អានតួអត្ថបទ

ក្រោយចាញ់ក្តី​នៅ​ឡាអេ​អាមេរិក​ប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ

លោក​ ចន បូលតុន (John Bolton) ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក កាល​ពីថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០១៨ (រូបថតឯកសារ)
លោក​ ចន បូលតុន (John Bolton) ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក កាល​ពីថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០១៨ (រូបថតឯកសារ) REUTERS/Denis Balibouse
ដោយ៖ សេង ឌីណា
១៧ នាទី

កាលពីថ្ងៃពុធ ៤តុលា​នេះ សហរដ្ឋ​អាមេរិក​បានប្រកាស​ដក​ខ្លួន​​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ការប្រកាស​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោយ​ពី​អាមេរិក​ចេញ​ក្តី​ជាមួយ​អ៊ីរ៉ង់ នៅ​ឯ​តុលាការ​ក្រុងឡាអេ ក្នុងពេល​ដែល​សំណុំរឿង​មួយ​ទៀត​ក៏​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​អន្តរជាតិ​ដែរ គឺ​បណ្តឹង​របស់​ប៉ាឡេស្ទីន ជុំវិញ​ការ​ដាក់តាំង​ស្ថានទូត​អាមេរិក នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម។

ផ្សាយពាណិជ្ជកម្ម

លោក​ចន បូលតុន (John Bolton) ទីប្រឹក្សាសន្តិសុខជាតិ​របស់​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ថា អាមេរិក​ដកខ្លួន​ចេញ​ពី​ពិធីសារ​មួយ នៃ​អនុសញ្ញា​ទីក្រុង​វីយ៉ែន គឺ​ពិធីសារ​​ឆ្នាំ១៩៦១​ ដែល​ចែង​ពី​ការ​កំណត់​យក​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​យន្តការ​ដោះស្រាយ​វិវាទ​ រវាង​រដ្ឋ​ជា​សមាជិក (Optional Protocol and Dispute Resolution)។ ទោះយ៉ាងណា អាមេរិក​នៅតែ​បន្ត​ស្ថិត​នៅ​ជា​សមាជិក​អនុសញ្ញា​ក្រុង​វីយ៉ែន​ ដែល​ជា​អនុសញ្ញា​កំណត់​អំពី​ទំនាក់ទំនង​ការទូត។

លោក​ចន បូលតុន បាន​លើកហេតុផល​ថា ការ​ដកខ្លួន​ចេញ​ពី​ពិធីសារ​​នៃ​អនុសញ្ញា​ក្រុង​វីយ៉ែន​នេះ គឺ​មាន​ជាប់ទាក់ទង​នឹង​បណ្តឹង​របស់​ប៉ាឡេស្ទីន​ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​រើ​ស្ថានទូត​អាមេរិក​ប្រចាំអ៊ីស្រាអែល ទៅដាក់តាំង​នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម។

មេដឹកនាំ​ប៉ាឡេស្ទីន​បាន​ឲ្យដឹង កាល​ពីថ្ងៃ​សៅរ៍​កន្លងទៅនេះថា ខ្លួន​បាន​ដាក់ពាក្យ​បណ្តឹង​ ​ទៅ​កាន់​តុលាការ​ក្រុងឡាអេ​ ដោយ​លើកហេតុផលថា ការដាក់តាំង​ស្ថានទូត​អាមេរិក នៅ​ក្នុង​ក្រុង​យេរូសាឡឹម គឺ​ជា​ទង្វើ​រំលោភ​បំពាន​ទៅលើ​ច្បាប់​អន្តរជាតិ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទីក្រុង​យេរូសាឡឹម​​ស្ថិត​នៅ​ជា​ចំណុច​ជាប់ជម្លោះ​មួយ​នៅឡើយ រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ដោយ​ប៉ាឡេស្ទីន​ទាមទារ​យក​មួយ​ផ្នែក​​សម្រាប់​ធ្វើ​ជា​រដ្ឋធានី​របស់ខ្លួន ក៏ប៉ុន្តែ អ៊ីស្រាអែល​ទាមទារ​យក​ទាំងអស់។ ទោះជាយ៉ាងណា រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ភាគច្រើន​លើសលុប​មិនទទួលស្គាល់​យេរូសាឡឹម​ជា​​រដ្ឋធានី​របស់​អ៊ីស្រាអែល​នោះទេ ដោយ​ដាក់តាំង​ស្ថានទូត​របស់​ពួកគេតែ នៅ​ក្នុង​ទីក្រុង​តែលអាវីវ (Tel Aviv) តែ​ប៉ុណ្ណោះ។

កាលពីថ្ងៃពុធ​ម្សិលមិញ​នេះ ក្រៅ​ពី​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​ពិធីសារ​នៃ​អនុសញ្ញា​ទីក្រុង​វីយ៉ែន រដ្ឋការ​របស់​លោក​ដូណាល់ ត្រាំ ក៏​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀ​ផ្សេងមួយ​ទៀត​ដែរ គឺ​សន្ធិសញ្ញា​មិត្តភាព​ទ្វេភាគី​អាមេរិក-អ៊ីរ៉ង់ ចុះ​ឆ្នាំ១៩៥៥។ សន្ធិសញ្ញា​មិត្តភាព​ទ្វេភាគី​នេះ​ហើយ ដែល​តុលាការ​ក្រុងឡាអេ លើក​យក​មក​ធ្វើ​ជា​សំអាង នៅ​ក្នុង​ការ​ចេញ​សេចក្តីសម្រេច កាល​ពីថ្ងៃ​ពុធ បញ្ជា​ឲ្យ​អាមេរិក​ដក​ចេញ​វិញ​នូវ​ទណ្ឌកម្ម ដែល​លោក​ដូណាល់ត្រាំ​បាន​សម្រេច​ដាក់​លើ​អ៊ីរ៉ង់ ចាប់តាំង​ពី​ថ្ងៃ​ទី៨​ ខែឧសភា ឆ្នាំ២០១៨ ក្រោយ​ពី​លោក​បាន​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​បាន​បរិហាររិះគន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ថា តុលាការ​នេះ​គ្មាន​សមត្ថកិច្ច​ចេញ​សេចក្តីសម្រេច​ទាក់ទង​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​នោះទេ ហើយ​ថា តុលាការ​នេះ​កំពុងតែ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​​ជា​មធ្យោបាយ​ឃោសនា​របស់​អ៊ីរ៉ង់។

គួរធ្វើ​ការ​កត់សម្គាល់​ថា នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​រដ្ឋការ​របស់​លោក​ដូណាល់ ត្រាំ ធ្វើការ​វាយប្រហារ​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​អន្តរជាតិ។ កាល​ពី​ពេល​ថ្មីៗ​នេះ អាមេរិក​ក៏​បាន​បរិហាររិះគន់​យ៉ាងខ្លាំងៗ​ផងដែរ ទៅលើ​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហើយ​ព្រមទាំង​បាន​គំរាម​ទៀត​ផង​ថា​នឹង​ដាក់​ទណ្ឌកម្ម​លើ​តុលាការ​នេះ ប្រសិន​បើ​មាន​ការ​បើក​ស៊ើបអង្កេត​ទៅលើ​ករណី​ឧក្រិដ្ឋកម្ម​សង្រ្គាម​របស់​អាមេរិក នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ