អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចៅក្រម​អាមេរិក​ចោទ​បន្ថែម​លើ​Huawei ថា​លួច​កិច្ចការ​សម្ងាត់​ឧស្សាហកម្ម ​និង​រកស៊ី​ជាមួយ​កូរ៉េ​ខាងជើង

សំឡេង ០៥:៥៩
គ្រឿងផ្សំបច្ចេកវិទ្យាអេឡិចត្រូនិករបស់ក្រុមហ៊ុន Huawei និង​ផ្លាក​សញ្ញា 5G​ អមដោយ​ទង់ជាតិអាមេរិក។
គ្រឿងផ្សំបច្ចេកវិទ្យាអេឡិចត្រូនិករបស់ក្រុមហ៊ុន Huawei និង​ផ្លាក​សញ្ញា 5G​ អមដោយ​ទង់ជាតិអាមេរិក។ REUTERS/Dado Ruvic/Illustration
ដោយ៖ ម៉ម ពិសី
៣០ នាទី

ចៅក្រមស៊ើបអង្កេតអាមេរិក បាន​សម្រេចចោទប្រកាន់បន្ថែមទៀត ទៅលើក្រុមហ៊ុនHuawei កាលពីថ្ងៃព្រសហ្បតិ៍ ទី១៣កុម្ភៈ។ ការចោទប្រកាន់បន្ថែមនេះ គឺទាក់ទិននឹងការលួចកិច្ចការសម្ងាត់​ឧស្សាហកម្ម និងការបំពានទណ្ឌកម្មអាមេរិក​ ទាក់ទិននឹងការធ្វើជំនួញ ជាមួយប្រទេសកូរ៉េខាងជើង។ រដ្ឋាភិបាលចិន បានប្រតិកម្មភា្លមថា ការចោទប្រកាន់ថ្មីនេះ គឺជាចេតនា រារាំងការរកស៊ីរបស់ក្រុមហ៊ុនHuawei ហើយបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកវិញ។

ផ្សាយពាណិជ្ជកម្ម

យោងតាមខុទ្ទកាល័យរបស់លោកចៅក្រម Richard Donoghue ដែលជាអ្នកទទួលបន្ទុករឿងនេះ គឺបទចោទប្រកាន់ទៅលើ​ក្រុមហ៊ុនHuawei មានទាំងអស់​១៦ចំណុច។ ក្នុងនោះ១៣ចំណុច គឺជាបទ​ចោទប្រកាន់ចាស់ ហើយដែលក្រុមហ៊ុនHuawei បានធ្វើការឆ្លើយតប ដោយបានបដិសេធចោលទាំងអស់​។ ដូចនេះមានបទចោទប្រកាន់ថ្មីចំនួន​៣ បន្ថែមទៀត។ បទចោទប្រកាន់ទាំង៣នេះ គឺផ្តោតទៅលើ ការលួចកិច្ចការសម្ងាត់ឧស្សាហកម្ម និងការលួចរកស៊ីជាមួយកូរ៉េខាងជើង បំពាននឹងការហាមឃាត់ របស់សហរដ្ឋអាមេរិក។

លួចចម្លងបច្ចេកវិទ្យា

ក្រុមស៊ើបអង្កេត បានសន្និដ្ឋានថា ក្រុមហ៊ុន​Huawei បានធ្វើសកម្មភាពលួចកិច្ចការសម្ងាត់ឧស្សាហកម្មអាមេរិក ចន្លោះពីឆ្នាំ២០០០​ដល់ឆ្នាំ២០២០នេះ។ ក្រុមស៊ើបអង្កេត បានស្រាវជ្រាវឃើញថា ក្រុមហ៊ុន​Huawei បានព្យាយាមអូសទាញបុគ្គលិក ដែលធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត របស់អាមេរិក ឲ្យទៅធ្វើការឲ្យ​ខ្លួន ឬផ្តល់ដំណឹងឲ្យខ្លួន។ តាមរយៈនេះ ក្រុមហ៊ុន​Huawei នឹងអាចទទួល​បាននូវ​ព័ត៌មានសម្ងាត់​​នានា ស្តីពី​​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​​អាមេរិក ហើយ​បន្ទាប់​មកទៀត ​ក្រុមហ៊ុន​​Huawei​នឹង​លួច​ចម្លងតាម​ ហើយ​ផលិត​វា​ក្នុង​តម្លៃ​​ថោកជាង។

គេបានលើកជាឧទាហរណ៍ជាក់ស្តែងថា នៅក្នុងឱកាសពិព័ណ៌ពាណិជ្ជកម្មមួយ នៅឈីកាហ្កោ ឆ្នាំ២០០៤ បុគ្គលិកម្នាក់របស់Huawei​ បាន​រុះរើប្រព័ន្ធម៉ាស៊ីនបច្ចេកវិទ្យាមួយរបស់អាមេរិក និងបានលួច​ថតរូបជាច្រើនសន្លឹក ទាំងកណ្តាលយប់។ ក៏ប៉ុន្តែ Huawei​ បានអះអាងថា បុគ្គលិករូបនោះ ជាបុគ្គលិកតូចតាច របស់ក្រុមហ៊ុនតូច​មួយដែលធ្វើការឲ្យ Huawei​ ប៉ុណ្ណោះ ហើយធ្វើរឿងនេះដោយចិត្តឯង។ តែយ៉ាងណា ក្រុម​ស៊ើបអង្កេតអាមេរិក បញ្ជាក់ថា នៅក្នុងប្រវត្តិរូបសង្ខេបរបស់ជននោះ សរសេរថា គឺជាវិស្វករជំនាញកម្រិតខ្ពស់ ផ្នែកបង្កើតកម្មវិធីបច្ចេកវិទ្យា។ ជាងនេះទៀត គេបានដឹងថា ចាប់ពីឆ្នាំ២០១៣មក Huawei​ បានបង្កើតជារង្វាន់លើកទឹកចិត្ត ឲ្យ​ដល់បុគ្គលិកខ្លួនណា ដែល​អាចទៅរកបាន​ព័ត៌មាន ឬរឿងសំងាត់ឧស្សាហកម្ម ទាក់ទិននឹងបច្ចេកវិទ្យារបស់ក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត។

ទាក់ទិនបញ្ហាកូរ៉េខាងជើងវិញ កាលពីឆ្នាំ២០១២ តំណាងជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុន​Huawei បានឆ្លើយបដិសេធ នៅចំពោះមុខគណកម្មការសភាអាមេរិក ថាHuawei គ្មានទំនាក់ទំនងរកស៊ី នៅកូរ៉េខាងជើងទេ។ ក៏ប៉ុន្តែ ឆ្លងកាត់ការស្រាវជ្រាវ ក្រុមក្រុមស៊ើបអង្កេតរបស់​ចៅក្រុមអាមេរិក Richard Donoghue បានរកឃើញថា ក្រុមហ៊ុន​Huawei បានចូលរួមធ្វើជំនួញ ក្នុង​គម្រោងវិនិយោគទូរគមនាគមន៍ ជាច្រើន នៅក្នុងប្រទេសកូរ៉េខាងជើង។

បត្យាប័នបញ្ជូនលោកស្រី Meng Wanzhou មកពីកាណាដា?

លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុរបស់Huawei និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុននេះ កំពុងស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះ នៅឯប្រទេសកាណាដា។ តើជាមួយនឹងការចោទប្រកាន់ថ្មីបន្ថែមនេះ អាមេរិក អាចនឹងសុំឲ្យ​កាណាដា ធ្វើបត្យាប័ន បញ្ជូនខ្លួនលោកស្រី Meng Wanzhou មកឲ្យអាជ្ញាធរ​អាមេរិក ដែរឬទេ?

Meng Wanzhou ត្រូវគេចោទភ្លាមតែម្តង តាំងតែពីចេញលិខិតចោទប្រកាន់ដំបូង។ អាជ្ញាធរកាណាដា បានចាប់ខ្លួនគាត់នៅខែធ្នូ២០១៨។ អាជ្ញាធរអាមេរិក បានទាមសុំធ្វើបត្យាប័ន រួចមកហើយ តែអាជ្ញាធរកាណាដាមិនព្រម។ មានការលើកឡើងផ្សេងៗគ្នា ពីហេតុផលដែលកាណានៅបន្តឃុំខ្លួន លោកស្រី Meng Wanzhou។ គេថា កាណាដាកំពុងខកខ្លួន ជាប់សំពាធទាំងសងខាង ពីខាងអាមេរិកផង ពីខាងចិនផង។ ចិនបានដាក់សំពាធ លើកាណាដា កុំឲ្យកាណាដាបញ្ជូនខ្លួនលោកស្រី Meng Wanzhou ទៅឲ្យអាមេរិក ឲ្សសោះ។ តែម្ខាងទៀត កាណាដា មានចំណងសហប្រតិបត្តិការផ្នែកតុលាការជាមួយអាមេរិក។

នៅក្នុងលិខិតចោទប្រកាន់ថ្មីនេះ គេមានលើកឈ្មោះលោកស្រី Meng Wanzhou មែន តែមិនមាន​ការចោទប្រកាន់ដោយចំពោះណាមួយ ទៅលើលោកស្រី បន្ថែមពីអ្វីដែលបាន​ចោទ​ពីមុនទេ។ ដូច្នេះ គឺមិនមានការប្រែប្រួលណាមួយ ទាក់ទិននឹងការចោទប្រកាន់​លើ​លោកស្រី Meng Wanzhou ឡើយ។ ចំណែកអ្នកនាំពាក្យ​ខុទ្ទកាល័យចៅក្រមស៊ើបអង្កេតអាមេរិក ក៏បានបដិសេធ មិនឆ្លើយសោះ ថាគេនឹងធ្វើការស្នើសុំបត្យាប័នម្តងទៀត ទៅកាណាដា ឬយ៉ាងណានោះទេ។

រដ្ឋាភិបាលអាមេរិក ពន្យាសុពលភាពអាជ្ញាបណ្ណអាជីវកម្មបណ្តោះអាសន្ន របស់Huawei

ជាមួយនឹងការចោទប្រកាន់ជាច្រើន ទៅលើក្រុមហ៊ុនHuaweiរបស់ចិន រដ្ឋាភិបាលអាមេរិក បានចាត់ក្រុមហ៊ុននេះ ចូលទៅក្នុងបញ្ជីខ្មៅ កាលពីខែឧសភា ឆ្នាំ២០១៩។ ក៏ប៉ុន្តែការពិតជាក់ស្តែង រហូតមកទល់ពេលនេះ អាមេរិក នៅតែត្រូវការផលិតផល​របស់​ក្រុមហ៊ុន Huawei ដដែល។

ហេតុផលនោះ គឺមិនទាន់មាននរណាអាចមកជំនួសក្រុមហ៊ុន Huaweiបានទេ។ សម្រាប់ផលិតផល​បច្ចេកវិទ្យា គ្រឿងផ្សំមួយចំនួន គឺទីផ្សារអាមេរិក នៅតែត្រូវការ​ផលិតផលរបស់ Huawei។ ជាក់ស្តែង នៅតាមទីជនបទ ដែលការតំឡើងប្រព័ន្ធទូរគមនាគមន៍មានការលំបាក។ ហេតុដូច្នេះហើយ បានជា រដ្ឋាភិបាលអាមេរិក បាន​ផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មបណ្តោះអាសន្ន ឲ្យដល់ក្រុមហ៊ុនHuawei។ អាជ្ញាបណ្ណបណ្តោះអាសន្ននេះ បាន​ពន្យា​សុពលភាពថែម៣ខែ កាលពីខែវិច្ឆិកា។ ឥឡូវពេលនេះត្រូវផុត រដ្ឋាភិបាលអាមេរិក បានសម្រេចបន្តថែម ៤៥ថ្ងៃទៀត ពោលគឺរហូតដល់ថ្ងៃទី​១មេសា។

រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានទទួលស្គាល់ ការពន្យាម្តងជា២ដងនេះ គឺដើម្បីទុកពេល ឲ្យ​ក្រុមហ៊ុនក្នុងស្រុកអាមេរិក ស្វែងរកដៃគូរសហការផ្សេងទៀត ក្រៅពីHuawei។ លោកដូណាល់ ត្រាំ ដើរប្រកូក​ប្រកាស ប្រាប់ប្រទេសឯទៀត កុំឲ្យរកស៊ីជាមួយHuawei។ តែជាក់ស្តែង អាមេរិកខ្លួន​ឯង ចៀសHuawei មិនទាន់បានផងទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ