អាមេរិកពង្រាយទាហាន៥ ០០០នាក់ ទប់ស្កាត់ជនអន្តោប្រវេសន៍តាមព្រំដែន
សហរដ្ឋអាមេរិកកំពុងបញ្ជូនទាហានចំនួនជាង ៥ ២០០នាក់ ទៅកាន់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ខណៈដែលជនអន្តោប្រវេសន៍មកពីអាមេរិកកណ្តាលរាប់ពាន់នាក់ កំពុងធ្វើដំណើរជាក្បួនឆ្ពោះទៅសហរដ្ឋអាមេរិក។ វិធានការនេះ ធ្វើឲ្យគេគិតថា ជាវិធីសាស្ត្ររបស់លោកប្រធានាធិបតីត្រាំដើម្បីទទួលបានការគាំទ្រពីពលរដ្ឋអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលខិតចូលមកដល់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មន្រ្តីអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទទី២៩ តុលា ថានឹងដាក់ពង្រាយទាហានរហូតដល់ចំនួនជាង៥ ២០០ ដើម្បីរារាំងជនអន្តោប្រវេសន៍ និងដើម្បីត្រៀមបង្ការភាពចលាចល ស្របពេលមានការសម្រុកធ្វើដំណើរឆ្លងដែនខុសច្បាប់ ចូលមកក្នុងទឹកដីអាមេរិក។
ក្រៅពីនេះ កងកម្លាំងគយនិងការពារព្រំដែនអាមេរិក ក៏កំពុងតាមដានក្រុមមនុស្សប្រមាណជា ៣ ៥០០នាក់ផ្សេងទៀត ដែលកំពុងធ្វើដំណើរតាមជើងភ្នំ នៃភាគខាងត្បូងប្រទេសម៉ិកស៊ិកផងដែរ។ មិនតែប៉ុណ្ណោះ មន្ទីរប៉ង់តាហ្គោន ក៏ត្រៀមបញ្ជូនកងរាជអាវុធហត្ថ និងឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង បំពាក់ដោយឧបករណ៍ចាប់សញ្ញាបច្ចេកវិទ្យាខ្ពស់ និងមានសមត្ថភាពមើលឃើញពេលយប់ផងដែរ។
គួរជ្រាបថា នៅមួយរយៈពេលចុងក្រោយនេះ ជនអន្តោប្រវេសន៍រាប់ពាន់នាក់មកពីអាមេរិកកណ្តាលដែលក្នុងនោះរួមមានពីប្រទេសហុងឌូរ៉ាស អេលសាល់វ៉ាឌ័រ ព្រមទាំងក្វាតេម៉ាឡា បាននិងកំពុងនាំគ្នាធ្វើដំណើរជាក្បួន ដើម្បីសម្រុកទាំងខុសច្បាប់ចូលដែនដីអាមេរិក ឆ្លងកាត់តាមម៉ិកស៊ិក ដោយសារតែពួកគេចង់រត់គេចចេញពីអំពើហឹង្សានិងអសន្តសុខដែលមាននៅក្នុងប្រទេសកំណើត។ ហើយបើតាមអង្គការសហប្រជាជាតិ មានមនុស្សប្រហែលជា ៧.០០០នាក់ បាននាំគ្នាចាកចេញពីប្រទេសហុងឌូរ៉ាស កាលពីសប្តាហ៏ទី២ ខែតុលា សំដៅទឹកដីអាមេរិក។
ទាក់ទងនឹងការបញ្ជូនទ័ពដ៏ច្រើន ទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និយាយថា គឺដើម្បីរឹតបន្តឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។ មួយវិញទៀត ដើម្បីទទួលជនអន្តោប្រវេសន៍ និងដើម្បីកុំឲ្យមានភាពចលាចល អាមេរិកក៏បានតំឡើងទីជំរុំស្នាក់នៅសម្រាប់ពួកគេផងដែរ។លោកត្រាំបញ្ជាក់បន្ថែម។
សូមជម្រាបជូនថា ចំណាត់ការថ្មីរបស់អាមេរិក ទៅលើជនអន្តោប្រវេសន៍នេះដែរ ត្រូវបានគេមើលឃើញថា គឺជាយុទ្ឋសាស្ត្រថ្មីមួយ របស់លោកត្រាំដើម្បីទទួលបានការគាំទ្រ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ