អាមេរិក និងតួកគីជួបគ្នាបានត្រឹមតែសម្តី
លោកអនុប្រធានាធិបតីសហរដ្ឋអាមរិកបានអញ្ជើញទៅទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី ដើម្បីពិភាក្សា ស្វែងរកកិច្ចសហការជាមួយទួរគីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មអ៊ីស្លាម។ ឆ្លងកាត់ការពិភាក្សាគ្នារយៈពេល ៤ម៉ោង ជាមួយលោកប្រធានាធិបតី តួកគី ភាគីទាំងពីរ មិនបានសម្រេចអ្វីជាដុំកម្ភូនទាល់តែសោះ ក្រៅតែពីសន្យាថា នឹងព្យាយាមធ្វើការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មជីហាតអ៊ីស្លាម។
ចុះផ្សាយនៅថ្ងៃ៖
កាលពីថ្ងៃសៅរ៍ ទី២២ វិច្ឆិកា លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងលោកប្រធានាធិបតីតួកគី Erdogan បានជួបពិភាក្សាគ្នានៅទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី ដើម្បីជជែកគ្នាស្តីពីកិច្ចសហការ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរកម្មជីហាតអ៊ីស្លាម។ កិច្ចពិភាក្សាបានប្រព្រឹត្តិទៅ អស់រយៈពេល៤ម៉ោង ប៉ុន្តែផ្ទុយពីការរំពឹងទុក ថ្នាក់ដឹកនាំទាំងពីរមិនបានសម្រេចអ្វីជាដុំកម្ភួនទាល់តែសោះ ក្រៅតែពីសន្យាថា នឹងបន្តធ្វើការរួមគ្នា។
លោកអនុប្រធានាធិបតីថ្លែងថា ប្រទេសទាំងពីរត្រូវបន្តធ្វើការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយ ដែលបានចោទក្នុងការទប់ទល់ពួកភេរវកម្មជីហាត និងការស្វែងរកសន្តិភាពនៅស៊ីរី។ លោកបន្តថា ប្រទេសទាំងពីរត្រូវការគ្នាទៅវិញទៅមក ហើយត្រូវពួតដៃគ្នា ក្នុងការកម្ទេចពួកជីហាតរដ្ឋអ៊ីស្លាម ព្រមទាំងជួយជ្រោមជ្រែងក្រុមប្រឆាំងនៅស៊ីរី ក្នុងការផ្តួលរំលំរបបផ្តាច់ការរបស់លោក បាឆា អាល់អាសាដ។
ទោះបីជាយ៉ាងណា អ្នកវិភាគមានការខកចិត្តជាខ្លាំង ព្រោះនេះគ្រាន់តែជាភាសាការទូត ដែលសរុបទៅមានន័យថា ភាគីទាំងពីរមិនទាន់បានសម្រេចថាត្រូវធ្វើយ៉ាងណា ឲ្យច្បាស់លាស់នោះទេ បានត្រឹមតែនិយាយចោល ដោយគ្មានបានដាក់ចុះនូវវិធានការច្បាស់លាស់។ មួយវិញទៀត លោកអនុប្រធានាធិបតីអាមេរិក មិនបានលើកឡើងអំពីសំណើរ ដែលអាមេរិកចង់ ប្រើប្រាស់ទីបញ្ជាការកងទ័ពមួយឈ្មោះ Incrilik នៅក្នុងដីតួកគី ដែលមានចំងាយប្រមាណ១០០ គីឡូម៉ែត្រ ប៉ុណ្ណោះពីព្រំដែនស៊ីរី។ ទីបញ្ជាការនេះ អាចសម្រួលដល់ទ័ពអាកាសរបស់អាមេរិក ក្នុងការចុះសម្ចត និងធ្វើការប្រយុទ្ធ ព្រោះវានៅមិនឆ្ងាយពីស៊ីរី។
សូមបញ្ជាក់ផងដែរថា តួកគីមានទួនាទីសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មជីហាតអ៊ីស្លាម នៅស៊ីរី និងនៅអ៊ីរ៉ាក់។ កន្លងមក មានដំណឹងលេចឮថា តួកគីជាទីដែលក្រុមភេរកម្មជីហាតបរទេស ឆ្លងកាត់ចេញចូលដើម្បីចូលទៅដី ស៊ីរី និងអ៊ីរ៉ាក់។ បន្ថែមពីនេះទៅទៀត គេសង្ស័យថា តួកគី បានដើរតួយ៉ាងសំខាន់ ក្នុងបណ្តាញផ្តល់ជំនួយហិរញ្ញវត្ថុ និងសព្វាវុធ ដល់ពួកជីហាត។ សហគមន៍អន្តជាតិបានចោទ លោកប្រធានាធិបតីតួកគី ថាបានដើរតួ ចិត្តល្អផង ចិត្តអាក្រក់ផង។
ប៉ុន្តែទោះជាយ៉ាងណា ការដែលតួកគីព្រមជួបពិភាក្សាជាមួយអាមេរិក វាជាដំណឹងល្អមួយណាស់ទៅហើយ ថាតួកគីទំនងដូចជាភ្ញាក់ខ្លួន ចង់មកជួយសហការ ក្នុងការកម្ទេចពួកជីហាតអ៊ីស្លាម ដែលជាក្រុមភេរវករព្រៃផ្សៃបំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ