អានតួអត្ថបទ
កូវីដ១៩-​អ៊ីនធ័រនែត

វិបត្តិ​កូវីដ១៩ ៖ ការងារ​អនឡាញ​ ជាឱកាសរបស់ពួកចោរវាយប្រហារអ៊ីនធ័រនែត ?

ធ្វើការពី​ផ្ទះ​ ជា​ឱកាស​ល្អរបស់​ពួក​ចោរ​អ៊ីនធ័រនែត
ធ្វើការពី​ផ្ទះ​ ជា​ឱកាស​ល្អរបស់​ពួក​ចោរ​អ៊ីនធ័រនែត AFP/File
ដោយ៖ អៀង សុខម៉ិញ
១៥ នាទី

វិធានការ​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ និង​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ​ក្រុមហ៊ុន​សហគ្រាស និ​ងស្ថាប័ន​នានា បាន​ជំរុញបុគ្គលិក​ឱ្យ​ធ្វើ​ការ​ពីផ្ទះ តាម​អនឡាញ។​ ប៉ុន្តែ​​របៀប​ធ្វើ​ការងារ​បែប​នេះ ជា​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ពួក​ចោរ​អ៊ីនធ័រនែត​ ក្នុង​ការបន្លំ​​ហែក​ចូលធ្វើ​ការ​​វាយប្រហារ​។ នេះ​បើ​តាមការ​អះអាង​របស់​ក្រុម​អ្នក​ជំនាញ​សន្តិសុខ​អ៊ីនធ័រនែត ដែល​អំពាវនាវ​ឱ្យ​គ្រប់​ក្រុមហ៊ុន​និង​ស្ថាប័ន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន។

ផ្សាយពាណិជ្ជកម្ម

បុគ្គលិក​ភាគ​ច្រើន​មិន​ធ្លាប់​ធ្វើ​​ការ​ពីផ្ទះ​​តាម​អនឡាញ​សោះ តែ​ក្នុង​បរិបទ​កូវីដ​១៩ ​​ធ្វើការ​ដោយ​មិន​បាច់​មក​ការិយាល័យ បានក្លាយ​ជា​ទម្លាប់​ដែល​មាន​អនុវត្ត​យ៉ាងទូលំទូលាយ ដើម្បី​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​ស្ថាប័ន​​អាច​បន្ត​ដំណើរការ​បាន។ ការ​ប្តូរ​ផ្លាស់ទម្លាប់​យ៉ាង​លឿន​រហ័ស​ ខ្លះ​ស្ទើរ​​គ្មាន​បានព្រាង​​ទុក​សោះ អាច​នឹង​នាំ​ឱ្យ​មាន​កំហុស​ច្រើន ដែល​ជា​ការ​បន្ថែម​សម្ពាធ​មួយ​ជាន់​ទៀត​លើ​ក្រុម​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន​វិទ្យា តែ​ជា​ការ​ផ្តល់​ឱកាស​ច្រើន​ឱ្យ​ក្រុម​ចោរ​អ៊ីនធ័រនែត​ក្នុង​ការ​ចូល​លួច​លេខ​សម្ងាត់​។

បើ​តាម​ទី​​ប្រឹក្សា​អ៊ីនធ័រនែត របស់ក្រុម​ជំនាញ​ផ្នែក​សន្តិសុខ​អ៊ីនធ័រនែតអាមេរិក ​Cisco ពួក​ចោរអាច​គ្រប់​គ្រង​កុំ​ព្យូទ័រ​របស់​អ្នក​ប្រើប្រាស់​ទាំង​ឡាយ​បា​​ន​ពី​ចម្ងាយ​។ បើ​តាម​អ្នក​ស្រាវជ្រាវ​ ចោរអ៊ីនធ័រនែត​ បាន​ចូល​ទៅ​លួច​យក​អត្តសញ្ញាណ​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និងការពារ​សុខភាព​ ដែល​ជា​ភ្នាក់ងារ​សុខភាព​សាធារណៈមួយ​របស់​អាមេរិក​​។ ចោ​រ​ខ្លះ​ទៀត បាន​ឆ្លៀត​បញ្ចូលមេរោគ​តាម​កម្មវីធី​មិន​ល្អ​ខ្លះទៅ​ទូរស័ព្ទ​ដៃ​ប្រភេទ​អង់ដ្រូអ៊ីដ​របស់​Google។

កាលពី​សប្តាហ៍មុន អ្នក​ស្រាវជ្រាវ​អ៊ីស្រាអែល បាន​រក​ឃើញ​ថា​ពួក​ចោ​រ​ប៉ុនប៉ង​ហែក​ចូល​ក្នុង​បណ្តាញ​អ៊ីនធ័រនែត​របស់​រដ្ឋាភិបាល​ម៉ុងហ្គោលី តាម​រយៈ​កម្មវិធី​បញ្ឆោត​ធ្វើ​បច្ចុប្បន្នភាពព័ត៌មាន​ស្តីពី​កូរ៉ូណាវីរុស​ថ្មី។

ហេតុ​ដូច្នេះ ហើយ​បាន​ជា​អាជ្ញាធរ​អាមេរិក​ អង់គ្លេស ព្រមទាំង​អាជ្ញាធរ​ប្រទេស​ជា​ច្រើន​ផ្សេង​ៗ​ទៀត បានផ្តើម​កើន​រំលឹក​​អំពី​ហានិភ័យ​នៃ​ការ​របៀ​ប​ធ្វើ​ការ​ថ្មីពី​ផ្ទះ​ (ធ្វើ​តាម​អន​ឡាញ មិននៅ​​កន្លែងធ្វើ​ការ)។ ​អាជ្ញាធរអាមេរិក​ថែម​ទាំង​បាន​ណែនាំ​ឱ្យគ្រប់​ក្រុមហ៊ុន​​ធ្វើ​បច្ចុប្បន្ន​ភាព​បណ្តាញ​VPN របស់​ខ្លួន​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​ខ្លាំង​នឹង​សារ​អ៊ីមែល​ដែលផ្ញើចូល​​​មក​បន្លំបុគ្គលិក។ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍ សំណើ​សុំ​ជំនួយ​ពី​ក្រុម​ជំនាញ​ដើម្បីរក្សា​សុវត្ថិភាព​អ៊ីនធ័រនែត បាន​កើន​ឡើង​មួយ​ជា​១០ និង​កំពុង​បន្ត​កើន​ឡើង​ខ្លាំង​ទៀត​។ នេះ​បើ​តាម​ភ្នាក់ងារ​Cisco​ដដែល។

នៅ​អង់គ្លេស​វិញ​ មជ្ឈមណ្ឌល​សន្តិសុខ​អ៊ីនធ័រនែត​ជាតិ​ បាន​ចេញ​ផ្សាយ​ឯកសារ​៦​ទំព័រ​ណែនាំ​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ត្រូវ​ធ្វើ​ការ​ពី​ផ្ទះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ