អាមេរិក​នៅតែ​មានសុទិដ្ឋិនិយម​ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

លោកដូណាល់ ត្រាំ ពេលជួបពិភាក្សាជាមួយលោកគីម ជុងអ៊ុនក្នុងទីក្រុងហាណូយប្រទេសវៀតណាមកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩។
លោកដូណាល់ ត្រាំ ពេលជួបពិភាក្សាជាមួយលោកគីម ជុងអ៊ុនក្នុងទីក្រុងហាណូយប្រទេសវៀតណាមកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩។ REUTERS/Leah Millis

សហរដ្ឋអាមេរិក​ នៅតែសង្ឃឹម​ថា​អាចដោះស្រាយ​ វិបត្តិ​នុយក្លេអ៊ែរកូរ៉េ​ខាងជើង​បាន​ បើទោះបីជា​ មានព័ត៌មានស្តី​អំពី​ ការ​ចាប់ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ទីតាំង​បាញ់​រ៉ុកែត​កូរ៉េខាងជើង​យ៉ាងណាក៏ដោយ​។ មិនតែប៉ុណ្ណោះ​ អាមេរិក​ថែមទាំង​មាន​សុទិដ្ឋិនិយម​ថា​អាច​ជំរុញឲ្យ​កូរ៉េខាងជើង​ រំសាយ​អាវុធនុយក្លេអ៊ែរ​ នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​លោកដូណាល់​ ត្រាំ​ទៀតផង​។ នេះ​បើតាម​ការបញ្ជាក់ប្រាប់​របស់​មន្ត្រី​រដ្ឋាភិបាលជាន់ខ្ពស់​អាមេរិកម្នាក់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ៧ មីនា ម្សិលមិញ​នេះ។

ផ្សាយពាណិជ្ជកម្ម

ក្រោយពេល​ដែល​មានព័ត៌មាន​ចុះផ្សាយ​អំពី​ការ​ចាប់ដាក់ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​ទីតាំង​បាញ់រ៉ុកែត​របស់​កូរ៉េខាងជើង​ គេ​ផ្តើម​មានការ​ព្រួយបារម្ភ​អំពី​ដំណើរការ​នៃ​កិច្ចចរចា​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ ក្នុងការ​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​ ដែលនៅ​បន្ត​ជាប់គាំង​រហូត​មកទល់​នឹងសព្វថ្ងៃ​។

ទាក់ទងរឿងនេះដែរ​ អាមេរិក​ហាក់​មិនបាន​ខឹង​សម្បាអ្វី​ ឬក៏​បញ្ចេញ​ប្រតិកម្មតប​ទៅកាន់​កូរ៉េខាងជើង​ឡើយ​។ ផ្ទុយទៅវិញ​ ទីក្រុងវ៉ាស៊ីនតោន​នៅតែ​មាន​សុទិដ្ឋិនិយម​ថា​អាច​រួម​សហការ​ជាមួយ​ព្យុងយ៉ាង​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ដដែល​។

ជាក់ស្តែង​ នៅពេល​ឆ្លើយនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ដែលចោទ​សួរថា​តើ​លោក​មានការអាក់អន់​ស្រពន់ចិត្តទេ​នៅពេល​បានឮ​អំពី​ការសាងសង់​ឡើងវិញ​នូវ​ស្ថានីយ​បាញ់​រ៉ុកែត​របស់​កូរ៉េខាងជើង​ លោកដូណាល់ ត្រាំ​បាន​ឆ្លើយថា​ “យើងនឹង​រង់ចាំមើល​។ យើង​នឹងដឹង​ ក្នុងរយៈពេល​ប្រហែល​ជា​១ ឆ្នាំទៀត​”។

ទន្ទឹមគ្នានេះ​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​អាមេរិក​ លោក Robert Palladino បាន​បញ្ជាក់ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ក្នុងការ​បន្ត​កិច្ចចរចា​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង​លោកគីម ជុងអ៊ុន​ និងថា​រដ្ឋបាល​របស់​លោកត្រាំ​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួលបាន​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្លាមួយ​ពី​កិច្ចចរចា​ជាមួយនឹង​ទីក្រុងព្យុងយ៉ាង​។

រហូតមកដល់ពេលនេះ​ អាមេរិក​នៅ​មិនទាន់​បានប្រាប់​នៅឡើយ​ទេថា​ ខ្លួន​បាន​និយាយគ្នា​ជាមួយ​កូរ៉េខាងជើង​ហើយឬនៅ​ អំពី​រឿងដែល​ថា​កូរ៉េខាងជើង​កំពុងតែ​ដាក់ដំណើរ​ឡើងវិញ​នូវ​ស្ថានីយ​បាញ់រ៉ុកែត​។

ទោះបីជាយ៉ាងណាក្តី​ អ្នកនាំពាក្យក្រសួង​ការបរទេស​អាមេរិក​ និយាយថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​មានជំនឿ​យ៉ាង​មុតមាំថា​ អាច​ដោះស្រាយ​វិបត្តិនុយក្លេអ៊ែរ​ខាងជើងបា​ន និង​បាន​នៅក្នុង​អាណត្តិ​ដឹកនាំ​រដ្ឋ​របស់​លោកដូណាល់ ត្រាំ​ ដែល​នឹងត្រូវ​បញ្ចប់​នៅ​ខែ​មករា​ ឆ្នាំ ២០២១​ ទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI