អានតួអត្ថបទ
អាមេរិក-រុស្ស៊ី-កូរ៉ូណាវីរុស

មន្ត្រី​អាមេរិក​៖ រុស្ស៊ី​ប្រឌិត​ព័ត៌មាន​ដែលថា​អាមេរិក​ជាអ្នក​នៅពីក្រោយ​ការផ្ទុះ​មេរោគកូរ៉ូណា​

បុគ្គលិកម្នាក់ ធ្វើការនៅផ្សារមួយក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ខណៈពេលដែលមានការព្រួយបារម្ភពីការរីករាលដាលមេរោគកូរ៉ូណា។
បុគ្គលិកម្នាក់ ធ្វើការនៅផ្សារមួយក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ខណៈពេលដែលមានការព្រួយបារម្ភពីការរីករាលដាលមេរោគកូរ៉ូណា។ SPENCER PLATT / GETTY IMAGES NORTH AMERICA / AFP
ដោយ៖ អ៊ុង គឹមអ៊ាន់
១៤ នាទី

នៅមួយរយៈពេលចុងក្រោយនេះ គណនីបណ្តាញសង្គមរាប់ពាន់ ដែលមានទំនាក់ទំនងជាមួយរុស្ស៊ី បានចេញផ្សព្វផ្សាយដំណឹងឥតឈប់ ថាអាមេរិកមានជាប់ពាក់ព័ន្ធទៅនឹងការផ្ទុះឡើង នៃមេរោគកូរ៉ណាថ្មីកូវីត-១៩។ នេះ គឺជាការប្រកាសរបស់មន្រ្តីរដ្ឋាភិបាលអាមេរិក ដោយបន្ថែមថា ការចេញផ្សាយព័ត៌មានខុសពីការពិតរបស់រុស្ស៊ី មិនត្រឹមតែបានបង្ខូចកេរ្តិ៍ឈ្មោះអាមេរិកនោះទេ តែវាក៏បានរំខានដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណាដែរ។

ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ត្រូវបានរកឃើញដោយអ្នកជំនាញអាមេរិកនៅពាក់កណ្តាលខែមករា ឆ្នាំ ២០២០ ពោលគឺភ្លាមៗ បន្ទាប់ពីអាជ្ញាធរចិន បានប្រកាសពីករណីស្លាប់ទីបី ដោយសារមេរោគផ្លូវដង្ហើមថ្មីនៅក្នុងទីក្រុងវូហាន។

យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត បង្អើលឲ្យមានការភ័យជ្រួលច្របល់ខ្លាំង ពីការរីករាលដាលមេរោគកូរ៉ូណា គឺជាកលល្បិចរបស់រុស្ស៊ី។ អាមេរិក បានអះអាងថា រុស្ស៊ីខិតខំប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនោះ ក្នុងគោលបំណងបំផ្លាញមុខមាត់អាមេរិក នៅលើឆាកអន្តរជាតិ ក្នុងអំឡុងពេលដែលពិភពលោក កំពុងព្រួយបារម្ភខ្លាំង អំពីការឆ្លងរាតត្បាតមេរោគផ្លូវដង្ហើមថ្មី។

នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ព័ត៌មានដែលកំពុងលុកលុយខ្លាំងបំផុតរួមមាន ការចោទប្រកាន់ដែលថា អាមេរិក គឺជាអ្នកបង្កើតមេរោគកូរ៉ូណា ដើម្បីឈ្នះសង្គ្រាមពាណិជ្ជកម្មទល់នឹងចិន។ មិនតែប៉ុណ្ណោះ សូម្បីបុគ្គលល្បីៗអាមេរិកដូចជា លោកប៊ីលហ្គេត ជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាសប្បុរសជន ដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួយលើកកម្ពស់សុខភាពពិភពលោក ក៏ត្រូវបានចោទប្រកាន់ខុសពីការពិតផងដែរ ថាមានជាប់ពាក់ព័ន្ធនឹងការបង្កើតមេរោគនេះ។

ក្រសួងការបរទេសអាមេរិក ដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មានគណនីក្លែងក្លាយជាច្រើន ត្រូវបានគេប្រើប្រាស់នៅលើបណ្តាញសង្គម Twitter, Facebook និង Instagram ដើម្បីផ្សាយចេញជាច្រើនភាសា នូវព័ត៌មានមិនពិតអំពីអាមេរិក និងមេរោគកូរ៉ូណា ។

ទាក់ទងរឿងនេះដែរ លោកហ្វីលីព រីកឃឺរ (Philip Reeker) មន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកប្រចាំតំបន់អឺរ៉ុប និង អឺរ៉ាស៊ី បានលើកឡើងថា ចេតនារបស់រុស្ស៊ី គឺចង់បំបែកបំបាក់សម្ព័ន្ធភាពរបស់អាមេរិក ជាមួយបណ្តាប្រទេសជាមិត្ត។

ក្រៅតែពីធ្វើបាបអាមេរិក លោកហ្វីលីព បន្ថែមថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី អំពីមេរោគកូរ៉ូណា ក៏បានបង្កជាឧបសគ្គដល់ពិភព ក្នុងការគ្រប់គ្រងមេរោគរាតត្បាតនេះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ