ប្រធានក្រុមហ៊ុន Huawei ថាមិនញញើតនឹងការគំរាមកំហែងរបស់អាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រធានក្រុមហ៊ុន Huawei នៅថ្ងៃអាទិត្យ ទី២៤ កុម្ភៈ បានលើកឡើងថា ក្រុមហ៊ុនមិនបានខ្វល់ខ្វាយ ឬក៏ព្រួយបារម្ភអ្វីឡើយ ចំពោះការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ ជាការគំរាមកំហែង តាមរយៈការចេញបទបញ្ជាមិនអនុញ្ញាតឲ្យក្រុមហ៊ុនHuawei មានទីផ្សារលក់ដូរនៅសហរដ្ឋអាមេរិក។ ប្រធានក្រុមហ៊ុន Huawei សង្កត់ធ្ងន់ថា Huawei នៅតែអាចរកស៊ីបានដោយជោគជ័យ ទោះបីគ្មានទីផ្សារនៅអាមេរិកក៏ដោយចុះ។
លោក ហ្គួ ពីង (Guo Ping) ប្រធានក្រុមហ៊ុន Huawei បានអះអាងថាបទបញ្ជារបស់លោកត្រាំគ្មានឥទ្ធិពលអ្វីអាចធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិនមួយនេះដួលបះជើងបានឡើយ។ លោកបញ្ជាក់បន្ថែមថា បើទោះបទបញ្ជាហាមឃាត់មិនឲ្យ Huawei ចូលក្នុងទីផ្សារអាមេរិកត្រូវគេដាក់ឲ្យអនុវត្តជាផ្លូវការមែនក៏ដោយក៏វាគ្មានផលប៉ះពាល់ធំដុំអ្វីឡើយ ដល់ក្រុមហ៊ុនរបស់លោក។
“នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei រកប្រាក់ចំណូលបានជាង ១០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយចំណូលដែលរកបានពីទីផ្សារនៅអាមេរិកមានចំនួនតិចតួចប៉ុណ្ណោះ។ តាមពិតទៅ យើងមិនបាច់អីទៅខ្វល់ពីទីផ្សារនៅអាមេរិកផងនោះទេ"។ នេះ គឺជាសម្តីរបស់លោកហ្គួ និយាយទៅកាន់សន្និសីទសារព័ត៌មានមួយនៅទីក្រុងបាសេឡូណាប្រទេសអេស្បាញក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកប្រកបដោយយុត្តិធម៌។
លោកហ្គួ បានបន្ថែមថាគោលនយោបាយថ្មីរបស់អាមេរិកនេះមិនប៉ះពាល់អ្វីជាដុំកំភួនដល់ Huawei ឡើយ តែអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះ គឺជាប្រតិបត្តិករទូរគមនាគមន៍តូចៗមួយចំនួននៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់ឧបករណ៍របស់ Huawei វិញឯណោះទេ។
គួររំឭកជូនថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះសហរដ្ឋអាមេរិក និងចិនមានទំនាស់ពាណិជ្ជកម្មជាមួយគ្នាកាន់តែខ្លាំងឡើងៗ ហើយជម្លោះនេះ ដំបូងឡើយដរចេញពីរឿងបច្ចេកវិទ្យា។ អាមេរិករបស់លោកដូណាល់ ត្រាំ ចោទចិនថាបានលួចបច្ចេកវិទ្យាពីខ្លួន និងថាក្រុមហ៊ុន Huawei ជាចោរធ្វើចារកម្មឲ្យរដ្ឋាភិបាលចិន។
ក្រោមហេតុផលនេះ រដ្ឋបាលរបស់លោកដូណាល់ ត្រាំ បានបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យរារាំងកុំឲ្យក្រុមហ៊ុន Huawei បង្កើតបច្ចេកវិទ្យាជំនាន់ទី៥ (5G) បាន។ មិនតែប៉ុណ្ណោះ ក៏មានព័ត៌មានចុះផ្សាយដែរថាលោកត្រាំ បានធ្វើការសម្រេចលើបទបញ្ជាមួយដើម្បីបញ្ឈប់ក្រុមហ៊ុនចិន Huawei មិនឲ្យលក់ឧបករណ៍ទូរស័ព្ទទំនើបៗ នៅសហរដ្ឋអាមេរិកទៀតផង។
សូមជ្រាបថា រហូតមកដល់ពេលនេះ តំណាងក្រុមហ៊ុន Huawei នៅតែបដិសេធចំពោះ ការចោទប្រកាន់ដែលថា គ្រឿងក្នុងទូរស័ព្ទរបស់ Huawei មានបំពាក់ឧបករណ៍ ដែលអាចឲ្យគេធ្វើចារកម្មបាន។
ប្រធានក្រុមហ៊ុន Huawei លោកហ្គួ ពីង លើកឡើងថា Huawei មិនដែលធ្វើចារកម្មហើយលោកនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ មកពីប្រទេសណាមួយ ធ្វើរឿងបែបនេះ បានឡើយនៅក្នុងក្រុមហ៊ុនរបស់លោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ