មនុស្សយ៉ាងតិចបីនាក់ស្លាប់និងជាច្រើននាក់រងរបួសនៅក្នុងការវាយប្រហារភេរវកម្មនៅហូឡង់
នៅថ្ងៃចន្ទ ទី១៨ មីនា ខ្មាន់កាំភ្លើងម្នាក់បានបាញ់រះទៅលើអ្នកដំណើរ នៅលើរទេះភ្លើងមួយ (Tramway) ក្នុងទីក្រុងអ៊ូត្រែច Utrecht ប្រទេសហូឡង់។ ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្សយ៉ាងតិចបីនាក់ស្លាប់ និង៩ នាក់ផ្សេងទៀតរងរបួស។ ក្រោយហេតុការណ៍នេះភ្លាម ប៉ូលិសហូឡង់បានរឹតបន្តឹងសន្តិសុខនៅក្នុងតំបន់យ៉ាងខ្លាំង និងចាត់ទុកថានេះជាអំពើវាយប្រហារភេរវកម្ម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយហេតុការណ៍វាយប្រហារដោយការបាញ់កាំភ្លើង ប៉ូលិសហូឡង់បានរឹតបន្តឹងសន្តិសុខយ៉ាងតឹងរឹងបំផុត នៅតាមទីកន្លែងសំខាន់ៗមួយចំនួនដូចជា រដ្ឋសភា ព្រលានយន្តហោះ និងវិហារអ៊ីស្លាមជាដើម។ ក្រៅពីនេះ សាលាក្រុង Utrecht ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ ប្រសិនណាបើមិនមានការចាំបាច់ត្រូវចេញក្រៅ ពីព្រោះអាជ្ញាធរសង្ស័យថាការវាយប្រហារផ្សេងទៀតអាចនឹងកើតមានឡើង។
បើតាមប៉ូលិសប្រចាំការនៅក្នុងទីក្រុងUtrecht ការបាញ់ប្រហារបានកើតឡើងនៅTramway ខ្សែលេខ២៤ ក្នុងតំបន់ Oktoberplein ហើយអាជ្ញាធរកំពុងស៊ើបអង្កេតហេតុការណ៍នេះក្រោមហេតុផលវាយប្រហារភេរវកម្ម។
ទាក់ទងរឿងនេះដែរ ប៉ូលិសហូឡង់បានបញ្ចេញនូវរូបភាពជនសង្ស័យមួយរូប ដែលមានដើមកំណើតតួកគី ឈ្មោះ Gokman Tanis និងមានវ័យ ៣៧ ឆ្នាំ។ ទន្ទឹមគ្នានេះ កងកម្លាំងពិសេសប្រឆាំងនឹងអំពើភេរវកម្មហូឡង់ បានចាប់ផ្តើមប្រមាញ់តាមចាប់ខ្មាន់កាំភ្លើង យ៉ាងសកម្មជាទីបំផុត។
ទាក់ទងរឿងនេះដែរ នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte បាននិយាយថា ការវាយប្រហារភេរវកម្មនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតថ្នាក់មូលដ្ឋានមកដល់ នាថ្ងៃទី ២០ មីនាខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា ហេតុការណ៍នេះ បានធ្វើប៉ះពាល់ដល់ដំណើរការបោះឆ្នោត ហើយហូឡង់មិនអាចមិនអើពើ និងអត់ឱនចំពោះការវាយប្រហារណាមួយនៅក្នុងទឹកដីរបស់ខ្លួនជាដាច់ខាត។
គួរជ្រាបថា នាខណៈនេះ ការប្រកាសអាសន្នភេរវកម្មនៅ Utrecht ត្រូវបានដំឡើងរហូតដល់កម្រិតខ្ពស់បំផុតគឺស្មើនឹងកម្រិត ៥។ មិនតែប៉ុណ្ណោះ បើតាមប្រធានប៉ូលិសពិសេសប្រឆាំងនឹងអំពើភេរវកម្មហូឡង់ នៅថ្ងៃចន្ទ ទី ១៨ មីនា ខ្មាន់កាំភ្លើងក៏បានបើកការវាយប្រហារជាច្រើនកន្លែងទៀតដែរ តែលោកមិនបានប្រាប់ព័ត៌មានលម្អិតលើសពីនេះឡើយ។
គួររំឭកជូនថា ប្រទេសហូឡង់នៅគ្រាកន្លងមក មិនសូវជាទទួលរងការវាយប្រហារភេរវកម្មច្រើនដូចបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតនោះទេ ក៏ប៉ុន្តែនៅមួយរយៈពេលចុងក្រោយនេះ ហូឡង់បានរងគ្រោះពីការវាយប្រហារភេរវកម្មជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីខែសីហា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ការវាយប្រហារដោយការចាក់កាំបិត បានបង្កឲ្យអ្នកទេសចរអាមេរិកពីរនាក់រងរបួស នៅក្នុងទីក្រុងអាំស្ទឺរដាំ ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីបំផុតមួយរបស់ប្រទេសហូឡង់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ