កាណាដា ការបាញ់រះ

បាញ់រះ​នៅ​កាណាដា ស្លាប់​មនុស្ស​​១៦នាក់

សមត្ថកិច្ចនគរបាលកាណាដា ក្នុងពេលកំពុងតាមស្វែងរក​ជនដៃដល់ ដែលបាញ់រះសម្លាប់មនុស្ស១៩នាក់ នៅយប់ថ្ងៃ១៨មេសា នៅឃុំ Portapique ខេត្ត Nouvelle-Ecosse ភាគខាងកើតបង្អស់កាណាដា។
សមត្ថកិច្ចនគរបាលកាណាដា ក្នុងពេលកំពុងតាមស្វែងរក​ជនដៃដល់ ដែលបាញ់រះសម្លាប់មនុស្ស១៩នាក់ នៅយប់ថ្ងៃ១៨មេសា នៅឃុំ Portapique ខេត្ត Nouvelle-Ecosse ភាគខាងកើតបង្អស់កាណាដា។ REUTERS - JOHN MORRIS

នៅប្រទេសកាណាដាឯណោះវិញ ខណៈដែលមានវិធានការឲ្យសំងំក្នុងផ្ទះ ដើម្បីបង្ការការឆ្លងមេរោគកូវីដ១៩ មានបុរសវ័យ៥០ឆ្នាំ​ម្នាក់ បានយកកាំភ្លើងបាញ់រះ​នៅច្រើនទីតាំង បណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច១៦នាក់។ ហេតុការណ៍បាញ់រះដ៏កម្រ សម្រាប់កាណាដានេះ បានកើតឡើង នៅវេលាយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យម្សិលមិញ នៅភាគខាងកើតបង្អស់របស់កាណាដា។ ជន​ដៃដល់ ត្រូវបាននគរបាលបាញ់សម្លាប់ នៅព្រឹកថ្ងៃអាទិត្យទី​១៩មេសានេះ។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍បាញ់រះ បានកើតឡើង នៅក្នុងយប់ថ្ងៃសៅរ៍ទី១៨មេសា នៅត្រង់ចំណុចឃុំ Portapique ចំងាយប្រមាណ​ ១៣០គីឡូម៉ែត្រ ពីក្រុង Halifax ទីរួមខេត្ត Nouvelle-Ecosse ភាគខាងកើតបង្អស់នៃប្រទេសកាណាដា។ បន្ទាប់ពីបាន​ផ្តើម​ការ​បាញ់រះ ទៅលើមនុស្ស នៅក្នុងផ្ទះមួយកន្លែង ជនដៃដល់ បានបើករថយន្ត ទីធ្វើការបាញ់រះនៅទីតាំងផ្សេងទៀត។

សមត្ថកិច្ចនគរបាលកាណាដា បានចេញប្រតិបត្តិការតាមចាប់ជនដៃដល់​​ អស់ពេញមួយយប់ លុះរហូតថ្ងៃអាទិត្យ ជិតថ្ងៃត្រង់ ទើបសមត្ថកិច្ចបានស្ទាក់ចាប់ជនដៃដល់ នឹងបានបាញ់សម្លាប់ជន​ដៃដល់ នៅមិនឆ្ងាយប៉ុន្មានពីព្រលានយន្តហោះក្រុង Halifax។

មានមនុស្សស្លាប់យ៉ាងហោង១៦នាក់ ដោយការបាញ់រះនេះ ក្នុងនោះមានស្ត្រីជាសមត្ថកិច្ចនគរបាល​ម្នាក់ផង។ យោងតាមបណ្តាញព័ត៌មានកាណដា បានឲ្យដឹងថា ជនដៃដល់ ឈ្មោះ Gabriel Wortman អាយុ៥១ឆ្នាំ ជាពេទ្យធ្មេញ ដែលមានគ្លីនិកធ្មេញនៅក្រុង​Dartmouth។

លោកស្រី Brenda Lucki ស្នងការនគរបាលជាតិកាណាដា បានលើកឡើងថា ជនដៃដល់ បានពាក់ឯកសណ្ឋាននគរបាល និងបានប្រើរថយន្តនគរបាល បើកធ្វើសកម្មភាពបាញ់រះ។ ដូច្នេះ អំពើនេះ ពិតជាមានគម្រោងការគិតទុកជាមុន។​ តែយ៉ាងណា សមត្ថកិច្ច មិនបានផ្តោតការសង្ស័យ ថាវាអំពើភេរវកម្មនោះឡើយ។ ដោយឡែក បណ្តាញព័ត៌មានវិញ បានលើកឡើងថា សមត្ថកិច្ចកំពុងតែផ្តោតការស៊ើបអង្កេត ទាក់ទិននឹងវិធានការបិទខ្ទប់សកម្មភាពសេដ្ឋកិច្ចទាំងស្រុង ដោយសារ​តែមេរោគកូវីដ១៩។ ជនដៃដល់ ដែលមានគ្លីនិកធ្មេញនេះ អាចមានការខឹងមួរម៉ៅ ចំពោះវិធានាការបិទខ្ទប់នេះ។

អាជ្ញាធរពិសេស តាមដានការងារសមត្ថកិច្ចនគរបាល ក៏បានបើកការស៊ើបអង្កេតដែរ ទាក់ទិននឹង ឯកសណ្ឋាន ព្រមទាំងរថយន្តនគរបាល ដែល​ជនដៃដល់ យកទៅប្រើប្រាស់ ក្នុងពេលធ្វើសកម្មភាព។

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានផ្ញើសាររំលែកទុក្ខជនរងគ្រោះ និងបានថ្កោលទោស​អំពើដ៏ឃោរឃៅនេះ។ គួររំលឹកថា បើប្រៀបធៀបទៅសហរដ្ឋអាមេរិក ដែលមានការ​បាញ់រះ​សម្លាប់មនុស្សសឹងតែមិនលោះថ្ងៃនោះ ការបាញ់រះប្រភេទនេះ ជាករណីកម្រនៅកាណាដា។ យោងតាមតួលេខផ្លូវការ មាន​ប្រជាជនកាណាដាប្រមាណ​២លាននាក់ ដែលកាន់កាប់អាវុធ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានមតិជាច្រើនបានទាមទារ រដ្ឋាភិបាលសហព័ន្ធកាណាដា រៀបចំ​ធ្វើកំណែទម្រង់ ដើម្បីរិតបន្តឹងការកាន់កាប់អាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI