លោកដូណាល់ត្រាំ អះអាងថាកុំភ័យនឹងមេរោគកូរ៉ូណា និងតែងតាំងលោកMike Pence ជាអ្នកសម្របសម្រួល
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រឈមនឹងការឆ្លងរាលដាល នៃមេរោគកូរ៉ូណា ដែលបង្កឲ្យប្រជាជនមានសតិអារម្មណ៍ភ័យខ្លាច លោក ដូណាល់ ត្រាំ បានចេញមុខអះអាង កាលពីថ្ងៃពុធទី២៦កុម្ភៈថា ការឆ្លងរាលដាល ទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក គឺមានតិចបំផុត។ ជាងនេះទៀត សហរដ្ឋអាមេរិក មានហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពវិជ្ជសាស្ត្រដ៏ល្អ ក្នុងការទប់ទល់ជាមួយមេរោគនេះ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានតែងតាំងលោក Mike Pence ធ្វើជាអ្នកសម្របសម្រួល តាមដានកិច្ចការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា។
លោកដូណាល់ ត្រាំអះអាងថា លោក Mike Pence គឺជាអ្នកជំនាញម្នាក់មានបទពិសោធន៍ ជាមួយការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង ព្រោះលោកMike Pence ធ្លាប់បានចាត់ចែងការប្រយុទ្ធប្រឆាំងនឹងមេរោគ MERS កាលពីឆ្នាំ២០១៤ ក្នុងអំឡុងពេលដែលគាត់ធ្វើជាអភិបាលរដ្ឋIndiana។ លោកដូណាល់ ត្រាំ ប្រកាសថា លទ្ធភាពនៃការឆ្លងរាលដាលមេរោគកូរ៉ូណា ក្នុងទ្រង់ទ្រាយធំ នៅសហរដ្ឋអាមេរិក គឺមានតិចបំផុត ដូច្នេះ គ្មានអ្វីត្រូវភ័យបារម្ភទេ។
បន្ទាប់ពីបានលើកឡើង អំពីផទ្ធផលជាវិជ្ជមាន ដោយការកាត់បន្ថយ នូវការមកដល់របស់អ្នកដំណើរ មកពីប្រទេសចិន លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ក្នុងករណីចាំបាច់ ក្នុងពេលខាងមុខ លោកអាចនឹងដាក់ចុះ នូវវិធានការបិទខ្ទប់បន្ថែមទៀត ទៅលើការធ្វើដំណើរ ទៅឬមក ពីតំបន់ប្រឈមខ្លាំងផ្សេងទៀត។ លោក ដូណាល់ ត្រាំក៏បានអះអាងដែរ ថាលោកត្រៀមរួចហើយ ថានឹងបញ្ចេញកញ្ចប់ថវិកាពិសេស ដើម្បីចាត់ចែងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូរ៉ូណា។
សូមកត់សំគាល់ថា ទីផ្សារហិរញ្ញវត្ថុអាមេរិក បានខាតបង់ជាខ្លាំង ដោយសារសតិអាមរ្ភភ័យខ្លាច ដោយមេរោគកូរ៉ូណា។ លោកដូណាល់ ត្រាំ ចេញមុខមកធានា អះអាងកុំឲ្យប្រជាពលរដ្ឋភ័យបារម្ភនេះ គឺបន្ទាប់ពី មានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ ក្រុមអ្នកនយោបាយបក្សប្រជាធិបតេយ្យ ដែលលើកឡើងថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ ហាក់ដូចជាមើលស្រាល បញ្ហានេះ។ ខណៈដែល សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ យល់ឃើញថាប្រាក់៨៥០០លានដុល្លារ ទើបគ្រប់គ្រាន់ ដើម្បីចាត់ចែងការប្រយុទ្ធនឹងការឆ្លងរាលដាលមេរោគកូរ៉ូណា លោកដូណាល់ ត្រាំ បានស្នើសុំទៅសភាខុសហ្ក្រេស តែចំនួន ២៥០០លានដុល្លារប៉ុណ្ណោះ។
លោកស្រី Nancy Pelosi បានរិះគន់វិធានការរបស់លោកដូណាល់ ត្រាំ ថាជាវិធានការដ៏ស្គមស្គាំង ខ្វះវីតាមីន។ ដោយឡែក លោកដូណាល់ ត្រាំ បានឆ្លើយតបទៅវិញថា លោកស្រី Nancy Pelosi មានបំណងបំភ័យប្រជាជនអាមេរិក តាមរយៈការសុំឲ្យសភាខុសហ្រ្កេស ផ្តល់ប្រាក់ដ៏សន្ធឹកសន្ធាប់ ចាត់ចែងកិច្ចការនេះ។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ មានអ្នកផ្ទុកមេរោគកូរ៉ូណា នៅសហរដ្ឋអាមេរិក ចំនួន៦១នាក់ ដែលក្នុងនោះ ១៥ករណីឆ្លងក្នុងស្រុក ៤៥ករណីជាអ្នកផ្ទុកមេរោគដែលត្រលប់មកពីចិន និង១ករណីជាអ្នកដំណើរមកពីនាវា ដែលជាប់គាំងនៅជប៉ុន។ លោក Alex Azar រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក បានទទួលស្គាល់ថា ចំនួននៃការឆ្លងរាលដាល អាចនឹងរីកធំ ក្នុងពេលដ៏ឆាប់នេះ នៅសហរដ្ឋអាមេរិក។ នៅកូរ៉េខាងត្បូងឯនោះ មានទាហានអាមេរិកម្នាក់ កំពុងស្ថិតក្នុងការតាមដានខ្ពស់ ក្រោយធ្វើតេស្តដឹងថាមានផ្ទុកមេរោគកូរ៉ូណា។ គម្រោងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពកូរ៉េខាងត្បូង ត្រូវផ្អាកទុកសិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ