បច្ចេកវិទ្យា-អវកាស-សហរដ្ឋអាមេរិក

Boeing បរាជ័យ ​ក្នុង​ការ​បង្ហោះ​យាន​ចម្លងមនុស្ស​​ទៅ​ស្ថានីយ​អវកាស​អន្តរជាតិ

យាន Boeing CST-100 Starliner ពេលចុះមកដល់​ផែនដីវិញ ព្រឹកថ្ងៃចន្ទ ទី២៣ ធ្នូ ២០១៩ នៅ White ​Sands រដ្ឋ​ New Mexico
យាន Boeing CST-100 Starliner ពេលចុះមកដល់​ផែនដីវិញ ព្រឹកថ្ងៃចន្ទ ទី២៣ ធ្នូ ២០១៩ នៅ White ​Sands រដ្ឋ​ New Mexico NASA/Bill Ingalls via REUTERS

ក្រុមហ៊ុន​Boeing បានព្យាយាមស្ថាបនាយានអវកាសមួយ មានឈ្មោះថា យាន Starliner ដើម្បីចម្លងអ្នកអវកាស ទៅកាន់​ស្ថានីយអវកាសអន្តរជាតិ ដែលស្ថិតនៅលើខ្សែអកប៊ីដផែនដី។ ក៏ប៉ុន្តែ ការបង្ហោះសាកល្បងរបស់យាននេះ កាលពីចុងសប្តាហ៍មុន បានជួបបរាជ័យ ដោយសារយាននេះ មិនអាចហោះទៅភ្ជាប់នឹង​ស្ថានីយអវកាសអន្តរជាតិបានទេ។ ក្រុមបេសកម្ម បានបង្ខំចិត្តបញ្ជូន​យាននេះ ឲ្យត្រលប់មកផែនដីវិញ ដែលការចុះចត បានប្រព្រឹត្តិទៅដោយជោគជ័យ។ បច្ចុប្បន្ននេះ មាន​តែជិះយាន Soyouz របស់រុស្ស៊ីមួយប៉ុណ្ណោះ ដែលអាច​ដឹងអ្នកអវកាស ឡើងទៅ​ស្ថានីយអវកាសអន្តរជាតិបាន​។

ផ្សាយពាណិជ្ជកម្ម

“ជាបរាជ័យមែនពិត តែជាបរាជ័យមួយផ្នែកប៉ុណ្ណោះ”។ នេះជាការអះអាងទៅកាន់អ្នកកាសែត ប្រកប​ដោយសុទិដ្ឋិនិយម​ របស់លោក​អគ្គនាយក ទីភ្នាក់ងារអវកាសអាមេរិក ។ លោកបានលើកឡើងថា ការបង្ហោះសាកល្បង យានStarliner បានជួបនូវបញ្ហាខ្លះក៏ពិតមែន ក៏ប៉ុន្តែជារួម គឺមានចំណុចវិជ្ជមានជាច្រើន ដូចជាដំណាក់កាលហោះចូលទៅក្នុងសុញ្ញកាស និងដំណាក់កាសចុះត្រលប់មកផែនដីវិញ ជាដើម​។ ដូចគ្នាដែរ លោកអនុប្រធានផ្នែកអវកាស របស់ក្រុមហ៊ុនBoeing បានអះអាង ការបង្ហោះសាកល្បងយាន Starliner លើកនេះ បានជោគជ័យប្រមាណ ជា៨៥​%ទៅ៩០%។

សូមបញ្ជាក់ថា យានStarliner ត្រូវបានបង្ហោះចេញពីស្ថានីយ៍ Cap Canaveral  នៅ​ហ្វ្ល័រីដា កាលពីថ្ងៃសុក្រ ទី​២០ធ្នូ។ ក្រោយផ្តាច់ខ្លួនចេញពីយានបង្ហោះ Starlinerមិនអាចបញ្ឆេះ​ម៉ាស៊ីនរុញកម្លាំង  ទៅតាមការគ្រោងទុកឡើយ។ ប្រការនេះ បាន​ធ្វើឲ្យយាន Starliner ត្រូវស្ថិតនៅមិនចំខ្សែបន្ទាត់ ដើម្បីអាចហោះទៅជួបនឹង​ស្ថានីយអវកាសអន្តរជាតិ ដែលស្ថិតនៅចំងាយប្រមាណ​៤០០គីឡូម៉ែត្រ ពីផែនដី។ អ្នកជំនាញ Boeing និង Nasa បានបង្ខំចិត្ត បញ្ជូន​យាន Starliner ត្រលប់មកផែនដីវិញ បន្ទាប់ពីបានហោះជុំវិញផែនដីប្រមាណ​៤៨ម៉ោង។ ទីបំផុតយាន Starliner បានចុះដោយសុវត្ថិភាព នៅលើតំបន់វាលខ្សាច់ មួយកន្លែង របស់កងទ័ពអាមេរិក នៅក្នុងរដ្ឋ​New Mexico នៅថ្ងៃចន្ទ​ទី​២៣​ធ្នូ ម៉ោងប្រមាណ​៥ និង៥៨នាទីព្រឹក។

គួរកត់សំគាល់ថា បើទោះជាបរាជ័យ មិនអាចហោះទៅជួបនឹងស្ថានីយអវកាសអន្តរជាតិមែនពិត តែអ្នកជំនាញBoeing អះអាងថា យាន Starliner អាចត្រលប់មកផែនដីវិញ ដោយសុវត្ថិភាព។ បើសិនជាមានផ្ទុកអ្នកអវកាស ក៏ពួកគេមិនស្ថិតក្នុងគ្រោះថ្នាក់ដែរ។ ទោះជាយ៉ាងនេះក្តី សម្រាប់ពេលនេះ Boeing និង​Nasa មិនបានប្រាប់ឲ្យដឹងទេ ថានឹងមានការហោះសាកល្បងជាថ្មីនៅពេលណាទេ។ ការគ្រោងទុកដែលចង់បង្ហោះបញ្ជូនអ្នកអវកាសអាមេរិក៣នាក់ដំបូង តាមរយៈយាន Starliner នេះ នៅដើមឆ្នាំ២០២០ ប្រហែលជាត្រូវ​ពន្យាពេលហើយ។

សូមបញ្ជាក់​ផងដែរ ថាសម្រាប់ពេលបច្ចុប្បន្ននេះ មានតែយានSoyouz របស់រុស្ស៊ីមួយប៉ុណ្ណោះ ដែលអាចចម្លងអ្នកអវកាស ទៅកាន់ស្ថានីយអវកាសអន្តរជាតិបាន។ នៅខែ មេសា ឆ្នាំ២០២០ Nasa និងបញ្ជូនអ្នកអវកាសខ្លួន តាមរយៈយានSoyouz រុស្ស៊ី។ ហើយបើតាមដំណឹង Nasa ក៏កំពុងព្យាយាមទិញសំបុត្របន្ថែមទៀត ពីរុស្ស៊ីដែរ ព្រោះអាមេរិក មិនអាចគ្មានអ្នកអវកាស នៅលើស្ថានីយអវកាសអន្តរជាតិបានទេ។ តែយ៉ាងណា Nasa កំពុងតែប្រញ៉េបប្រញ៉ាប់ រកមធ្យោបាយផ្សេង ព្រោះមិនចង់រំពឹងតែទៅលើយានរបស់រុស្ស៊ី។ ដោយឡែក ក្រៅពីBoeing គឺមាន​ក្រុមហ៊ុន Space X មួយទៀត ដែលកំពុងព្យាយាមផលិតយានចម្លងអនុស្សទៅកាន់អវកាស។ តាមការគ្រោងទុក យានCrew Dragon របស់Space X អាចនឹងដំណើរការ ដឹកមនុស្សនៅដើមឆ្នាំ២០២០នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI