អានតួអត្ថបទ
អ.ស.ប.-ស៊ីរី

រុស្ស៊ីប្រើវ៉េតូខ្ទប់សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខដែលទាមទារឲ្យមានបទឈប់បាញ់នៅស៊ីរី

លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ
លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ AFP
១៧ នាទី

នៅ​ក្នុង​វេទិការ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នា​ថ្ងៃ​ពុធ ទី១៩ កុម្ភៈ ប្រទេស​រុស្ស៊ី​បាន​ប្រើ​វ៉េតូ​ខ្ទប់​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ទាមទារ​ឲ្យ​មាន​បទ​ឈប់បាញ់ និង​ការ​គោរព​ច្បាប់មនុស្សធម៌​អន្តរជាតិ​នៅ​តំបន់​អ៊ីដលីប​ក្នុង​ប្រទេស​ស៊ីរី។ មន្រ្តីការទូត​ដែល​បាន​ចូលរួម​ប្រជុំ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ជជែក​គ្នា​យ៉ាង​តឹងសរសៃ ក រួម​ទាំង​ការ​ប្រើ​ពាក្យ​ប្រមាថ​ទៀត​ផង។ គួរ​បញ្ជាក់​ថា គឺ​ប្រទេស​បារាំង​ដែល​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ទាមទារ​ឲ្យ​មាន​បទឈប់បាញ់ និង​ការ​គោរព​ច្បាប់មនុស្សធម៌​អន្តរជាតិ​នៅ​តំបន់​អ៊ីដលីប​ក្នុង​ប្រទេស​ស៊ីរី។ តំបន់​ដែល​កំពុង​រង​ការវាយប្រហារ​ពី​ទ័ពរដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​រុស្ស៊ី​លើ​ក្រុម​ប្រឆាំង។ តែ​ប្រទេស​តួកគី​ដែល​គាំទ្រ​ពួក​ប្រឆាំង​ក៏​បាន​ព្រមាន​វាយប្រហារ​លើ​ទ័ពរដ្ឋាភិបាល​ស៊ីរី​វិញ​ដែរ។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​ហានិភ័យ​មនុស្សធម៌​ដែល​មិន​អាច​គ្រប់គ្រង​បាន​នេះ​ហើយ​ដែល​បារាំង​ស្នើ​ឲ្យ​មាន​ចំណាត់ការ​ជា​បន្ទាន់​ពី​ក្រុមប្រឹក្សាសន្តិសុខ​ពេល​នេះ។ តែ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​មិនមែន​ជា​លើកទី១ រុស្ស៊ី​ដែល​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​របស់​ប្រធានាធិបតី​អាសាដ​បាន​ប្រើ​វ៉េតូ​ខ្ទប់​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ។ ចំណែក​ប្រទេស​ចិន​ក៏​បាន​គាំទ្រ​ជំហរ​របស់​រុស្ស៊ី​ដែរ។ តែ​សម្រាប់​សមាជិក​ផ្សេង​ទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ ពួក​គេ​បាន​សម្តែង​ការ​សោកស្តាយ និង​ខឹង​សម្បារ។ យោង​តាម​ក្រុម​មន្រ្តីការទូត កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ធ្វើ​ជា​ពីរ​ដំណាក់ការ គឺ​បិទទ្វារ និង​ជា​ចំហ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​បាន​បង្កប់​ដោយ​ការ​ឆ្លើយឆ្លង​គ្នា​យ៉ាង​តឹងតែង​ជាមួយ​នឹង​ការ​ប្រើ​សម្តី​ប្រមាថ​ដាក់​គ្នា​ផង។

នៅ​ក្នុង​កិច្ចប្រជុំ​ជា​សាធារណៈ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក Vassily Nebenzia បាន​ស្នើ​បស្ចិមលោក​ឲ្យ​បញ្ឈប់​ការ​ការពារ​ក្រុម​ភេវរជន និង​ការ​ប្រើ​ទង្វើ​យំសោក​របស់​ពលរដ្ឋ​ក្នុង​ពេល​ដែល​ក្រុម​ភេវរជន​បាន​គំរាមកំហែង​ស៊ីរី។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រេសិត​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​ស៊ីរី​លោក Geir Pedersen បាន​ព្រមាន​ក្រុមប្រឹក្សាសន្តិសុខ​ពី​ការ​ប្រឈម​មុខ​ផ្លូវយោធា​នា​ពេល​ឆាប់ៗ​នៅ​តំបន់​អ៊ីដលីប ប្រទេស​ស៊ីរី។ ការ​ព្រមាន​របស់​លោក Pedersen បាន​ធ្វើ​ឡើង ក្រោយ​ពី​ការ​ថ្លែង​នា​ពេល​ថ្មីៗ​របស់​ប្រទេស​តួកគី និង​រុស្ស៊ី។ ជា​ថ្មី​នា​ថ្ងៃ​ពុធ ទី១៩ កុម្ភៈ ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​ព្រមាន​រុស្ស៊ី​ពី​ការ​ដែល​ទ័ពតួកគី​ត្រៀម​វាយប្រហារ​លើ​ទ័ពរដ្ឋាភិបាល​ស៊ីរី​នៅ​តំបន់​អ៊ីដលីប។

គួរ​រម្លឹក​ថា តំបន់​អ៊ីដលីប​ដែល​ជា​ជម្រក​ចុង​ក្រោយ​របស់​ក្រុមប្រឆាំង​កំពុង​រង​ការ​វាយប្រហារ​ពី​ទ័ពរដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​ទ័ពអាកាស​រុស្ស៊ី។ ព្រឹត្តិការណ៍​មួយ​នេះ​កំពុង​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​ជិត​ ១លាននាក់ ក្នុង​នោះ​មាន​កូនក្មេង​ជាង ៥០០ ០០០នាក់​រត់​ចេញ​ពី​ផ្ទះសម្បែង​តាំង​ពី​ថ្ងៃទី១ ធ្នូ ឆ្នាំ ២០១៩។ អ្វី​ដែល​អង្គការសហប្រជាជាតិ​កំពុង​បារម្ភ​ខ្លាំង គឺ​សោកនាដកម្ម​មនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ