តុលាការ​អាមេរិក​​៖ ថ្នាំបាញ់​សម្លាប់​ស្មៅ​ផលិតដោយ​ក្រុមហ៊ុន​ Monsanto ជា​ប្រភព​បង្ក​ជំងឺមហារីក​

អង្គជំនុំជំរះ​នៃ​តុលាការ​សហព័ន្ធ​រដ្ឋកាលីហ្វ័រញ៉ា​បានសម្រេចថា​ ផលិតផល​បាញ់សម្លាប់​ស្មៅ​ឈ្មោះ​ Roundup​ ដែល​ផលិតដោយ​ក្រុមហ៊ុន​របស់​អាមេរិកឈ្មោះ​ម៉ុនសានតូ​ (Monsanto) គឺជា​ប្រភព​ដ៏​ចំបងមួយ​ ដែលបង្កឲ្យ​អ្នកប្រើប្រាស់​កើតជំងឺ​មហារីក​ប្រព័ន្ធ​ផលិត​ទឹករងៃ​។ ជំហានបន្ទាប់​ អង្គជំនុំជំរះ​នឹងកាត់ក្តី​អំពី​ទំនួលខុសត្រូវ​របស់​ក្រុមហ៊ុន​ Monsanto ចំពោះ​អតិថិជន​ដែលជា​ជងរងគ្រោះ​។

ថ្នាំបាញ់សម្លាប់ស្មៅឈ្មោះ Roundup ដែលផលិតដោយក្រុមហ៊ុនរបស់អាមេរិកឈ្មោះម៉ុនសានតូ។
ថ្នាំបាញ់សម្លាប់ស្មៅឈ្មោះ Roundup ដែលផលិតដោយក្រុមហ៊ុនរបស់អាមេរិកឈ្មោះម៉ុនសានតូ។ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

នេះ​គឺជា​ករណីទី២​ហើយ​ក្នុង​រយៈពេលតែ​១ឆ្នាំ​ ដែល​គេ​រកឃើញថា​ថ្នាំបាញ់សម្លាប់ស្មៅ​របស់​ក្រុមហ៊ុន​អាមេរិក​ Monsanto ជា​ប្រភព​បង្កឲ្យ​អ្នកប្រើប្រាស់​កើតជំងឺ​មហារីក​ប្រព័ន្ធ​ផលិតទឹករងៃ​ និង​កូនកណ្តុរ​។

ជាក់ស្តែង​ លោក​ Edwin Hardeman​ មាន​វ័យ ៧០ ឆ្នាំ​ ជាអ្នករស់នៅ​ក្នុង​រដ្ឋកាលីហ្វ័រនីញ៉ា​ ថ្មីៗនេះ​ ត្រូវបានរកឃើញថា​មានកើតជំងឺ​មហារីកប្រព័ន្ធ​ផលិត​ទឹករងៃ​ ដោយសារតែ​លោក​បានប្រើប្រាស់​ជាប្រចាំ​នូវ​ថ្នាំសម្លាប់ស្មៅ​ឈ្មោះ​ Roundup​ ពីចន្លោះឆ្នាំ​ ១៩៨០​ ដល់ឆ្នាំ​ ២០១២​។

ទាក់ទងរឿងនេះដែរ​ មេធាវី​របស់​លោក​ Hardeman បានឲ្យដឹងថា​ ឥឡូវនេះ​លោក​កំពុងតែ​ប្រមូល​ភស្តុតាង​ដែលបញ្ជាក់ថា​ ក្រុមហ៊ុន​ Monsanto​ មិនបាន​គិតគូរ​ និង​មានទំនួលខុសត្រូវខ្ពស់​ចំពោះ​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​។

គួរជ្រាបថា​ Monsanto​ គឺជា​ក្រុមហ៊ុន​សាជីវកម្ម​ជីវសាស្ត្រគីមី​កសិកម្ម​ដ៏ធំ​របស់​អាមេរិក​ ដែល​ចាប់កំណើតឡើង​តាំងតែពីឆ្នាំ​ ១៩០១ មកម្ល៉ោះ​។ ថ្នាំបាញ់​សម្លាប់ស្មៅ​របស់​ ក្រុមហ៊ុន​នេះ​ មានឈ្មោះថា​ Roundup​ មាន​ដាក់​លក់នៅ​ទូទាំងពិភពលោក​អស់រយៈពេលជាង​ ៤០ ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន Monsanto​ បាន​បញ្ជាក់​អះអាងថា​ផលិតផល​របស់ខ្លួន​មិនមាន​គ្រោះថ្នាក់​ ឬក៏​ប៉ះពាល់អ្វីឡើយ​ប្រសិនបើ​គេប្រើវា​ត្រឹមត្រូវ​។

តែទោះជាយ៉ាងណាក្តី​ ក្រោយ​ការស៊ើបអង្កេត​ នៅថ្ងៃពុធ​ ទី២០ មីនា​ តុលាការ​សហព័ន្ធ​សហរដ្ឋអាមេរិក​បានរកឃើញថា​ថ្នាំបាញ់​សម្លាប់ស្មៅ​ឈ្មោះ​ Roundup​ របស់​ក្រុមហ៊ុន​ Monsonto​ ពិតជា​អាច​បង្កឲ្យ​មានជំងឺមហារីក​មែន​។ ហើយឥឡូវនេះ ​តុលាការ​កំពុងតែ​កាត់ក្តី​អំពី​ទំនួលខុសត្រូវ​របស់​ក្រុមហ៊ុន​ Monsanto ចំពោះ​ជនរងគ្រោះ​។

គួរជ្រាបថា​ រហូតមកដល់ពេលនេះ​ ក្រុមហ៊ុន​ Monsanto​ កំពុងរង​បណ្តឹងជាច្រើន​រហូតដល់​រាប់ពាន់​ពី​អតិថិជន​នៅ​សហរដ្ឋអាមេរិក​។ ពាក់ព័ន្ធរឿងនេះដែរ​ គួររំឭកជូនថា​ កាលពីខែ​សីហា ឆ្នាំ២០១៨​ កន្លងទៅ​ ពលរដ្ឋ​អាមេរិកម្នាក់​ឈ្មោះ ​Johnson​ បាន​ប្តឹង​ក្រុមហ៊ុន ​Monsanto ជាលើកដំបូង​គេបង្អស់​។ នៅគ្រានោះ​ តុលាការ​រដ្ឋកាលីហ្វ័រញ៉ា​ រកឃើញថា​ថ្នាំបាញ់​សម្លាប់ស្មៅ​ Roundup​ ពិតជា​ផ្នែកមួយ​ធ្វើឲ្យលោក​ Johnson មាន​ជំងឺខួរក្បាល​ធ្ងន់ធ្ងរ​ និង​បានបញ្ជាឲ្យក្រុមហ៊ុន​ Monsantos បង់ប្រាក់​សំណងចំនួន​ ៧៨ លាន ៥សែន ដុល្លារដល់ជនរងគ្រោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI