អាមេរិក៖បទសម្ភាសន៍ដ៏កម្ររបស់លោកអូបាម៉ានៅក្នុងទូរទស្សន៍ Fox News
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានផ្តល់បទសម្ភាសន៍ដ៏កម្រឲ្យទូរទស្សន៍ Fox News។ នៅក្នុងបទសម្ភាសន៍នោះ លោកអូបាម៉ាបានឆ្លៀតនិយាយពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវនិយម ដោយវាយប្រហារលើពាក្យសម្តីលើកឡើងដោយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ និងលោកតេដ គ្រូស។ ទន្ទឹមគ្នានេះ លោកអូបាម៉ាក៏បានចេញមុខការពារបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ពិសេសលោកស្រីហ៊ីលឡារី គ្លីនតុនទាក់ទងនឹងរឿងអ៊ីមែល។
វាពិតជាកម្រណាស់ដែលគេឃើញលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាយល់ព្រមផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍ Fox News។ ជារឿងកម្រក៏ព្រោះតែ Fox News ជាទូរទស្សន៍ដែលមាននិន្នាការគាំទ្រគណបក្សសាធារណរដ្ឋដែលជាបក្សប្រឆាំង។ តែការដែលលោកអូបាម៉ាបានយល់ព្រមឲ្យទូរទស្សន៍ Fox News ជួបសម្ភាសន៍ក៏ជារឿងមួយល្អដែរ ព្រោះលោកបានឆ្លៀតយកឱកាសដ៏កម្រនោះដើម្បីវាយប្រហារបេក្ខជនប្រធានាធិបតីចំនួនពីរនាក់មកពីគណបក្សសាធារណរដ្ឋ គឺលោកដូណាល់ ត្រាំ និងលោកតេដ គ្រូសទាក់ទងនឹងប្រធានរឿងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវនិយម។
« នៅពេលដែលខ្ញុំបានឮបេក្ខជនខ្លះនិយាយថា គេត្រូវទម្លាក់គ្រាប់បែកលើជនស៊ីវិលស្លូតត្រង់ នេះមិនមែនជាវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវនិយមទេ។ នៅពេលដែលខ្ញុំបានឮបេក្ខជនខ្លះទាមទារឲ្យមានការហាមឃាត់អ្នកកាន់សាសនាអ៊ីស្លាមចូលក្នុងទឹកដីអាមេរិកាំង នេះក៏មិនមែនជាវិធីសាស្រ្តល្អក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវនិយមដែរ »។
បន្ទាប់ពីបាននិយាយវាយប្រហារបេក្ខជនប្រធានាធិបតីរបស់បក្សប្រឆាំង លោកអូបាម៉ាក៏បានឆ្លៀតនិយាយការពារបេក្ខនារីប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុនដែរ។ លោកអូបាម៉ាមិនបាននិយាយការពារលោកស្រីគ្លីនតុនក្នុងនាមជាបេក្ខជនប្រធានាធិបតីទេ តែក្នុងនាមលោកស្រីជាអតីតរដ្ឋមន្រ្តីការបរទេសរបស់លោកនៅក្នុងរឿងអាស្រូវអ៊ីមែលលោកស្រីគ្លីនតុន។ លោកអូបាម៉ាបានបញ្ជាក់ច្បាស់ៗថា គ្មានការប្រើឥទ្ធិពលនយោបាយនៅក្នុងការស៊ើបអង្កេតរឿងអាស្រូវនោះទេ។
« ខ្ញុំសូមធានាថា គ្មានការប្រើឥទ្ធិពលនយោបាយណាមួយដើម្បីដាក់គំនាបលើការស៊ើបអង្កេតរបស់តុលាការ ឬការស៊ើបអង្កេតរបស់ក្រសួងស៊ើបការណ៍សម្ងាត់ FBI ឡើយ។ មិនមែនតែក្នុងករណីមួយទេ តែនៅក្នុងគ្រប់ករណីទាំងអស់ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ