Financial Times​៖ ចិន​រៀប​គម្រោង​ដក​លោកស្រី​ការី ឡាំ​ ចេញពី​តំណែង​មេដឹកនាំ​ហុងកុង​

តំណាងរាស្ត្រហុងកុង ពាក់ម៉ាសមុខរូបលោកប្រធានាធិបតីចិនស៊ី ជីនពីង ខណៈដែលលោកស្រីការី ឡាំ រៀបនឹងថ្លែងគោលនយោយបាយប្រចាំឆ្នាំ កាលពីថ្ងៃទី១៦ តុលា ឆ្នាំ២០១៩។
តំណាងរាស្ត្រហុងកុង ពាក់ម៉ាសមុខរូបលោកប្រធានាធិបតីចិនស៊ី ជីនពីង ខណៈដែលលោកស្រីការី ឡាំ រៀបនឹងថ្លែងគោលនយោយបាយប្រចាំឆ្នាំ កាលពីថ្ងៃទី១៦ តុលា ឆ្នាំ២០១៩។ REUTERS/Kim Kyung-Hoon

រដ្ឋាភិបាលក្រុងប៉េកាំង នាខណៈនេះ កំពុងតែរៀបចំគម្រោង ក្នុងការដាក់មនុស្សថ្មី ឲ្យទៅជំនួសតួនាទីរបស់លោកស្រីការី ឡាំ ក្នុងនាមជាមេដឹកនាំកោះហុងកុង។ នៅថ្ងៃពុធទី ២៣ តុលានេះ បើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស The Financial Times ចិន បានគិតគូរ អំពីគម្រោងផែនការខាងលើ ក្រោយមើលឃើញថា លោកស្រីការី ឡាំ ហាក់ធ្លាក់ប្រជាប្រិយភាពខ្លាំងហៅលែងឮ។ ម្យ៉ាងវិញទៀត គឺដោយសារតែ​ បាតុកម្មប្រឆាំងនឹងរដ្ឋអំណាចហុងកុង នៅតែបន្តកើតមានជិត៥ ខែទៅហើយ រហូតមកទល់នឹងពេលនេះ។  

ផ្សាយពាណិជ្ជកម្ម

នៅគ្រាកន្លងមក រដ្ឋាភិបាលចិន តែងតែចេញមុខអះអាងអំពីការគាំទ្ររបស់ខ្លួន ចំពោះប្រមុខនីតិប្រតិបត្តិហុងកុង ហើយនិងអាជ្ញាធរហុងកុង។ ក៏ប៉ុន្តែ វាជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលដែលលេចឮដំណឹងថា ប៉េកាំង ឥឡូវនេះ ​មានគម្រោងដកលោកស្រីការី ឡាំ ចេញពីតំណែង។

បើយោងទៅតាម សម្តីប្រភពសុំមិនបញ្ចេញឈ្មោះ ដែលមានចុះផ្សាយនៅក្នុងកាសែតអង់គ្លេស The Financial Times ការដកតំណែងរបស់លោកស្រីការី ឡាំ ជាផ្លូវការ នឹងត្រូវធ្វើឡើង ដោយអាស្រ័យទៅនឹងស្ថានការណ៍ នៅហុងកុង។ ប្រភពខាងលើ បានបន្ថែមទៀតថា រដ្ឋាភិបាលចិន មានការប្រុងប្រយ័ត្នខ្ពស់មុនធ្វើរឿងនេះ ពីព្រោះថា​ ចិនមិនចង់ឲ្យគេនិយាយថា ខ្លួន ជាអ្នករុញស្ថានការណ៍នៅហុងកុង ឲ្យធ្លាក់ចូលក្នុងភាពចលាចលឡើយ។

ទន្ទឹមគ្នានេះ កាសែត The Financial Times ដដែលបានចុះផ្សាយថា ក្នុងករណីដែលលោកប្រធានាធិបតីចិនស៊ី ជីនពីង សម្រេចយល់ព្រម លើគម្រោងដកតួនាទីរបស់លោកស្រីការី ឡាំ នោះការផ្លាស់ប្តូរ នឹងត្រូវប្រព្រឹត្តទៅ នៅខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ។

ចំណែកបេក្ខភាព ដែលអាចនឹងត្រូវជ្រើសរើសដោយចិន ដើម្បីយកទៅកាន់កាប់តំណែងជាមេដឹកនាំក្រុងហុងកុង មានពីររូប។ ទី១ គឺ លោក នរម៉ង់ ចាន់ (Norman Chan) ជាអតីតនាយកផ្នែកហិរញ្ញវត្ថុហុងកុង និងទី២ លោក ហង់រី តាង (Henry Tang) ដែលធ្លាប់បំរើការជា​ ប្រធានលេខាធិកាផ្នែករូបិយវត្ថុ និងរដ្ឋបាលហុងកុង។

ក្រោយមានការលេចធ្លាយ ព័ត៌មានអំពីគម្រោងដកមុខតំណែងតួនាទីរបស់លោកស្រីការី ឡាំ គេនៅមិនទាន់ឃើញ រដ្ឋាភិបាលចិន និងរដ្ឋអំណាចហុងកុង ចេញមុខប្រតិកម្មអ្វី ពាក់ព័ន្ធនឹងរឿងនេះឡើយ។ មួយវិញទៀត នៅពេលត្រូវគេចោទសួរអំពីដំណឹងនេះ ការិយាល័យរដ្ឋាភិបាលហុងកុង បានតបវិញដោយខ្លីថា ខ្លួននឹងមិនបកស្រាយអ្វីទាំងអស់ជុំវិញព័ត៌មាននេះ។

ទាក់ទងរឿងនេះដែរ អ្នកវិភាគយល់ឃើញថា ការដកតំណែងលោកស្រីការី ឡាំ មិនអាចរំងាប់ចិត្តបាតុករអ្នកប្រជាធិបតេយ្យហុងកុង ឲ្យស្ងប់ចិត្ត និងឈប់ធ្វើបាតុកម្មបន្តទៀតនោះទេ។

ជាមួយគ្នានេះ អ្នកវិភាគ បានលើកឡើងថា ដំណោះស្រាយតែមួយគត់ ដែលអាចឲ្យបាតុកររសាយចិត្ត និងលែងធ្វើបាតុកម្ម គឺការឆ្លើយតបទៅតាមការទាមទាររបស់ពួកគេ ដែលពេលនេះមាន៥ ចំណុចសំខាន់ៗ។ ក្នុងនោះរួមមានដូចជា ការបើក​ការ​ស៊ើបអង្កេត​ ស្តីអំពីការបង្ក្រាប​របស់​កម្លាំង​ប៉ូលិសលើបាតុករ លើកលែង​ទោស​ដល់​បាតុករ​ដែល​ត្រូវបាន​ចាប់​ខ្លួន និង បញ្ឈប់​ការ​ហៅ​បាតុករ​ថា​ជា​ពួកបះបោរជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI