កូរ៉េខាងជើង​ទំនងជា​រៀបចំ​បាញ់សាកល្បង​មីស៊ីល​សាជាថ្មី​ទៀត​

នៅប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ​ មានព័ត៌មាន​ចុះផ្សាយ​អំពី​ការ​ចាប់ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ នូវ​ទីតាំង​បាញ់​រ៉ុកែត​កូរ៉េខាងជើង​ ហើយ​បើ​តាម​ព័ត៌មាន​ចុងក្រោយ​បង្អស់​នៅចុងសប្តាហ៍នេះ​ កូរ៉េខាងជើង​ទំនង​ជា​កំពុងតែ​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​សាជាថ្មី​ទៀត​ពិតប្រាកដមែន​។ នេះ​ បើតាម​សារព័ត៌មាន​របស់​អាមេរិក​ NPR​។

លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​រូបភាព​ជាច្រើន​សន្លឹក​ ដែល​ចាប់បាន​ដោយ​ផ្កាយ​រណប​របស់​អាមេរិក​ គេ​កាន់តែ​សង្ស័យ​ខ្លាំងឡើងហើយថា​ កូរ៉េខាងជើង​ទំនងជា​កំពុង​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​សាជាថ្មីម្តង​ទៀតមែន​។ ជាក់ស្តែង​ បើតាម​សារព័ត៌មាន​អាមេរិក​ NPR មាន​រូបភាព​ជាច្រើន​ដែល​គេ​ចាប់បាន​តាមរយៈ​ផ្កាយរណប​ បង្ហាញថា​កូរ៉េខាងជើង​ចាប់ផ្តើម​មានសកម្មភាព​ឡើងវិញ​ នៅតាម​ទីតាំង​ស្ថានីយ​មួយចំនួន​ ដែល​ក្នុងនោះ​ក៏មាន​ផងដែរ​ស្ថានីយ​ សានណុមដុង​ (Sanumdong)។

Sanumdong គឺជា​ស្ថានីយមួយ​ក្នុង​ចំណោម​ស្ថានីយ​ដទៃជាច្រើនទៀត​ ដែល​ទីក្រុង​ព្យុងយ៉ាង​ប្រើប្រាស់​សម្រាប់​ផលិត​មីស៊ីល​អន្តរទ្វីប​ និង​រ៉ុកែត​។ ក្រៅពីនេះ​ បើតាម​រូបភាព​ផ្កាយរណប​ អ្នក​វិភាគ​អាមេរិក​ ក៏បាន​ឲ្យដឹង​ផងដែរថា​ គេ​ក៏ឃើញ​មាន​រថយន្ត​ពាសដែក​ និង​យានយន្ត​សំខាន់​ផ្សេងទៀត​ត្រូវបានដាក់​ឈរជើង​នៅ​ស្ថានីយ​ Sanumdong ដែរ​។

ទន្ទឹមគ្នានេះ​ គេ​កាន់តែ​សង្ស័យខ្លាំងឡើង​ថាកូរ៉េខាងជើង​ពិតជាអាច​សាកល្បង​បាញ់មីស៊ីលពិតមែន​ ក៏ព្រោះម្ខាង​មាន​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ដើម្បីការ​សិក្សាយុទ្ធសាស្ត្រ​ និង​កិច្ចការ​អន្តរជាតិ​ (CSIS) បង្ហាញថា​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ទំនងជា​ដាក់ឲ្យដំណើរការ​ឡើងវិញ​ផងដែរ​នូវស្ថានីយ​បាញ់រ៉ុកែត​ Sohae​។

គួរជម្រាបជូនថា​ បើយោងតាមទិន្នន័យ​ដែល​គេ​ទើប​រកឃើញថ្មីៗនេះ​ គេ​ចាប់ផ្តើម​មានការ​មិនទុកចិត្ត​ ចំពោះ​ពាក្យសន្យា​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន​ ដែល​កាលពី​ជំនួបលើក​ទី២​ ជាមួយ​លោក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​វៀតណាម​នាថ្ងៃទី​២៧​-២៨​ កុម្ភៈ​ និយាយថា​ លោកនឹង​មិនធ្វើការ​សាកល្បង​អាវុធនុយក្លេអ៊ែរ​ ឬ​មីស៊ីល​ឡើយ​។

គួរកត់សម្គាល់ទៀតថា​ ទោះបីជា​មានព័ត៌មាន​ពីការ​ដាក់ឲ្យដំណើរឡើងវិញ​នូវ​ស្ថានីយ​បាញ់រ៉ុកែត​កូរ៉េខាងជើង​យ៉ាងណាក្តី​ កាលពីថ្ងៃសុក្រ​ ទី ៨ មីនា លោកប្រធានាធិបតី​អាមេរិក​ដូណាល់​ ត្រាំ​ នៅតែ​និយាយថា​ទំនាក់ទំនង​រវាងលោក​ និង​លោកគីម ជុងអ៊ុន នៅតែល្អ​ដដែល​មិន​ប្រែប្រួលឡើយ​។ មួយវិញទៀត​ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ជាច្រើនរូប​ ក៏បាន​លើកឡើង​ដូចគ្នា​បែបនេះ​ដែរថា​ ទីក្រុង​វ៉ាស៊ីនតោន​ និងព្យុងយ៉ាង​ពិតជា​អាច​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI