ហ្វីលីពីន ដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធាជាមួយអាមេរិក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ហ្វីលីពីន នៅទីបំផុតទៅបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ការសម្រេចបែបនេះ ធ្វើឡើងដោយលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយទែរតេ ដែលខឹងនឹងអាមេរិកចំពោះការណ៍ដែលអាជ្ញាធរអាមេរិកលុបចោទទិដ្ឋាការរបស់មន្ត្រីជាន់ខ្ពស់ហ្វីលីពីនម្នាក់។
មន្ត្រីជាន់ខ្ពស់ហ្វីលីពីនដែលត្រូវរដ្ឋាភិបាលអាមេរិកសម្រេចលែងផ្តល់ទិដ្ឋាការឲ្យគឺលោករ៉ូណាល់ ដេឡារ៉ូសា (Ronald Dela Rosa) ជាសមាជិកព្រឹទ្ធសភា និងជាអតីតមេប៉ូលិសជាតិហ្វីលីពីនក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀនក្នុងប្រទេស។
ក្រុមមន្រ្តីរដ្ឋាភិបាលហ្វីលីពីន បានចាត់ទុកចំណាត់ការរបស់អាមេរិកថាជាការដាក់ទណ្ឌកម្មចំពោះការដឹកនាំរបស់លោកដេឡារ៉ូសា ក្នុងយុទ្ធនាការកំចាត់គ្រឿងញៀនទ្រង់ទ្រាយដ៏ធំរបស់ហ្វីលីពីនដែលបានសម្លាប់ជីវិតមនុស្សចំនួនរាប់ពាន់នាក់។
ពាក់ព័ន្ធរឿងនេះដែរ នៅក្នុងពេលថ្លែងសុន្ទរកថាមួយកាលពីខែមុន លោកប្រធានាធិបតីឌុយទែរតេ បានសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរអាមេរិក ដែលលុបចោលទិដ្ឋាការរបស់លោកដេឡារ៉ូសា ដោយមិនបានបញ្ជាក់ប្រាប់ពីមូលហេតុបន្តិចទាល់តែសោះ។
ការណ៍នេះ នៅទីបំផុតទៅបានជំរុញឲ្យប្រមុខរដ្ឋាភិបាលហ្វីលីពីន សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងយោធានឹងគ្នាជាមួយអាមេរិកដែលមានអាយុកាល ២២ ឆ្នាំទៅហើយ។
តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ថាតើហ្វីលីពីន និងអាមេរិក ពិតជានឹងត្រូវកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយគ្នា ឬយ៉ាងណា ពីព្រោះថា ក្រោយទទួលបានការជូនដំណឹងពីហ្វីលីពីន អាមេរិកនៅមិនទាន់បានបញ្ចេញប្រតិកម្មអ្វីនោះទេ។
គួររំឭកជូនថា កិច្ចព្រមព្រៀងយោធារវាងអាមេរិក-ហ្វីលីពីន ត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីឆ្នាំ ១៩៩៨។ តាមរយៈកិច្ចព្រមព្រៀងនេះ កងទ័ពអាមេរិកអាចមានវត្តមាននៅលើទឹកដីហ្វីលីពីន និងធ្វើសមយុទ្ធយោធារួមគ្នាជាមួយនិងកងទ័ពហ្វីលីពីនបាន។
ដោយឡែក ក្នុងករណីភាគីណាមួយ ចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀង គេត្រូវការពេលចំនួន ១៨០ ថ្ងៃ ដើម្បីជូនដំណឹងដល់ភាគីម្ខាងទៀត។ ក្នុងកំឡុងពេលនេះ ភាគីទាំងពីរ នឹងធ្វើការចរចាគ្នា ដើម្បីស្វែងរកដំណោះស្រាយ និងសម្រេចលទ្ធផលចុងក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ