អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាពតានតឹង​​​កើនឡើងខ្លាំង​រវាង​ស៊ីរី​​និងតួកគី​​ក្រោយ​​ទាហាន​តួកគី​​ ៣៣​នាក់​​ស្លាប់​​ដោយ​​ការវាយប្រហារ​របស់​​កងទ័ព​ស៊ីរី​​

ហេតុផលដែលជំរុញឲ្យរដ្ឋាភិបាលស៊ីរីបើកប្រតិបត្តិការវាយប្រហារលើទាហានតួកគី ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពស៊ីរី ដែលបានសម្លាប់ជីវិតទាហានតួកគីយ៉ាងហោច ៣៣ នាក់ និងបង្កឲ្យមានអ្នករបួសរាប់សិននាក់ ធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៧ កុម្ភៈ ម្សិលមិញ នៅឯខេ
ហេតុផលដែលជំរុញឲ្យរដ្ឋាភិបាលស៊ីរីបើកប្រតិបត្តិការវាយប្រហារលើទាហានតួកគី ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពស៊ីរី ដែលបានសម្លាប់ជីវិតទាហានតួកគីយ៉ាងហោច ៣៣ នាក់ និងបង្កឲ្យមានអ្នករបួសរាប់សិននាក់ ធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៧ កុម្ភៈ ម្សិលមិញ នៅឯខេ Aref TAMMAWI / AFP
ដោយ៖ អ៊ុង គឹមអ៊ាន់
២៧ នាទី

ទាហានតួកគីយ៉ាងតិចចំនួន ៣៣ នាក់ត្រូវបានសម្លាប់ ដោយប្រតិបត្តិការវាយប្រហារមួយរបស់កងទ័ពស៊ីរី នៅក្នុងខេត្តអ៊ីដលីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ២៧ កុម្ភៈ។ ហេតុការណ៍នេះ បានជំរុញឲ្យទំនាក់ទំនងរវាងប្រទេសតួកគី ហើយនិងស៊ីរី កាន់តែយ៉ាប់យ៉ឺនខ្លាំង។ មួយវិញទៀត វាក៏បានបណ្តាលមានការភ័យបារម្ភខ្លាំងផងដែរ ក្នុងចំណោមសហគមអន្តរជាតិ អំពីផលលំបាក ដែលអាចកើតចេញមកពីការប្រឈមមុខដាក់គ្នារវាងប្រទេសក្បែរខាងទាំងពីរ។​​ហេតុអ្វីបានជាកងទ័ពស៊ីរីរបស់លោកអាសាធ បើកវាយប្រហារលើទាហានតួកគី? តើភាពតានតឹងរវាងស៊ីរី និងតួកគី អាចបង្កជាផលលំបាកអ្វីខ្លះ ទើបបានជាសហគមន៍អន្តរជាតិភ័យបារម្ភខ្លាំងពីបញ្ហានេះ? 

ផ្សាយពាណិជ្ជកម្ម

ហេតុផលដែលជំរុញឲ្យរដ្ឋាភិបាលស៊ីរីបើកប្រតិបត្តិការវាយប្រហារលើទាហានតួកគី

ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពស៊ីរី ដែលបានសម្លាប់ជីវិតទាហានតួកគីយ៉ាងហោច ៣៣ នាក់ និងបង្កឲ្យមានអ្នករបួសរាប់សិននាក់ ធ្វើឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៧ កុម្ភៈ ម្សិលមិញ នៅឯខេត្តអ៊ីដលីបនៃប្រទេសស៊ីរី។ ការវាយប្រហារចុងក្រោយគេរបស់ស៊ីរីកាលពីម្សិលមិញនេះ បានបណ្តាលឲ្យទាហានតួកគីសរុបទាំងអស់ចំនួន ៥៣ នាក់ហើយ ត្រូវបានសម្លាប់ក្នុងខែកុម្ភៈនេះ។

ក្រោយពីបានដឹងអំពីព្រឹត្តិការណ៍នៅក្នុងខេត្តអ៊ីដលីប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានចេញមុខ ថ្កោលទោសចំពោះសកម្មភាពវាយប្រហាររបស់រដ្ឋាភិបាលស៊ីរី ដែលមានរុស្ស៊ីជាខ្នងបង្អែក។ មិនតែប៉ណ្ណោះ អាមេរិក ព្រមទាំងអង្គការសហប្រជាជាតិ ក៏បានព្រមានផងអំពីហានិភ័យខ្ពស់ ដែលអាចកើតចេញពីការប្រឈមមុខដាក់គ្នា រវាងតួកគី និងស៊ីរី ដែលជាប្រទេសភូមិផងរបងនឹងគ្នា។

រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលស៊ីរីរបស់លោកអាស្ហា អាល់អាសាធ នៅមិនទាន់បានចេញមុខនិយាយ ឬក៏បកស្រាយអ្វីពាក់ព័ន្ធនឹងហេតុការណ៍វាយប្រហារខាងលើនោះទេ។ ដោយឡែក បើតាមការបកស្រាយរបស់រុស្ស៊ី ដែលជាប្រទេសគាំទ្ររដ្ឋាភិបាលស៊ីរីបច្ចុប្បន្ននេះវិញ តាមពិតទៅកងទ័ពស៊ីរីគ្មានចេតនា បើកការវាយប្រហារសម្លាប់កងទ័ពតួកគីនោះទេ។ ក៏ប៉ុន្តែ បំណងរបស់កងទ័ពស៊ីរី គឺ វាយប្រហារលើពួកឧទ្ទាម ដែលជាពួកបះបោរ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកអាសាធទៅវិញនោះទេ។

មន្ត្រីក្រសួងការពារជាតិរុស្ស៊ីម្នាក់ បាននិយាយថា កងទ័ពតួកគី បានចូលទៅតំបន់ដែលគ្រប់គ្រងដោយពួកក្រុមភេរវករ នៅក្នុងខេត្តអ៊ីដលីប ក្នុងទឹកដីនៃប្រទេសស៊ីរី។ មន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានលើកឡើងទៀតថា ទាហានតួកគីបានចូលទៅកាន់ទីតាំងដែលពួកគេមិនគួរទៅ ហើយមិនបានជម្រាបដំណឹងជាមុនទៀត អំពីវត្ថមានរបស់ពួកគេនៅទីនោះ។

អង្គការអូតង់បើកកិច្ចប្រជុំបន្ទាន់ដើម្បីពិភាក្សាអំពីវិបត្តិនៅស៊ីរី

ភ្លាមៗបន្ទាប់ពី ភាពតានតឹងរវាងតួកគី និង ស៊ីរី កើនឡើងខ្លាំង ក្រុមប្រឹក្សារបស់អង្គការអាត្លង់ទិកខាងជើង-អូតង់ ដែលមានរដ្ឋចំនួន ២៩ ជាសមាជិក ក៏ប្រកាសបើកកិច្ចប្រជុំបន្ទាន់មួយ នាថ្ងៃសុក្រទី ២៨ កុម្ភៈនេះ ដើម្បីជជែកពិភាក្សាគ្នាអំពីវិបត្តិនេះ។

តាមពិតទៅ ការជួបប្រជុំគ្នារបស់ក្រុមប្រទេសជាសមាជិកអង្គការអូតង់ត្រូវរៀបចំឡើង បន្ទាប់ពីមានសំណើពីខាងប្រទេសតួកគី ដែលជាសមាជិកម្នាក់ដែររបស់អូតង់។ ក្រោយទទួលរងការវាយប្រហារ តួកគី មានចិត្តខឹងសម្បាជាខ្លាំង និងបានវាយប្រហារតបទៅកាន់ស៊ីរី ដើម្បីជាសងសឹកវិញដោយគ្មានបង្អង់យូរឡើយ។ជាមួយគ្នានេះ លោកប្រធានាធិបតីតួកគី អ៊ែរដូហ្កាន ក៏បានចេញមុខទាត់ចោល ការពន្យល់របស់រុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារកាលពីថ្ងៃម្សិលមិញដែរ។

វាយបកសងសឹកលើស៊ីរី ទាត់ចោលការបកស្រាយពន្យល់របស់រុស្ស៊ី ដែលជាមិត្តស្និទ្ធិរបស់រដ្ឋាភិបាលស៊ីរបច្ចុប្បន្ន នៅមិនទាន់ធ្វើឲ្យតួកគី របស់លោកអ៊ែរដូហ្ហាន ស្ងប់ចិត្តនោះទេ។ បន្ថែមលើនេះ តួកគី ចង់ឲ្យអូតង់ ពិភាក្សាគ្នាអំពីមាត្រាទី ៤ នៃសន្ធិសញ្ញាក្រុងវ៉ាស៊ីនតោនរបស់អូតង់ ស្តីអំពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី។

យោងតាមមាត្រាទី ៤ នេះ សមាជិករបស់អូតង់ អាចស្នើសុំឲ្យមានកិច្ចពិភាក្សាគ្នាបាន នៅពេលដែលពួកគេយល់ថា បូរណភាពទឹកដី ឯករាជ្យភាព នយោបាយ ឬក៏សន្តិសុខ របស់ពួកគេត្រូវបានគំរាមកំហែង ដោយប្រទេសផ្សេង។

នៅត្រង់ចំណុចនេះ គួររំឭកជូនថា នៅគ្រាកន្លងមក ក្រុងអង់ការ៉ា ធ្លាប់បានស្នើឲ្យអូតង់បើកការពិភាក្សា ស្របតាមមាត្រា ៤  ពីមុនមកចំនួន ២ ដងរួចហើយដែរ។ ចំណោមនោះ មានម្តងក្នុងឆ្នាំ ២០១២ បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់តួកគី ត្រូវបានបាញ់ទម្លាក់ដោយកងទ័ពស៊ីរី និងម្តងទៀតនៅឆ្នាំ ២០១៥ បន្ទាប់ពីរងការវាយប្រហារភេរវកម្មក្នុងប្រទេស។ ​

បន្ទាប់ពីឧប្បត្តិហេតុឆ្នាំ ២០១២ អង្គការណាតូ បានយល់ព្រមដាក់ពង្រាយកាំជ្រួចមីស៊ីល  នៅតួកគីជាវិធានការការពារ។ ក៏ប៉ុន្តែ សម្រាប់ការវាយប្រហារចុងក្រោយរបស់ស៊ីរីទៅលើទាហានតួកគីនាខណៈនេះ វិញ គេនៅមិនទាន់ដឹងទេថាអង្គការអូតង់ នឹងសម្រេចចិត្តយ៉ាងណានោះ។

ផលលំបាកដែលអាចកើតចេញពីការប្រឈមមុខដាក់គ្នារវាងតួកគី និងស៊ីរី

នៅពេលនិយាយអំពីការប្រឈមមុខដាក់គ្នារវាងប្រទេសតួកគី និងស៊ីរី រឿងដំបូងបង្អស់ដែលគេបារម្ភ គឺការផ្ទុះសង្គ្រាមនៅក្នុងតំបន់។

ជាក់ស្តែង ក្រោយទាហានតួកគីត្រូវបានសម្លាប់ និងបង្កឲ្យរងរបួសរាប់សិបនាក់ សហភាពអឺរ៉ុប បានសម្តែងនូវក្តីព្រួយបារម្ភខ្លាំងថា ស្ថានការណ៍នៅខេត្តអ៊ីដលីប អាចធ្វើឲ្យសង្គ្រាមកើតមានឡើង ហើយជនស៊ីវិលនឹងត្រូវបន្តស្លាប់ក្នុងភ្លក់ភ្លើងសង្គ្រាមតទៅមុខទៀត។

ទាក់ទងរឿងនេះ ប្រធានគោលនយោបាយការបរទេសអឺរ៉ុបលោកចូសេព បូរែល (Josep Borrell) បានសរសេរនៅលើបណ្តាញសង្គមធ្វីតធឺរ នាថ្ងៃសុក្រនេះ ក្នុងអត្ថន័យថា សហភាពអឺរ៉ុបជំរុញឱ្យតួកគី និងស៊ីរី ចរចាសម្របសម្រួលគ្នា។ ព្រមជាមួយគ្នានេះ លោកថា អឺរ៉ុប នឹងពិចារណារាល់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួនក្នុងករណីចាំបាច់។

បន្ទាប់មក បញ្ហាធំមួយទៀត ដែលគេចិញ្ចឹមចិត្តខ្វល់ខ្វាយខ្លាំង ពីភាពតានតឹងរវាងតួកគី និងស៊ីរី  គ្មានអ្វីក្រៅពីបញ្ហាជនអន្តោប្រវេសន៍នោះទេ។

គួរជ្រាបថា ចាប់តាំងពីប្រទេសស៊ីរីធ្លាក់ចូលក្នុងវិបត្តិនយោបាយនាឆ្នាំ ២០១១ មក មានជនស៊ីវិលប្រមាណជា ៩ លាន ៥ សែននាក់ហើយ​បានរត់ភៀសខ្លួន ពីការវាយលុករបស់រដ្ឋាភិបាលរបស់លោកអាសាធ ទៅលើក្រុមឧទ្ទាមដែលជាពួកបះបោរប្រឆាំង។

តួកគី គឺជាប្រទេស ដែលមានជនភៀសខ្លួនស៊ីរីច្រើនជាងគេបំផុតនៅលើពិភពលោក ពោលមានប្រជាជនស៊ីរីប្រមាណ ៣ លាន ៦ សែន នាក់កំពុងស្ថិតក្រោយបន្ទុករបស់តួកគី។

ដោយសារតែភាពតានតឹងជាមួយស៊ីរី អ្នកនាំពាក្យរបស់រដ្ឋាភិបាលតួកគី នៅថ្ងៃសុក្រនេះ បានប្រាប់ទូរទស្សន៍ CNN ថា ទីក្រុងអង់ការ៉ា មិនប្រកាន់ជំហរទទួលរ៉ាប់រងជនភៀសខ្លួនចំនួនរាប់សែននាក់តទៅទៀតទេ និងបានអំពាវនាវផងដែរឲ្យសហគមន៍អឺរ៉ុប ចូលខ្លួនអន្តរាគមន៍បន្ថែមទៀតពាក់ព័ន្ធបញ្ហាជនភៀសខ្លួនស៊ីរីនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ