ស៊ីរី៖ ពួកជីហាតកក្រើកឡើងវិញ ខណៈអាមេរិកដកកងទ័ពចេញបណ្តើរៗ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមជីហាតរដ្ឋអ៊ីស្លាម នាខណៈពេលនេះ កំពុងចាប់ផ្តើមកក្រើកឡើងវិញហើយនៅស៊ីរី អំឡុងពេលដែលអាមេរិក កំពុងដកកងទ័ពរបស់ខ្លួនជាបណ្តើរៗចេញពីប្រទេសនេះ។ មិនតែប៉ុណ្ណោះ ការលេចមុខឡើងវិញរបស់ពួកជីហាត ក៏មានផងដែរនៅក្នុងប្រទេសក្បែរខាងស៊ីរី នោះគឺអ៊ីរ៉ាក់។ នេះ បើតាមការណ៍ឲ្យដឹងរបស់ក្រុមអ្នកសង្កេតការណ៍ កាលពីថ្ងៃអង្គារ ទី៦ សីហា ម្សិលមិញនេះ។
បើយោងតាមរបាយការណ៍មួយរបស់ការិយាល័យអធិការចម្រុះអាមេរិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ដែលកាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ បានរងគ្រោះបាត់បង់ទឹកដីគ្រប់គ្រងទាំងស្រុង នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានងើបឡើង និងផ្តើមមានសកម្មភាពឡើងវិញហើយ។
គួរកត់សម្គាល់ថា ទោះបីជារងការវាយប្រហាររហូតដល់បាក់ទ័ព បាត់បង់ទឹកដីអស់រលីង ទាំងនៅស៊ីរី និងអ៊ីរ៉ាក់យ៉ាងណាក្តី ក៏ប៉ុន្តែមនោគមវិជ្ជារបស់ពួកគេនៅតែរស់រានមានជីវិត។
មួយវិញទៀត ក្រោយសំងំលាក់ខ្លួនពួនអាត្មា ពីការវាយប្រហាររបស់កងទ័ពអាមេរិក និង សម្ព័ន្ធមិត្ត បានជិតកន្លះឆ្នាំមក ក្រុមអង្គការរដ្ឋអ៊ីស្លាម-ជីហាត ក៏អាចប្រមែប្រមូលគ្នីគ្នា បង្កើតជាក្រុម ជាបណ្តាញបានវិញនាពេលថ្មីៗនេះ។
ការណ៍ដែល ពួកជីហាត អាចងើបឡើងបង្កើតជាក្រុមនេះបានវិញ ដោយសារតែកងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ នៅមិនទាន់មានសមត្ថភាពពេញលេញ ក្នុងការការពារ និងគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេសបាន។
តែទោះជាយ៉ាងណាក្តី បើយោងតាមរបាយការណ៍ដដែលរបស់ការិយាល័យអធិការចម្រុះអាមេរិក រដ្ឋាភិបាលអ៊ីរ៉ាក់ បានបង្កើនសមត្ថភាពការពារ ការវាយប្រហារពីពួកអ៊ីស្លាម បានល្អជាងមុនហើយ។
គួរជ្រាបថា ពួកជីហាត អាចផ្តើមមានសកម្មភាពឡើងវិញនៅស៊ីរី ម្យ៉ាងក៏ព្រោះតែការសម្រេចដកទ័ពអាមេរិកចេញពីស៊ីរី របស់លោកប្រធានាធិបតីដូណាល់ ត្រាំដែរ។ កាលពីចុងឆ្នាំ ២០១៨ លោកត្រាំបានប្រកាសពីគម្រោងដកទ័ពអាមេរិកចេញពីស៊ីរី ទោះបីជាមានការរិះគន់ពីសម្ព័ន្ធមិត្ត និងមានការប្រឆាំងជំទាស់ពីសំណាក់អតីតប្រមុខការពារជាតិលោកជីម ម៉ាទីសយ៉ាងណាក្តី។ ដោយសារការខ្វែងគំនិតគ្នានេះ លោកជីម ម៉ាទីសក៏សម្រេចចុះចេញពីតំណែងផងដែរកាលគ្រានោះ។
គួរជ្រាបទៀតថា ក្រោយបង្កើតបានជាក្រុម ពួកអង្គការដ្ឋអ៊ីស្លាម បានផ្តើមឡើងវិញផងដែរនូវសកម្មភាពធ្វើភេរវកម្ម ឬការវាយប្រហារផ្សេងៗ ទាំងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
ដូចនេះហើយ និន្នាការដែលកំពុងកើតឡើងនេះ ធ្វើឲ្យសម្តីរបស់លោកត្រាំដែលធ្លាប់និយាយថា អាមេរិក និងសម្ព័ន្ធមិត្តបានវាយប្រហារជោគជ័យហើយ លើពួកជីហាតរដ្ឋអ៊ីស្លាម អាចនឹងខុសក៏ថាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ