ប្រេស៊ីល កូរ៉ូណាវីរុស

រដ្ឋមន្ត្រីសុខាភិបាល​ប្រេស៊ីល​ ថា​ប្រព័ន្ធ​សុខាភិបាល​ខ្វះខាត​សព្វមុខ មិនអាច​ទប់ទល់​ជាមួយ​កូវីដ​១៩

លោក Luiz Henrique Mandettat រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល ដែល​ប្រជាជន​ប្រេស៊ីល ​ស្រលាញ់​កាន់តែខ្លាំង ដោយសារតែ​លោក​​មាន​​ភាព​ក្លាហាន ​មានតម្លាភាព​។​
លោក Luiz Henrique Mandettat រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល ដែល​ប្រជាជន​ប្រេស៊ីល ​ស្រលាញ់​កាន់តែខ្លាំង ដោយសារតែ​លោក​​មាន​​ភាព​ក្លាហាន ​មានតម្លាភាព​។​ AFP/File

គិតមកត្រឹមថ្ងៃអាទិត្យទី៥មេសា ប្រេស៊ីលមាន​អ្នក​​ផ្ទុកកូវីដ១៩ ប្រមាណ​១០៣០០នាក់  ដែលក្នុងនោះ​ មានស្លាប់ជាង​៤៣០នាក់។ ប្រេស៊ីលជាប្រទេសដ៏ធំ មានប្រជាជនប្រមាណ២១០លាននាក់ អាចក្លាយជាអ្នករងគ្រោះធ្ងន់មួយទៀត ដោយ​សារ​មេរោគកូវីដ១៩។ ក្រសួង​សុខាភិបាល​ប្រេស៊ីល បានចេញ​ផ្សាយ​របាយការណ៍​មួយ​នៅថ្ងៃសៅរ៍ ​ដោយបាន​បង្ហាញថា ប្រព័ន្ធ​សុខាភិបាល​ប្រេស៊ីល ស្ថិតក្នុង​ភាព​ខ្វះខាត​ទាំងស្រុង ទាំង​សម្ភារៈ ​គ្រែពេទ្យ ​បន្ទប់ពេទ្យ និង​បុគ្គលិក​ពេទ្យជំនាញ មិនអាច​ប្រយុទ្ធ​ទប់ទល់​ជាមួយ​​មេរោគ​កូវីដ១៩បានទេ។

ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធសុខាភិបាលប្រេស៊ីល ខ្វះខាតសព្វមុខ ទាំងអស់ មិនអាចទប់ទល់ជាមួយការឆ្លងរាលដាល នូវមេរោគកូវីដ១៩បានទេ។ នេះគឺជាសេចក្តីសង្ខេប នៃរបាយការណ៍របស់ក្រសួងសុខាភិបាល​ប្រេស៊ីល។

របាយការណ៍លំអិតថា មន្ទីរពេទ្យនៅទូទាំងប្រទេសប្រេស៊ីល ពុំមានការរៀបចំឲ្យបានត្រឹមត្រូវ ពុំមានបន្ទប់ពេទ្យគ្រប់គ្រាន់ និងគ្មានគ្រែសង្រ្គោះពិសេស បំពាក់ដោយម៉ាស៊ីនជំនួយការដកដង្ហើមទេ គ្រប់គ្រាន់ទេ។ ឧបករណ៍ និង​ម៉ាស៊ីនទាំងនេះ គេត្រូវការវា​ជាចាំបាច់ ដើម្បីជួយសង្រ្គោះអ្នកជំងឺកូវីដ១៩ ដែលធ្ងន់ធ្ងរ។ បន្ថែមពីនេះ របាយការណ៍លើកឡើងថា ប្រេស៊ីល មានគ្រូពេទ្យជំនាញ ដែលមានសមត្ថភាពតិចបំផុត មិនគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹងចំនួនអ្នកជំងឺ ដែលអាចកើនឡើងយ៉ាងគំហុក ក្នុងពេលដ៏ខ្លីនោះឡើយ។ មួយវិញទៀត ក្រុមបុគ្គលិកមន្ទីរពេទ្យ ខ្វះខាតជាខ្លាំង នូវសម្ភារៈប្រើប្រាស់ ដើម្បីការពារខ្លួនពីការឆ្លងមេរោគ ដូចជាសម្លៀកបំពាក់​ការពារ ម៉ាស់ ឬ ទឹកអាល់កុលលាងដៃជាដើម។

ចំណែកឧបករណ៍ធ្វើតេស្តស្វែងរកមេរោគកូវីដ១៩វិញ គឺបច្ចុប្បន្នប្រេស៊ីល អាចមានលទ្ធភាពធ្វើបានត្រឹមតែប្រមាណ ៦៧០០តេស្ត ក្នុងមួយថ្ងៃ។ ក្រសួងសុខាភិបាលប្រេស៊ីល អះអាងថា ទៅថ្ងៃខាងមុខ នៅពេលដែលចំនួនអ្នកឆ្លងកូវីដ១៩កើនឡើងខ្លាំង គឺគេត្រូវការធ្វើតេស្ត ឲ្យបាន​ចន្លោះពី ៣ម៉ឺន ទៅ​៥ម៉ឺនតេស្ត ជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា របាយការណ៍នេះ គឺជាការទទួលស្គាល់ជាសាធារណៈរបស់ក្រសួងសុខាភិបាល​ប្រេស៊ីល ស្តីការខ្វះខាតខ្លាំង របស់ប្រព័ន្ធសុខាភិបាល​។ ប្រឈមនឹងបញ្ហានេះ លោក Mandetta រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ប្រេស៊ីល បាន​អំពាវនាវថា ត្រូវតែបន្ត និងគោរពឲ្យបាន​ជាដាច់ខាត នូវវិធានការ​បិទខ្ទប់ នៅដាច់ដោយឡែក សំងំក្នុងផ្ទះ។

គួរកត់សំគាល់ផងដែរថា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល គឺជារដ្ឋមន្ត្រីតែម្នាក់គត់ ដែលហា៊ានចេញមុខនិយាយផ្ទុយ ពីសម្តី​របស់​លោកប្រធានាធិបតីប្រេស៊ីល ទាក់ទិននឹងការគ្រប់គ្រងបញ្ហាកូវីដ១៩នេះ។ ថ្មីៗនេះ លោកប្រធានាធិបតីបុលសូណារ៉ូ ​​​បានលើកឡើងថា មេរោគកូវីដ១៩ គ្រាន់តែជាមេរោគ​​ផ្តាសាយកំប៉ិកកំប៉ុកតែប៉ុណ្ណោះ គ្មានអ្វីគួរ​ឲ្យ​បារម្ភ​ទេ ហើយក៏មិនចាំបាច់ដាក់ចុះនូវវិធានការ បំរាម អ្វីដែរ។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោកបុលសូណារ៉ូ បាននិយាយថា លោករដ្ឋមន្ត្រីសុខាភិបាល ជាមនុស្សមិនស្គាល់ធំស្គាល់តូច មិនគោរពមេកើយ ហើយអាចត្រូវដកចេញ​ពី​តំណែងបានគ្រប់ពេល។

ដោយឡែក អ្នកវិភាគនយោបាយនៅប្រេស៊ីល បាន​សំឡឹងឃើញថា លោក ​Mandetta រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល កំពុងតែ​ត្រូវបានប្រជាជនប្រេស៊ីល កោតសរសើរកាន់តែច្រើន ចំពោះភាពក្លាហាន ទទួលស្គាល់ការពារ និងមានតម្លាភាពរបស់គាត់ ខុសពីលោកប្រធានាធិបតីបុលសូណារ៉ូ ដែលជាមនុស្សកំសាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI