ស្ត្រីរាប់ពាន់នាក់នៅហ្វីលីពីននាំគ្នាដើរធ្វើបាតុកម្មប្រឆាំងនឹងលោកឌុយទែរតេ
នៅថ្ងៃប្រារព្ធទិវាសិទ្ធិនារី ៨ មីនា មានស្ត្រីជាច្រើនពាន់នាក់ នាំគ្នាដើរនៅតាមដងផ្លូវជាច្រើនកន្លែង នៅក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីន ដើម្បីធ្វើបាតុកម្មប្រឆាំងទៅនឹងលោកប្រធានាធិបតីឌុយទែរតេ។ ក្រុមអ្នកតវ៉ាបានចោទថា លោកឌុយទែរតេ គឺជាប្រធានាធិបតីមួយរូប ដែលរើសអើង និងមិនឲ្យតម្លៃលើស្ត្រីភេទ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមស្ត្រីអ្នកតវ៉ាប្រមាណជា ៤ ០០០ នាក់ បាននាំគ្នាដើរនៅក្នុងក្បួនបាតុកម្មមួយដើម្បីប្រឆាំងនឹងលោកឌុយទែរតេ ដោយផ្តើមចេញពីវិមានប្រធានាធិបតីក្នុងទីក្រុងម៉ានីល។ ក្រុមអ្នកតវ៉ាបានអះអាងថាពួកគេមិនពេញចិត្តទាល់តែសោះឡើយចំពោះចរិតឫកពារបស់លោកប្រធានាធិបតីឌុយទែរតេ ដែលចូលចិត្តលើកយករឿងចាប់រំលោភ មកនិយាយជារឿងលេងសើចទៅវិញ។
បន្ថែមលើនេះ ក្រុមស្រ្តីដែលជាបាតុករក៏បានបង្ហាញការមិនពេញចិត្តផងដែរ ចំពោះសម្តីមិនសមរម្យរបស់លោកឌុយទែរតេ កាលពីឆ្នាំទៅមិញដែលថាលោកបានប៉ះពាល់ស្ត្រីបម្រើការនៅផ្ទះរបស់លោក។
ឆ្លើយតបចំពោះមតិរិះគន់ខាងលើ ជំនួយការរបស់លោកឌុយទែរតេ បានបកស្រាយថា ពាក្យពេចន៍របស់លោកប្រធានាធិបតីថ្លែងនៅគ្រាកន្លងមក គ្រាន់តែជាការនិយាយលេងសើចបែបកំប្លុកកំប្លែងធម្មតាតែប៉ុណ្ណោះ និងថាវាមិនមែនជារឿងនយោបាយ ហើយគេមិនគួរចាត់ទុករឿងទាំងនោះថាជារឿងធំដុំអ្វីនោះទេ។
ពាក់ព័ន្ធរឿងនេះដែរ មេដឹកនាំបាតុកម្មគឺអ្នកស្រី Joms Salvador បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាពាក្យសម្តីមើលងាយមិនឲ្យតម្លៃលើស្ត្រីរបស់លោកប្រធានាធិបតីឌុយទែរតេ គឺមិនអាចទទួលយកបានឡើយមិនថាក្នុងន័យនិយាយកំប្លែង ឬក្នុងន័យអ្វីផ្សេងទៀតក៏ដោយ។
អ្នកស្រីបានអះអាងទៀតថា គិតជាមធ្យម ក្នុងរយៈពេលមួយម៉ោង មានស្ត្រី ឬកុមារហ្វីលីពីនម្នាក់ត្រូវបានចាប់រំលោភ ដែលនេះជាតួលេខបង្ហាញថាករណីចាប់រំលោភនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងខ្លាំងគឺកើនរហូតដល់ចំនួន ១៥៣ ភាគរយ ពីមួយទសវត្សរ៍មុនពេលដែលលោកឌុយទែរតេឡើងកាន់តំណែង។
គួរជម្រាបជូនថា ធ្វើដំណើរចេញពីវិមានប្រធានាធិបតី ក្រុមបាតុករក៏បានដើរកាត់តាមដងផ្លូវជាច្រើនកន្លែងផ្សេងទៀតនៅក្នុងទីក្រុងម៉ានីល សំដៅទៅកន្លែងទីប្រជុំជនធំៗ និងផ្សារទំនើបដោយមានពាក់អាវបង្កប់នូវសារអប់រំ លើកកម្ពស់ពីសមភាពយេនឌ័រផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ