អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាអង្គការអូតង់ និងប្រទេសរុស្ស៊ីផ្តើមកិច្ចសន្ទនាជាថ្មី?

សំឡេង ០៥:២១
អគ្គលេខាធិការ​អង្គការ​អូតង់ Jens Stoltenberg
អគ្គលេខាធិការ​អង្គការ​អូតង់ Jens Stoltenberg REUTERS/Francois Lenoir

នៅ​ថ្ងៃ​ពុធ ទី២០ មេសា អង្គការ​អូតង់ និង​ប្រទេស​រុស្ស៊ី​បាន​បើក​កិច្ចប្រជុំ​ជា​ថ្មី​នៅ​ទីស្នាក់ការ​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ គឺ​ជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​មក​ពី​២៨ប្រទេស​សមាជិក​អង្គការ​អូតង់ និង​ប្រទេស​រុស្ស៊ី។ នេះ​ជា​លើកទី១ ដែល​អូតង់ និង​រុស្ស៊ី​ផ្តើម​កិច្ចសន្ទនា​ជា​ថ្មី បន្ទាប់​ពី​បាន​បែរខ្នង​ដាក់​គ្នា​អស់​រយៈពេល ២ឆ្នាំ​ដោយសារ​តែ​វិបត្តិ​អ៊ុយក្រែន។ ២ឆ្នាំ​ក្រោយ​មក វិបត្តិ​អ៊ុយក្រែន​មិន​ទាន់​បាន​ដោះស្រាយ​ទេ ចុះ​ហេតុអ្វី​បាន​ជា​អូតង់ និង​រុស្ស៊ី​ព្រមព្រៀង​វិល​មក​សន្ទនា​គ្នា​ជា​ថ្មី?

ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល ២ឆ្នាំ ពោល​តាំង​ពី​ខែ​មិថុនា ឆ្នាំ ២០១៤ ដែល​អូតង់ និង​រុស្ស៊ី​បាន​ដេក​បែរ​ខ្នង​ដាក់​គ្នា។ កាល​ណោះ អូតង់​ខឹង​រុស្ស៊ី​លូកដៃ​ជ្រៅ​ពេក​នៅ​ក្នុង​វិបត្តិ​ផ្ទៃក្នុង​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​ក្រសោប​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​តែ​ម្តង។ បន្ទាប់​មក អូតង់​មិន​សប្បាយចិត្ត​នឹង​រុស្ស៊ី​ដែល​បាន​ចេញ​មុខ​គាំទ្រ​ទាំង​អាវុធ លុយកាក់ និង​កម្លាំងទ័ព​ដល់​ក្រុមឧទ្ទាម​បះបោរ​ទាមទារ​ផ្តាច់ទឹកដី​និយម​នៅ​ប៉ែកខាង​កើត​ប្រទេស​អ៊ុយក្រែន។

ដើម្បី​បង្កើន​គំនាប​ដាក់​រុស្ស៊ី អូតង់​មិន​ញញើត​នឹង​បង្ហាញ​សាច់ដុំ​ដោយ​ចាប់​ផ្តើម​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​នៅ​ក្នុង​អតីត​សាធារណរដ្ឋ​ជំនាន់​សហភាព​សូវៀត​ទេ ពិសេស​នៅ​ក្នុង​ប្រទេស​រូម៉ានី និង​ប្រទេស​ប៉ូឡូញ​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​រុស្ស៊ី។ អូតង់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា ប្រព័ន្ធ​ខែលមីស៊ីលប្រឆាំង​មីស៊ីល​នៅ​រូម៉ានី ឬ​ក៏​នៅ​ប៉ូឡូញ​មិនមែន​សំដៅ​វាយប្រហារ​រុស្ស៊ី​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុង​មូស្គូ​មិន​ល្ងង់​ជឿ​លើ​ការ​អះអាង​របស់​អូតង់​ឡើយ និង​បាន​ចោទ​ជា​សំណួរ​ថា បើ​មិន​សំដៅ​រុស្ស៊ី តើ​សំដៅ​លើ​អ្នក​ណា​នៅ​ទីនោះ?។

គួរ​រម្លឹក​ជូន​ឡើង​វិញ​បន្តិច​ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​អូតង់ និង​រុស្ស៊ី​ដែល​បាន​ចាប់​ផ្តើម​ដំបូង​ក្នុង​ឆ្នាំ ២០០២ ធ្លាប់​បាន​ព្យួរ​ម្តង​ហើយ​ក្នុង​ចន្លោះ​ខែ​សីហា ឆ្នាំ ២០០៨ និង​ខែ​មីនា ឆ្នាំ ២០០៩។ កាល​ណោះ អូតង់​ក្តៅក្រហាយ​នឹង​អន្តរាគមន៍​ទ័ព​រស្ស៊ី​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ហ្សកហ្ស៊ី ពិសេស​នៅ​ក្នុង​តំបន់​អាប់កាហ្ស៊ី និង​អូសេធី​ខាងត្បូង។ រហូត​មក​ដល់​សព្វថ្ងៃ អូតង់​នៅ​តែ​បន្ត​អំពាវនាវ​វិមាន​ក្រិមឡាំង​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សេចក្តី​សម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការ​ទទួល​ស្គាល់​ដែនដី​ហ្ស៊កហ្ស៊ី​ទាំង​ពីរ​ជា​រដ្ឋឯករាជ្យ។ ទង្វើ​របស់​អូតង់​របៀប​នេះ​មាន​គោលដៅ​ធានា​ក្រុម​ប្រទេស​ប៉ែកខាងលិច​ដែល​បារម្ភ​ខ្លាច​តំបន់​អាប់កាហ្ស៊ី និង​អូសេធី​ខាងត្បូង​មាន​វាសនា​ដូច​តំបន់​គ្រីមេ​នៅ​អ៊ុយក្រែន។

ក្នុង​រយៈពេល ២ឆ្នាំ​កន្លង​ទៅ អូតង់ និង​រុស្ស៊ី​បាន​ចែក​ផ្លូវ​គ្នា​ដើរ​រហូត​ដល់​គ្រប់​គ្នា​បារម្ភ​ពី​ការ​ផ្ទុះ​សង្រ្គាមត្រជាក់​ជា​ថ្មី​ទៀត​ផង។ រវាង​អូតង់ និង​រុស្ស៊ី គ្មាន​នរណា​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​អ្នក​ណា​ទេ។ តែ​ឥឡូវ​នេះ និង​២ឆ្នាំ​ក្រោយ​មក គូស្រករ​រុស្ស៊ី និង​អូតង់​ហាក់​ដូច​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ជ្រលក់​មាត់​រក​គ្នា​ឡើង​វិញ​តាម​រយៈ​ការ​ផ្តើម​កិច្ចសន្ទនា​ជា​ថ្មី។ តើ​នេះ​មក​ពី​ហេតុ​អ្វី និង​ថា តើ​អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់?

គ្មាន​អ្នក​ឈ្នះ ហើយ​ក៏​គ្មាន​អ្នក​ចាញ់​ទេ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អូតង់ និង​រុស្ស៊ី​នា​រយៈពេល ២ឆ្នាំ​កន្លង​ទៅ។ ក៏​ប៉ុន្តែ រុស្ស៊ី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​ដូច​ជា​មាន​ប្រៀប​ជាង​ដៃគូ​អូតង់។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​គេ​សំអាង​ថា រុស្ស៊ី​របស់​លោក​ប្រធានាធិបតី​ពូទីន​បន្ត​ធ្វើ​អ្វី​ដែល​ខ្លួន​យល់​ថា​ត្រឹមត្រូវ​ដោយ​មិន​ខ្ចី​ពិគ្រោះ​យោបល់​ជាមួយ​នរណា និង​ក៏​មិន​ត្រូវ​ការ​មេរៀន​ពី​នរណា​ដែរ។ ២ឆ្នាំ​ក្រោយ​មក វិបត្តិ​អ៊ុយក្រែន​នៅ​តែ​គ្មាន​ច្រក​ចេញ តំបន់​គ្រីមេ​ក៏​ត្រូវ​បាន​រុស្ស៊ី​ក្តាប់​កាន់​តែ​ណែន​ក្នុង​ដៃ ហើយ​រុស្ស៊ី​ក៏​កាន់​តែ​បង្កើន និង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់​តែ​ខ្លាំង ពិសេស​អន្តរាគមន៍​យោធា​ប្រកប​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ទាហាន​រុស្ស៊ី​បាន​ចូល​ខ្លួន​អន្តរាគមន៍​នៅ​ស៊ីរី​តាម​ទ្វារ​មុខ រួច​ក៏​បាន​ដក​ខ្លួន​ចេញ​វិញ​តាម​ទ្វារ​មុខ​ប្រកប​ដោយ​កិត្តិយស​ខ្ពស់ ព្រោះ​បាន​ជួយ​កម្លាំង​ទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី​វាយដណ្តើម​បាន​ទីក្រុង​ប៉ាល់មៀរ​ពី​កណ្តាប់ដៃ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ត្រឡប់​វិញ។ តើ​នេះ​មិនមែន​ជា​មោទនភាព និង​ជា​ជោគជ័យ​ការទូត​របស់​រុស្ស៊ី​ទេ ឬ​យ៉ាង​ណា?។ បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា វិបត្តិ​រវាង​អូតង់ និង​រុស្ស៊ី​គឺ​ជា​ការ​ប្រជែង​កម្លាំង​គ្នា។ តែ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​ទៅ​ឃើញ​ថា មិនមែន​​ជា​វិបត្តិ​ប្រជែង​កម្លាំង​គ្នា ឬ​ក៏​ដណ្តើម​ឥទ្ធិពល​គ្នា​ទេ តែ​គឺ​ជា​រឿង​មិន​ទុក​ចិត្ត​គ្នា។

អូតង់​ហាក់​ដូច​ជា​ភ្ញាក់​ខ្លួន​ថា នយោបាយ​ប្រើ​កម្លាំងបាយ​ចំពោះ​រុស្ស៊ី​មិន​បាន​ហុច​លទ្ធផល​អ្វី​ទាំង​អស់។ ម្យ៉ាង​ទៀត អូតង់​ក៏​បាន​ដឹង​ខ្លួន​ឯង​ថា ខ្លួន​ត្រូវ​ការ​សហការណ៍​ជាមួយ​រុស្ស៊ី​ជាជាង​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​អូតង់​សុខចិត្ត​ដាក់​ចិត្ត ដាក់កាយ​និយាយ​ជា​មួយ​រុស្ស៊ី​ជា​ថ្មី​នៅ​ពេល​នេះ។ ហើយ​អ្នក​ដែល​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​កិច្ចសន្ទនា​ជា​ថ្មី​ជាមួយ​រុស្ស៊ី​ពេល​នេះ​មាន​ច្រើន រាប់​ទាំង​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​ផង​ដែរ។ រីឯ​ប្រធានបទ​ដែល​ត្រូវ​ជជែក​មាន​ច្រើន រួម​មាន វិបត្តិ​អ៊ុយក្រែន វិបត្តិ​ស៊ីរី បញ្ហា​ប្រទេស​អាហ្វហ្កានីស្ថាន និង​សន្តិសុខ​តំបន់។

តែ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​ជំនួប​ជា​ថ្មី​ពេល​នេះ អូតង់ និង​រុស្ស៊ី​គួរ​តែ​បង្កើត​ឲ្យ​មាន​ការ​ទុកចិត្ត​គ្នា​ជា​ថ្មី​ឡើង​វិញ​ក្នុង​គោលដៅ​បញ្ជៀស​ការ​មិន​មើល​មុខ​គ្នា​មិន​ចំ​ជា​ថ្មី​នៅ​ថ្ងៃ​ក្រោយ។ អូតង់ និង​រុស្ស៊ី​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ថា គូស្រករ​របស់​ខ្លួន​មាន​ភាព​រកាំរកូស​មែន តែ​គ្មាន​ថ្ងៃ​នឹង​​លែងលះ​គ្នា​ទេ។ រាត្រី​ទឹកឃ្មុំ​ក៏​មាន ទឹកខ្មេះ​ក៏​មាន​ដែរ តែ​បើ​និយាយ​ឲ្យ​ចំ​ទៅ រាត្រី​ទឹកខ្មេះ​មាន​ច្រើន​ជាង​រាត្រី​ទឹកឃ្មុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ