥណ្ឌា​ក៏​បានដើរនយោបាយ​ត្រលប់​ទៅ​ពង្រឹង​ចំណង​មិត្ត​ភាព​ជាមួយ​ជប៉ុន ឆ្លៀត​ពេលនេះ​ដែល​ចិនកំពុង​ឈ្លោះ​ជាមួយ​ជប៉ុននោះ។ ឥណ្ឌានឹង​មាន​ទម្ងន់​នយោបាយ ប្រសិន​បើ​​មាន​អាមេរិក ជប៉ុន​នៅខាងខ្លួន ពោលគឺ​មាន​កម្លាំង​ចរចា​មិន​ឲ្យ​ចាញ់ប្រៀប​​ចិន។

នៅមួយ​ថ្ងៃ​មុន ប្រធានាធិបតី​ចិន​ធ្វើ​ទស្សនកិច្ច​នៅឥណ្ឌា ចិន​បាន​ផ្តល់​លុយ​សង់​កំពង់ផែ នៅ​ប្រទេស​ដែល​ជាដែន​ឥទ្ធិពល​របស់​ឥណ្ឌា។ ដូច្នេះ នៅថ្ងៃ​ជាមួយ​គ្នា​នោះ ឥណ្ឌា​វិញ​ក៏​បាន​ចុះកិច្ចព្រមព្រៀង​ដើម្បី​ជំរុញ​វិស័យ​ការពារ​របស់​វៀតណាម ដែលកំពុង​មាន​ជម្លោះ​ដណ្តើម​ដីកោះ​ជាមួយ​ចិន។ ​នៅក្នុង​កិច្ចព្រមព្រៀងតម្លៃ ១០០​លាន​ដុល្លារ ​ដែល​ប្រធានាធិបតី​ឥណ្ឌា​ចុះ​ជាមួយ​វៀតណាម កាលពី​ថ្ងៃ​ចន្ទ ឥណ្ឌា​បាន​យល់ព្រម​លក់​បច្ចេកវិទ្យា​ផ្នែក​មីស៊ីល ទៅ​ឲ្យ​វៀតណាម​ដែល​ចង់​បំពាក់កប៉ាល់​ចម្បាំង​​ជើងទឹក​របស់ខ្លួន ដើម្បី​ការពារ​ដីកោះ​ដែល​វៀតណាម​កំពុង​ឈ្លោះ​ដណ្តើម​ជាមួយ​ចិន។

ចិន​បាន​ជួយ​ឧបត្ថម្ភ ទំនុកបំរុង​យោធា​ប៉ាគីស្ថាន ដែល​ជា​សត្រូវ​របស់​ឥណ្ឌា និង​កំពុង​បោះទីតាំង​នៅក្នុង​ប្រទេស​ដែល​ជាដែន​ឥទ្ធិពល​របស់​ចិន។ ដូច្នេះ គ្មាន​អ្វីដែល​ប្លែក ដែល​ឥណ្ឌា បាន​យក​តម្រាប់ធ្វើ​នយោបាយ​​តាម​ចិន ដោយ​​ជួយ​បំពាក់​អាវុធ​ដល់​កងទ័ព​វៀតណាម ដើម្បីទប់ទល់​នឹង​ចិន នៅក្នុង​ជម្លោះសមុទ្រ​ចិន​ខាងត្បូង​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ