អានតួអត្ថបទ
អ.ស.ប-លីប៊ី

អ.ស.ប ស្វាគមន៍ចំពោះ​ការចូលរួម​របស់​អឺរ៉ុប​ក្នុងដំណើរការ​ហាមឃាត់​អាវុធ​នៅលីប៊ី​​

ប្រេសិតអ.ស.ប ប្រចាំប្រទេសលីប៊ី លោកហ្គាសាន់ សាឡាម (Ghassan Salame)
ប្រេសិតអ.ស.ប ប្រចាំប្រទេសលីប៊ី លោកហ្គាសាន់ សាឡាម (Ghassan Salame) REUTERS/Denis Balibouse
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

អង្គការ​សហប្រជាជាតិ​ កាលពីថ្ងៃអង្គារ​ទី ១៨ កុម្ភៈ​ បានស្វាគមន៍​ចំពោះ​បណ្តាប្រទេស​សហភាពអឺរ៉ុប​ដែលបាន​ឯកភាពគ្នា​ អនុវត្ត​លើ​ការហាមឃាត់​អាវុធ​នៅលីប៊ី​។ ខណៈពេល​ដែល​អឺរ៉ុប​បង្ហាញពី​ឆន្ទៈ​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការនាំ​អាវុធ​ចូល​លីប៊ី​ ភាគី​ជម្លោះ​ដ៏សំខាន់​ពីរ​របស់លីប៊ី​ ក៏គ្រោង​នឹង​ជួបចរចារគ្នា​ក្នុង​ទីក្រុងហ្សឺណែវ​នាពេលឆាប់ៗខាងមុខនេះដែរ​។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បង្កើតបេសកកម្មកងទ័ពជើងទឹកមួយដើម្បីធ្វើអន្តរាគមន៍ បញ្ឈប់ការដឹកជញ្ជូនអាវុធចូលក្នុងប្រទេសលីប៊ី។

ភ្លាមៗនោះ អង្គការសហប្រជាជាតិ បានសាទរជាខ្លាំង ចំពោះការចូលរួមចំណែករបស់អឺរ៉ុប ដើម្បីជួយស្តារស្ថានការណ៍នៅលីប៊ី ដែលរងគ្រោះដោយសង្គ្រាមតាំងតែពីឆ្នាំ ២០១១ មក។ ប្រេសិតអ.ស.ប ប្រចាំប្រទេសលីប៊ី លោកហ្គាសាន់ សាឡាម (Ghassan Salame) បានប្រាប់អ្នកយកព័ត៌មានថា អ.ស.ប ស្វាគមន៍ និងមិនប្រកាន់ថាប្រទេសណាមួយឡើយ ឲ្យតែពួកគេ អាចគ្រប់គ្រងឃ្លាំងមើល ការជួញដូរអាវុធនៅលីប៊ីបាន។

លោកសាឡាម បន្ថែមថា អ្វីដែលចាំបាច់បំផុតនោះ គឺប្រទេសជាសមាជិករបស់អ.ស.ប រួមគ្នាមកជួយសង្គ្រោះ…ឃ្លាំមើលការរំលោភលើបម្រាមស្តីពីការបញ្ជូនអាវុធទៅលីប៊ី បើមិនដូច្នេះទេ ជម្លោះនៅទីនោះ គ្មានថ្ងៃបិទបញ្ចប់បានឡើយ។

យោងតាមប្រេសិតរបស់អ.ស.ប ដដែលនេះ ភាគីជម្លោះលីប៊ីសំខាន់ពីរ នឹងជួបចរចាទល់មុខគ្នា នាថ្ងៃចុងខែកុម្ភៈខាងមុខ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍។ លោកសាឡាម បានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ថា កិច្ចចរចាលើកក្រោយនេះ នឹងទទួលបានលទ្ធផល្អ ពីព្រោះថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានចេញនូវសេចក្តីសម្រេចជាផ្លូវការមួយអំពាវនាវដោយទទូច ឱ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍នៅលីប៊ី។

គួររំឭកជូនថា តាមរយៈសិន្និសីទអន្តរជាតិរៀបចំដោយ អ.ស.ប នាទីក្រុងបែរឡាំង កាលពីថ្ងៃទី ១៩ មករា ក្រុមមេដឹកនាំពិភពលោក បានព្រមព្រៀងគ្នា​លើ​ដំណើរការ​ឆ្ពោះទៅរក​ដំណោះស្រាយ​សន្តិភាព​នៅ​លីប៊ី ​និងបានសម្រេចហាមឃាត់មិនឲ្យមានការបញ្ជូនអាវុធ ទៅកាន់ប្រទេសអាហ្វ្រិកខាងជើងនេះទៀតឡើយ។

ក៏ប៉ុន្តែ ព្រមព្រៀងគ្នាលើក្រដាសមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែក្រុមប្រទេសមួយចំនួន ក៏ចាប់បន្តដឹកជញ្ជូនអាវុធ បញ្ជូនទាហាន និងថវិកា ​ទៅ​ជួយ​ភាគីជម្លោះដែល​ខ្លួន​គាំទ្រនៅ​លីប៊ី។ កាលណោះ អ.ស.ប បានសម្តែងនូវក្តីខកចិត្តយ៉ាងខ្លាំង និងថែមទាំងបរិហាររិះគន់លើក្រុមប្រទេស ដែលបំពាននឹងបម្រាមទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ